ស្តេច​សៀ​ក​ស្រុក​ខ្មែរ ​លោកតា​ ចៅ​ ហ្វាទទួល មរណភាព​ក្នុង​ជន្មាយុ​៩១​ឆ្នាំ

រាជធានីភ្នំពេញ ៖ ស្តេច​សៀ​ក​ក្នុងស្រុក​ខ្មែរ​ លោក ចៅ ហ្វា បាន​ទទួលមរណភាព​ហើយ ​នៅ​ថ្ងៃ​ទី​៩ ខែតុលា ឆ្នាំ​២០២៤ នេះ ​ក្នុង​ជន្មាយុ​៩១​ឆ្នាំ ដោយសារ​ដាច់​ស​រសៃ​ឈាម​ក្នុង​ខួរក្បាល ខណៈ​ពេល​ដែល​លោក​បាន​ពើបប្រទះ​នូវ​ជំងឺ​មួយ​ចំនួន​ទៀត ​បូក​រួម​នឹង​ភាព​ចាស់ជរា​ផង​ដែរ ។

យោង​តាម​ការ​ប្រកាស​ពី​ក្រុម​ដំណើរ​ខ្មែរលើ​បណ្តាញ​សង្គម​បាន​ឲ្យ​ដឹង​ថា លោក​ព្រឹទ្ធាចារ្យ ចៅ ហ្វា បិតា​សៀ​ក​រហ័ស​សកម្ម​ខ្មែរ និង​ជា​ផលិតករ​ខ្សែភាពយន្ត​រឿង វាសនា​បុប្ផា​កម្ពុជា​ក្រោម ឆ្នាំ​១៩៧៤ បាន​ទទួល មរណភាព​នៅ​ព្រឹក​ថ្ងៃ​ទី​៩ ខែតុលា ឆ្នាំ​២០២៤ ក្នុង​ជន្មាយុ ៩១​ឆ្នាំ ដោយ​ឧ​ប​ទេវ​ហេតុ​ដួល​ដាច់​សរសៃ ឈាម​ខួរក្បាល​កាលពី​ព្រលឹម​ថ្ងៃ​ទី​៨ ខែតុលា ឆ្នាំ​២០២៤​។

សព​របស់​លោកតា​នឹង​ធ្វើបុណ្យ​តាម​គន្លង​ប្រពៃណី​នៅ​គេហដ្ឋាន​របស់​លោក ចៅ ពុទ្ធ​តារា កូនប្រុស​បង្កើត​របស់​លោក​ក្នុង​បុរី​លឹ​ម​ឈៀង​ហាក់ ចម្ការ​ដូង រាជធានី​ភ្នំពេញ​។

បើ​តាម​ក្រុម​ដំណើរ​ខ្មែរ​លោក​ព្រឹទ្ធាចារ្យ ចៅ ហ្វា មានស្រុក​កំណើត​នៅ​ទឹកដី​ខ្មែរ​កម្ពុជា បាន​ប្រឡូក​ក្នុង​វិស័យ​សិល្បៈ​សៀ​ក​តាំងពី​ដើម​ទស​វត្ស​៥០ ដោយ​មាន​ទេព​កោ​ល​ស្យ​ខ្ពស់ និង​ប៉ិន​ប្រសប់​ ។

តាំងពី​សម័យ​សង្គមរាស្ត្រនិយម មហាជន​ខ្មែរ​ស្គាល់ឈ្មោះ​លោកតា​យ៉ាង​ច្បាស់ដោយ​ធ្លាប់​ឃើញ​លោក តា​សម្តែង​លើ​ឆាក​សិល្បៈ​នៃ​ពិធី​សមាជជាតិ និង​ពិធីបុណ្យ​ទាន​ផ្សេង​ៗ​នៅ​ទូ​ទាំង​ប្រទេស​។ នៅ​ឆ្នាំ​១៩៧៤ លោក​ព្រឹទ្ធាចារ្យ បាន​កសាង​ខ្សែភាពយន្ត​មួយ​រឿង វាសនា​បុប្ផា​កម្ពុជា ដោយ​បាន​បញ្ចូល​ឈុត​ឆាក​សៀ​ក​រហ័ស​សកម្ម​ដ៏​រស់​រវើក​របស់​លោកតាបញ្ចូល​ក្នុង​ខ្សែភាពយន្ត​ផង​ដែរ​។

ជា​ការ​កត់សម្គាល់​នៅ​មុន​ទទួលមរណភាព​នា​ពេល​នេះ​ស្តេច​សៀ​កជើង​ចាស់​លោក ចៅ ហ្វា បាន​ជួប​នូវ​ឧ​បទ្ទ​ហេតុ​ដួល​បាក់ឆ្អឹង​ជើង ត្រូវ​បាន​ក្រុម​គ្រួសារ​បញ្ជូន​ទៅ​ព្យាបាល​នៅ​ក្នុង​មន្ទីរពេទ្យ​កាលពី​ពេល​ថ្មី​ៗ​នេះ ។

លោក ចៅ ហ្វា គឺជា​អ្នក​សិ​ល្បះ​ផ្នែក​សៀ​ក​រហ័ស​សកម្ម​ដែល​មាន​ភាព​ល្បីល្បាញ​តាំងពី​ឆ្នាំ​១៩៦០ រហូត​ដល់​ឆ្នាំ​២០០០ ហើយ​លោក​ធ្លាប់​ទទួល​ការ​លើក​ស​សើរ​ពី​ព្រះមហាក្សត្រ និង​ថ្នាក់ដឹកនាំ​ជា​ច្រើន​ផង​ដែរ ។

មុន​ទទួលមរណភាព​ស្តេច​សៀ​ក​ចៅ​ហ្វា បាន​រស់នៅ​ក្នុង​ជីវភាព​សម​ញ្ញ​មួយ​ក្នុង​រាជធានី​ភ្នំពេញ ដោយ​មិន​បោះបង់​ចោល​អាជីព​សម្តែង​សៀ​ក​របស់​គាត់​ទាំងស្រុង​ទេ ។

លោក​ធ្លាប់​បាន​បញ្ជាក់​ថា លោក​ចាត់​ទុក​អាជីព​សៀ​ក​ជា​ឆ្នាំងបាយ​យ៉ាង​សំខាន់​ក្នុង​ជីវភាព​រស់នៅ​ប្រចាំ​ថ្ងៃ​របស់​គាត់ ប៉ុន្តែ​មាន​មូលហេតុ​ខ្លះ​ដែល​បណ្តាល​ឲ្យ​គាត់​ស្ទើរតែ​លះបង់​អាជីព​មួយ​នេះ នោះ​គឺ​គ្មាន​ឱកាស​សម្តែង ។

ដោយឡែក​ ក្រៅពី​អាជីព​សៀ​ក បច្ចុប្បន្ន​លោក ចៅ​ហ្វា ក៏​ជា​គ្រូខ្មែរ​ទទួល​ព្យាបាល​ជំងឺ​ផ្សេង​ៗ ប៉ុន្តែ​ដ្បិត​ជា​គ្រូខ្មែរ លោក​តែង​បដិសេធ​មិន​ទទួល​ការ​ព្យាបាល​អ្នកជំងឺ​ណា ​ដែល​មិន​ទៅ​ពិនិត្យ​ព្យាបាល​នៅ​មន្ទីរពេទ្យ​ជា​មុន​នោះ​ទេ ៕​