រដ្ឋបាលខេត្តកំពង់ឆ្នាំងប្រារព្វទិវាជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស១២ធ្នូលើកទី១៨


កំពង់ឆ្នាំង÷នាព្រឹកថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២៤ រដ្ឋបាលខេត្តកំពង់ឆ្នាំងប្រារព្វទិវាជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស ១២ ធ្នូ លើកទី១៨ ក្រោមប្រធានបទ “កម្ពុជាប្រឆាំងដាច់ខាតអំពើជួញដូរមនុស្សគ្រប់ទម្រង់ និងគ្រប់មធ្យោបាយ ក្នុងយុគសម័យឌីជីថល” ក្រោមអធិបតីភាព លោកជំទាវ ជូ ប៊ុនអេង រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាអនុប្រធានអចិន្ត្រៃយ៍ នៃគណ:កម្មាធិការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស ។
ដោយមានការអញ្ជើញចូលរួមពី ឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ អភិបាលខេត្ត ជាប្រធានគណ:កម្មាធិការប្រយុទ្ធប្រឆាំងអំពើរជួញដូរមនុស្សខេត្ត ឯកឧត្តម សុីវ រុន ប្រធានក្រុមប្រឹកក្សាខេត្ត និងឯកឧត្តម លោកជំទាវ សមាជិកក្រុមប្រឹក្សាខេត្ត អភិបាលរងខេត្ត ព្រមទាំងថ្នាក់ដឹកនាំមន្ទីរស្ថាប័នជុំវិញខេត្ត និងលោកគ្រូ អ្នកគ្រូសិស្សានុសិស្សជាច្រើននាក់ ។


ឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ ប្រធានគណ:កម្មាធិការប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្សខេត្តបានមានប្រសាសន៍បញ្ជាក់ថា ទិវាជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស ១២ ធ្នូ គឺជាយុទ្ធនាការដ៏ធំមួយ ដែលត្រូវបានប្រារព្ធ ធ្វើឡើង ដើម្បីផ្សព្វផ្សាយការយល់ដឹង អំពីអំពើជួញដូរមនុស្ស ដែលបាន និងកំពុងតែរីកដុះដាល ពីតំបន់មួយទៅតំបន់មួយហើយបាន និងកំពុងតែបំផ្លាញយ៉ាងធ្ងន់ធ្ងរនូវកម្លាំងពលកម្ម និងបញ្ញាញាណ ដ៏មានសក្តានុពល ហើយបង្កើតជាបញ្ហាក្នុងសង្គម និងក្លាយជាឧបសគ្គរារាំងដល់គោលដៅអភិវឌ្ឍន៍ ដ៏មុតស្រួច ដែលកំណត់ក្នុងទស្សនវិស័យនៃយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាល។


ឯកឧត្តមបានបន្តថា កន្លងមកខេត្តបានធ្វើការផ្សព្វផ្សាយច្បាប់ស្តីពីការទប់ស្កាត់ការជួញដូរស្ត្រី និងកុមារ ការទប់ស្កាត់ការជួញដូរ គ្រឿងញៀន អំពើអនាចារ្យ តាមរយៈការផ្សព្វផ្សាយលក្ខណៈសម្បត្តិទាំង ៧យ៉ាង ស្តីពី គោលនយោបាយភូមិ ឃុំ សង្កាត់មានសុវត្ថិភាពបានទូទាំងខេត្តសរុបចំនួន ៧៦៦៨ លើក មានអ្នកចូលរួមចំនួន ២៦០ ៣១៧នាក់ ស្រី១៣៧ ៤៦៧នាក់ ។ បានផ្សព្វផ្សាយនៅ តាមរោងចក្រសហគ្រាស ស្តីពីការជួញដូរ ការកេងប្រវ័ញ្ចកម្លាំងពលកម្មលើស្ត្រី និង
កុមារ និងការធ្វើចំណាកស្រុកដោយខុសច្បាប់របស់ប្រជាពលរដ្ឋ។


មានប្រសាសន៍នៅក្នុងឧកាសនោះ លោកជំទាវ ជូ ប៊ុនអេង មានប្រសាសន៍ថាការប្រារព្ធ «ទិវាជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស» មានគោលបំណងបង្ហាញពីឆន្ទៈមោះមុតរបស់ រាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា ដែលនៅតែបន្តឥតឈប់ឈរ ក្នុងការប្រយុទ្ធប្រឆាំងអំពើ ជួញដូរមនុស្សគ្រប់ទម្រង់ តាមគ្រប់មធ្យោបាយ និងផ្សព្វផ្សាយដល់សាធារណជន អង្គការមិនមែនរដ្ឋាភិបាលជាតិ អន្តរជាតិ វិស័យឯកជន មន្រ្តីរាជការគ្រប់ឋានានុក្រម នៅគ្រប់ក្រសួង-ស្ថាប័ន កងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ ព្រមទាំងបុព្វជិតគ្រប់និកាយសាសនា ប្រជាពលរដ្ឋទូទាំងប្រទេសកម្ពុជាឱ្យមានការយល់ដឹង ដើម្បីសហការចូលរួមបង្ការទប់ស្កាត់ និងបង្រ្កាបបទល្មើសថ្មីៗ លើគ្រប់រូបភាពដែលពាក់ព័ន្ធទៅនឹងអំពើជួញដូរមនុស្សនៅកម្ពុជា។


លោកជំទាវបន្ថែមទៀតថា ការរៀបចំពិធីទិវាជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស គឺជាយុទ្ធនាការដ៏ទូលំទូលាយ សម្រាប់ផ្សព្វផ្សាយការយល់ដឹងអំពើជួញដូរមនុស្ស ផលប៉ះពាល់ និងអំពីកិច្ចខិតខំប្រឹងប្រែង និង ការប្តេជ្ញាចិត្តរបស់រាជរដ្ឋាភិបាល ក្នុងការប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្សប្រចាំឆ្នាំ ក៏ដូចជា វេទិកាអំពាវនាវដល់ជនរួមជាតិ និងសហគមន៍អន្តរជាតិឲ្យចូលរួមសហការគ្នា ដើម្បីការពារសន្តិ សុខ និងសុវត្ថិភាពមនុស្សជាតិពីអំពើជួញដូរមនុស្ស ការកេងប្រវ័ញ្ច និងការរំលោភបំពានគ្រប់រូប ភាព ទៅលើមនុស្ស ទាំងក្មេង ចាស់ បុរស ស្ត្រី និងកុមារ ។


លោកជំទាវ ក៍បានកោតសរសើរចំពោះគ្រប់កិច្ចខិតខំប្រឹងប្រែង របស់ថ្នាក់ដឹកនាំ ខេត្តនិងមន្ត្រីគ្រប់លំដាប់ថ្នាក់ អង្គការមិនមែនរដ្ឋាភិបាលក្នុងស្រុក ព្រមទាំងវិស័យ ឯកជនទាំងឡាយ ដែលតែងបានប្រឹងប្រែងរួមគ្នាជម្នះដោះស្រាយបញ្ហាចំពោះមុខដោយមិនខ្លាច នឿយហត់ ពុះពារប្រឆាំងដាច់ខាតទៅនឹងសកម្មភាពរបស់ឧក្រិដ្ឋជន ស្របទៅតាមទិសដៅនៃ គោលនយោបាយជាតិ និងការប្តេជ្ញាចិត្តរបស់រាជរដ្ឋាភិបាល ។