ប៉ូលិសថៃចាប់ខ្លួនអ្នកបើកបរនិងកំណត់អត្តសញ្ញាណជនរងគ្រោះនៃការឆេះរថយន្តដឹកសិស្សសាលាដែលបានសម្លាប់មនុស្ស២៣នាក់
ប៉ូលិសថៃបានចាប់ខ្លួនអ្នកបើកបររថយន្តដឹកសិស្សក្មេងៗនិងគ្រូបង្រៀនដែលបានឆេះភ្លើងហើយបានសម្លាប់មនុស្ស២៣នាក់នៅជាយក្រុងបាងកក នៅពេលដែលក្រុមគ្រួសារបានទៅដល់រាជធានីកាលពីថ្ងៃពុធដើម្បីជួយកំណត់អត្តសញ្ញាណមនុស្សជាទីស្រឡាញ់របស់ខ្លួន។ នេះបើតាមសេចក្តីរាយការណ៍របស់ទីភ្នាក់ងារសារព័ត៌មាន AP។
រថយន្តBusមួយគ្រឿងដែលបានដឹកគ្រូបង្រៀន ៦នាក់និងសិស្សបឋមសិក្សានិងមធ្យមសិក្សាចំនួន៣៩នាក់បានធ្វើដំណើរពីខេត្តUthai Thani ដែលស្ថិតនៅចម្ងាយប្រហែល៣រយគីឡូម៉ែត្រភាគខាងជើងរាជធានីបាងកកសម្រាប់ការធ្វើដំណើររបស់សាលារៀននៅក្រុង Ayutthaya និងខេត្ត Nonthaburi កាលពីថ្ងៃអង្គារ។ អគ្គីភ័យបានចាប់ផ្តើមខណៈដែលរថយន្ត Bus នោះបានស្ថិតនៅផ្លូវ Highway នៅភាគខាងជើងរាជធានីហើយបានរាលដាលយ៉ាងរហ័សដែលមិនអាចធ្វើឱ្យគេចខ្លួនបាន។
លោកTrairong Phiwpan ប្រធានការិយាល័យកោសល្យវិច័យរបស់ប៉ូលិសបាននិយាយថាសាកសពមនុស្ស២៣នាក់បានត្រូវយកចេញពីរថយន្ត Busនោះ។ ការងារស្វែងរកនិងការបញ្ជាក់នៃចំនួនសរុបមនុស្សស្លាប់បានត្រូវពន្យាពេលកាលពីដំបូងពីព្រោះតែរថយន្តឆេះខ្ទេចដែលមកពីការប្រើឧស្ម័នធម្មជាតិ នៅក្តៅខ្លាំងពែកដែលត្រូវចំណាយពេលរាប់សិបម៉ោង។
ក្រុមគ្រួសារត្រូវបានគេដឹកតាមរថយន្តVanពីខេត្ត Uthai Thani ទៅកាន់មន្ទីរកោសលវិច័យនៅឯមន្ទីរពេទ្យធំរបស់ប៉ូលិសនៅក្នុងក្រុងបាងកកកាលពីថ្ងៃពុធដើម្បីផ្តល់សំណាក DNA របស់ពួកគេសម្រាប់ដំណើការកំណត់អត្តសញ្ញាណ។ លោក Kornchai Klaiklung ជំនួយការប្រធានប៉ូលិសថៃបានប្រាប់ពួកអ្នកយកព័ត៌មានថាក្រុមកោសលវិច័យបានធ្វើការយ៉ាងឆាប់រហ័សទៅតាមដែលខ្លួនអាចធ្វើបានដើម្បីកំណត់អត្តសញ្ញាណជនរងគ្រោះ។
អ្នកបើកបររថយន្តដែលត្រូវបានកំណត់អត្តសញ្ញាណដោយប៉ូលិសថា Saman Chanput បានចូលសារភាពកាលពីរសៀលថ្ងៃអង្គារប៉ុន្មានម៉ោងបន្ទាប់ពីអគ្គីភ័យនោះ។ ប៉ូលិសបាននិយាយទៀតថាពួកគេបានចោទប្រកាន់អ្នកបើកបររថយន្តនោះពីការបើកបរធ្វេសប្រហែសដែលបណ្តាលឱ្យមនុស្សស្លាប់និងរងរបួស ខកខានមិនបានបញ្ឈប់ដើម្បីជួយមនុស្សផ្សេងទៀតនិងខកខានមិនបានរាយការណ៍ពីគ្រោះថ្នាក់នេះ។
អ្នកបើកបរនោះបានប្រាប់ពួកអ្នកស៊ើបអង្កេតថាលោកបានបើកបរធម្មតារហូតទាល់រថយន្តដឹកសិស្សសាលានោះឃ្លីងឃ្លោងដោយសារកង់ស្តាំខាងមុខរបស់វា បានបុករថយន្តមួយគ្រឿងទៀតនិងកៀររបាំងបេតុងផ្លូវ Highway ដែលបានបណ្តាលឱ្យមានភ្លើងឆេះ។ នេះបើតាមលោក Chayanont Meesati អនុប្រធានប៉ូលិសប្រាប់ពួកអ្នកយកព័ត៌មាន៕