លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន បន់ស្រន់ចំពោះលោកតាក្រហមក និងបួងសួងថ្វាយគ្រឿងសក្ការៈចំពោះព្រះមហាថេរៈ បុញ្ញានន្ទោសំបុណ្យសាន្ត(លោកឪច័ន្ទ) ដើម្បីសុំសេចក្តីសុខ សន្តិភាព ជូនប្រជារាស្រ្តខ្មែរ និង ពិភពលោក

កំពង់ឆ្នាំងៈនៅថ្ងៃអាទិត្យ ១៣រោច ខែផល្គុន ឆ្នាំខាល ចត្វា
ស័ក ព.ស.២៥៦៦ ត្រូវនិងថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២៣ លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋ
មន្រ្តី រដ្ឋមន្រ្តីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច រួមដំណើរដោយលោកជំទាវវេជ្ជបណ្ឌិត អ៉ឹង កន្ថាផាវី រដ្ឋមន្រ្តីក្រសួងកិច្ចការនារី លោកជំទាវ មាន សំអាន ប្រធានគណៈកម្មាធិការទី៨នៃព្រឹទ្ធសភាព្រមទាំងប្រតិភូ ឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ អភិបាលនៃគណៈអភិបាលខេត្តកំពង់ឆ្នាំង និង លោកជំទាវ លោក សរ លាងប្រធានមន្ទីរធម្មការ និង សាសនាខេត្តកំពង់ឆ្នាំង អាជ្ញាធរដែនដីបានប្រារព្ធពិធីបន់ស្រន់ចំពោះលោកតាក្រហមក និង បួងសួងថ្វាយគ្រឿងសក្ការៈចំពោះព្រះមហាថេរៈ បុញ្ញានន្ទោ សំបុណ្យសាន្ត(លោកឪច័ន្ទ) នៅវារីផាសុខារាមហៅវត្តទឹកជុំ ភូមិទឹកជុំ ឃុំអភិវឌ្ឍន៍ ស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង គោល បំណងដើម្បីសុំសេចក្តីសុខ សន្តិភាព ជូនប្រជារាស្រ្តខ្មែរ និង ពិភពលោក ទៅតាមគន្លងប្រពៃណីព្រះពុទ្ធសាសនា និង ព្រហ្មញ្ញសាសនា ។

លោកជំទាវ កិត្តិសង្គហបណ្ឌិត ម៉ែន សំអន បានបួងសួងសូមឱ្យប្រទេសជាតិជៀសផុតពីគ្រោះរាំងស្ងួត ជំងឺដង្កាត់ផ្សេងៗ និងបានបួងសួងថ្វាយព្រះពរជ័យ ថ្វាយព្រះមហាក្សត្រ ព្រះមហាក្សត្រី សម្តេចម៉ែ សម្តេចយាយ សម្តេចយាយទួត មុនីនាថ សីហនុ និងប្រគេនពរដល់ព្រះសង្ឃគ្រប់ព្រះអង្គនិងជូនពរ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា ថ្នាក់ដឹកនាំ សមាជិក សមាជិកា ព្រឹទ្ធសភា រដ្ឋសភា ព្រមទាំងប្រជាពលរដ្ឋ នៅទូទាំងប្រទេស សូមឱ្យជួបតែសេចក្តីសុខ សន្តិភាព និងសេចក្តីសុខចម្រើនគ្រប់ៗក្រុមគ្រួសារជារៀងរហូតទៅ។

ក្នុងឱកាសនោះ លោកជំទាវ កិត្តិសង្គហបណ្ឌិត ម៉ែន សំអន ក៏បានប្រគេនបច្ច័យ និង ភេសជ្ជៈដល់ព្រះចៅអធិការវត្ត និងបច្ច័យបួនដល់ព្រះសង្ឃក្នុងវត្តផងដែរ៕