ផ្លូវពីរាជធានីឧដុង្គ ឆ្ពោះទៅកំពង់ផែសមុទ្រកំពត នាសតវត្សរ៍ទី១៩ និងដើមសតវត្សរ៍ទី២០
ផ្លូវអង្គដួង គឺជាផ្លូវដ៏សំខាន់តែមួយ គត់សម្រាប់ការធ្វើដំណើរនាសតវត្សរ៍ទី១៩ និងដើមសតវត្សរ៍ទី២០ ពីរាជធានីឧដុង្គឆ្ពោះទៅកំពង់ផែសមុទ្រតែមួយគត់របស់កម្ពុជា គឺកំពង់ផែកំពត។
សក្ខីកម្មជាជនជាតិអុឺរ៉ុបដ៏សំខាន់មួយរូបដែលធ្លាប់ធ្វើដំណើរឆ្លងកាត់តាមផ្លូវនេះ គឺរុក្ខវិទូជនជាតិបារាំង ឈ្មោះលោក ហង់រី មូហូត៍ (Henri Mouhot) ដែលបានធ្វើដំណើររុករកស្រាវជ្រាវមកដល់ប្រទេសកម្ពុជានៅពាក់កណ្តាលឆ្នាំ១៨៥៩។
តាមសៀវភៅកំណត់ហេតុនៃការធ្វើដំណើរផ្សេងព្រេងស្រាវជ្រាវរុករករបស់លោក ហង់រី មូហូត៍ គាត់បានអះអាងថារូបគាត់បានជូបព្រះបាទអង្គដួងនៅកំពតដោយចៃដន្យ នៅគ្រាដែលព្រះអង្គនឹងពលសេនាយាងទៅក្រសាលនៅកំពត។
នៅពាក់កណ្តាលឆ្នាំ១៨៥៩ លោក ហង់រី មូហូត៍ បានចេញដំណើរពីកំពតឆ្ពោះមក រាជធានីឧដុង្គ ដើម្បីចូលថ្វាយបង្គំគាល់ព្រះបាទអង្គដួង ដូចតាមការសន្យារបស់គាត់ចំពោះព្រះបាទអង្គដួង នៅគ្រាដែលព្រះអង្គយាងមកក្រសាលនៅកំពត និងដើម្បីសុំព្រះរាជលិខិតអនុញ្ញាតិពីព្រះអង្គសម្រាប់ការធ្វើដំណើររុករកស្រាវជ្រាវនៅប្រទេសកម្ពុជាផង។
ការធ្វើដំណើរឆ្លងកាត់ផ្លូវដ៏លំបាក ដោយថ្មើរជើងផង ជិះរទេះគោក្របីផង និងជិះដំរីផង លោក ហង់រី មូហូត៍ ត្រូវចំណាយពេលអស់ជិតមួយសប្តាហ៍ទើបអាចមកដល់រាជធានីឧដុង្គ។ លោក ហង់រី មូហូត៍ គាត់បានសរសេររៀបរាប់អំពីការធ្វើដំណើរដ៏លំបាកមួយនេះយ៉ាងក្បោះក្បាយ។
ប្រសិនបើយើងធ្វើដំណើរឆ្លងកាត់ទីរួមស្រុកជុំគីរី ខេត្តកំពត ហើយសួរអ្នកស្រុកអ្នកភូមិដែលរស់នៅទីនោះ គាត់អាចនឹងប្រាប់ថា ផ្លូវណាមួយដែលហៅថាផ្លូវអង្គដួង ជាក់ជាមិនខានឡើយ។ កាលពីខែមេសា ឆ្នាំ២០០៤ ខ្ញុំមានវាសនាបានចុះទៅតំបន់នោះចំនួន៤ដង ហើយតែងតែបានឆ្លងកាត់តាមផ្លូវបុរាណមួយនេះ ដែលអ្នកស្រុកហៅថាផ្លូវអង្គដួង។ កាលណោះ ជាផ្លូវសម្បូរដោយល្បាប់ដីខ្សាច់ពិបាកសម្រាប់ឡានម៉ូតូបើកបរ ហើយមានដុះអមសង្ខាងផ្លូវដោយដើមឈើធំៗ និងព្រៃឬស្សី។ មិនភ្លេចទេកាលគ្រានោះដោយសារតែស្ថានភាពផ្លូវពិបាកធ្វើដំណើរខ្លាំងពេក មិនអាចបន្តដំណើរបាន ខ្ញុំត្រូវស្នាក់នៅអស់មួយយប់ក្នុងទីអារ៉ាមដ៏តូចមួយនៅក្បែរជើងភ្នំដំរីរមៀល។
បច្ចុប្បន្នផ្លូវបុរាណសម្រាប់ធ្វើដំណើរពីឧដ្តុង្គ ទៅកំពត គឺជាផ្លូវជាតិប្រភេទផ្លូវក្រាលកៅស៊ូ ចំណុចចេញពីផ្លូវជាតិលេខ៥ ត្រង់ស្រុកឧដ្តុង្គ ខេត្តកំពង់ស្ពឺ ឆ្លងកាត់ផ្លូវជាតិលេខ៤ ត្រង់ចំណុចថ្នល់ទទឹង ហើយកាត់តាមស្រុកគងពិសី និងស្រុកជុំគីរី ហើយភ្ជាប់ទៅផ្លូវជាតិលេខ៣។ ផ្លូវជាតិមួយនេះ មួយភាគធំគឺធ្វើតាមតម្រាយនៃផ្លូវអង្គដួង។