ក្នុងដំណាក់កាលទី១អគ្គស្នងការដ្ឋាននគរបាលជាតិ សម្រេចលុបទិន្នន័យរថយន្ដ និងម៉ូតូ ពាក់ផ្លាកលេខនគរបាលចេញពីបញ្ជីចំនួន១,៩៤៧គ្រឿង
ភ្នំពេញ ៖ តាមសេចក្ដីសម្រេចរបស់នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នង ការនគរបាលជាតិ នៅថ្ងៃតី១៧ ខែ តុលា ឆ្នាំ២០២៤ រថយន្ដ និងម៉ូតូពាក់ផ្លាកលេខនគរបាល ដែលចុះបញ្ជីគ្រប់ គ្រងដោយនាយកដ្ឋាននគរបាលចរា ចរណ៍ និងសណ្ដាប់ធ្នាប់សាធារណៈ ចំនួន១,៩៤៧គ្រឿង ត្រូវបាលុបចេញ ពីបញ្ជីសម្រាប់ដំណាក់កាលទី១។
ក្នុងសេចក្ដីសម្រេចនោះ នាយឧត្តមសេនីយ៍ ស ថេត បានបញ្ជាក់ថា «ត្រូវបានលុបទិន្នន័យចេញពីបញ្ជីគ្រប់គ្រងយានយន្ត ដែលបំពាក់ផ្លាកលេខនគរបាលជាតិ ដំណាក់កាលទី១ សរុបចំនួន១,៩៤៧គ្រឿង (រថយន្តទេសចរណ៍ ១,១៣៩គ្រឿង រថយន្តដឹកទំនិញធុនស្រាល១៦២គ្រឿង និងទោចក្រយានយន្ត ៦៤៦គ្រឿង) ដែលមាននៅក្នុងបញ្ជីតារាងឧបសម្ព័ន្ធ លេខ៦៦៧ន.ច.សចុះថ្ងៃទី០២ ខែកញ្ញា ឆ្នាំ២០២៤ របស់នាយកដ្ឋាននគរបាល់ចរាចរណ៍ និងសណ្ដាប់ ធ្នាប់សាធារណៈ»។
សូមរម្លឹកថា ក្នុងពិធីអបអរសាទរខួប ៣០ឆ្នាំ នៃថ្ងៃបង្កើតកងពលតូចលេខ ៧០ នៅថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២៤ កន្លងទៅនេះ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានណែនាំជាថ្មីឲ្យពង្រឹងការគ្រប់គ្រងយានយន្ដ ដែលប្រើប្រាស់ផ្លាកលេខនគរបាល និងខេមរភូមិន្ទក្រោយមើលឃើញថា យានយន្ដមួយចំនួនប្រើប្រាស់ខុសពីគោលការណ៍ច្បាប់កំណត់៕