ស្វែងយល់ពីត្រីប៉ាសេអ៊ីរស់​នៅ​តែក្នុងទន្លេមេគង្គ

ត្រីប៉ាសេអ៊ីជាប្រភេទត្រីមានស្រកា ហើយមានវត្តមានតែនៅក្នុងទន្លេមេគង្គតែប៉ុណ្ណោះ ដោយឡែកនៅកម្ពុជា វារស់នៅប្រចាំតំបន់មេគង្គលើ ក្នុងខេត្តក្រចេះ (ចាប់ពីតំបន់កាំពីឡើងទៅខេត្តស្ទឹងត្រែង) ស្ទឹងត្រែង និងរតនៈគីរី។ ត្រីប៉ាសេអ៊ីស្ថិតនៅក្នុងអម្បូរ Cyprinidae ហើយមានឈ្មោះវិទ្យាសាស្ត្រ Mekong erythrospila មានប្រវែងវែងបំផុត ៥០សង់ទីម៉ែត្រ និងមានទម្ងន់អាចដល់ ២ គីឡូក្រាម។

វដ្តជីវិត នៃការធ្វើចរាចរចុះឡើងរបស់ត្រីប៉ាសេអ៊ីនៅក្នុងអាងទន្លេមេគង្គព្រះរាជាណាចក្រកម្ពុជា ដោយបញ្ជាក់ថាត្រីនេះធ្វើចរាចរចុះ និងឡើងទៅតាមរដូវកាល នៃរបបទឹកទន្លេ មានន័យថា នៅពេលទន្លេមេគង្គស្រក វាធ្វើចរាចរឡើងពីតំបន់កាំពីតាមដងទន្លេមេគង្គមកដល់ចំណុចប្រសព្វ នៃទន្លេមេគង្គ និងសេកុងក្នុងខេត្តស្ទឹងត្រែង។ ត្រីមួយចំនួនតូចបន្តចរាចរតាមដងទន្លេមេគង្គទៅព្រំប្រទល់ប្រទេសឡាវ និងមួយចំនួនឡើងទៅទន្លេសេកុង រួចបន្តទៅទន្លេសេសាន និងស្រែពក ចាប់ពីខែវិច្ឆិកា ដល់ខែមករា ហើយត្រីភាគច្រើនជាប្រភេទត្រីធំ។ លុះដល់ពេលទឹកទន្លេឡើង វាធ្វើចរាចរចុះពីទន្លេស្រែពក ទៅទន្លេសេសាន រួចបន្តទៅទន្លេសេកុង ហើយចុងក្រោយចុះទៅទន្លេមេគង្គ គឺចាប់ពីខែឧសភា ដល់ខែមិថុនា ដែលពេលនេះត្រីភាគច្រើនត្រីតូចជាងពេលធ្វើចរាចរឡើង ហើយត្រីនេះធ្វើចរាចរជាហ្វូង ជាមួយត្រីប៉ាភៀន ត្រីប៉ាវ៉ាមុខមួយ ត្រីក្អែក ត្រីកញ្ជ្រូក…។

ពាក់ព័ន្ធនឹងលក្ខណៈជីវសាស្រ្តរបស់ត្រីប៉ាសេអ៊ី  ត្រីប្រភេទនេះរស់នៅកន្លែងដែលមាន ផ្ទាំងថ្ម អន្លង់ និងទឹកជួរ ដូចជានៅទន្លេសេសាន និងទន្លេស្រែពក ជាពិសេសនៅតំបន់ស្ពានស្រែពក នៃខេត្តស្ទឹងត្រែង។ ហើយចំណីរបស់វាគឺ ស្លែ រុក្ខជាតិប្លង់តុង និងសត្វប្លង់តុង។ ត្រីប៉ាសេអ៊ីអាចពងកូន នៅខែមិថុនា ដល់ខែសីហា ដូចនេះហើយបានជាត្រីដែលចាប់បាននៅខែវិច្ឆិកា ដល់ខែមករា មានខ្លាញ់ច្រើននៅក្នុងពោះរបស់វា ហើយលក្ខណៈសម្គាល់ខ្លះៗរបស់វា មានដូចជា ព្រុយខ្នងពុំមានទ្រនុងរឹង ហើយទ្រនង់ទន់មានទាំងអស់ចំនួន ១០ទ្រនង់ គ្មានពុកមាត់ គ្មានរន្ធច្រមុះលើ ដោយឡែកបបូរមាត់លើ គ្របលើបបូរមាត់ក្រោម ដោយតភ្ជាប់ជាមួយស្បែក នៃក្តោងច្រមុះ ហើយបបូរមាត់ក្រោមមានរាងមូល។

ត្រីប៉ាសេអ៊ី មានរសជាតិឆ្ងាញ់ នេះបើតាមការឱ្យដឹង ពីអ្នកដែលធ្លាប់ពិសា ហើយភាគច្រើនគេយកទៅស្ងោរជ្រក់។ មួយចំនួនតូចប៉ុណ្ណោះដែលគេយកទៅអាំង និងចំហុយ។  អ្នកខ្លះគេយកទៅធ្វើផ្អក ទុកហូប ឬលក់បន្ត។ មូលហេតុចំបងនៃការនិយមយកត្រីប៉ាសេអ៊ីទៅស្ងោរជ្រក់ ព្រោះថា បន្ទាប់ពីស្ងោរជ្រក់ហើយ ទឹកនឹងមានពណ៌ក្រហម ប្រៀបដូចជាការស្ងោរបង្កងហូបដូច្នោះដែរ។

ត្រីប៉ាសេអ៊ី ស្ថិតក្នុងបញ្ជីក្រហម ដែលមានចំណាត់ថ្នាក់ជិតរងគ្រោះថ្នាក់ (Near Threatened) របស់អង្គការសហភាពអន្តរជាតិដើម្បីការអភិរក្សធម្មជាតិ IUCN (International Union for Conservation of Nature) ហើយត្រីនេះត្រូវបានចុះបញ្ជីឧបសម្ព័ន្ធ១ ដែលជាពពួកត្រីស មានដូចជាត្រីគល់រាំង ត្រីរាជ ត្រីខ្លា ត្រីឆ្ពិនមាស ត្រីក្អែក ត្រីកញ្ជ្រូក ។ល។ ហើយត្រូវកំណត់ជាប្រភេទធនធានជលផល កំពុងរងគ្រោះថ្នាក់ យោងតាមអនុក្រឹត្យលេខ ១២៣ អនក្រ.បក. ចុះថ្ងៃទី១២ ខែសីហា ឆ្នាំ២០០៩ ស្តីពីការកំណត់ប្រភេទផល ផលិតផលជលផលដែលកំពុងរងគ្រោះថ្នាក់៕