តើពិតដែរឬទេ លោក ឈុន សុភមង្គលមេគយខេត្តឧត្ដរមានជ័យនៅតែបន្តត្រូវរ៉ូវឲ្យឈ្មួញនាំចូលទំនិញគេចពន្ធតាមរូបមន្តចាស់បានជោគជ័យបន្តទៀត ?
ឧត្តរមានជ័យ៖ ប្រភពដែលស្និទ្ធនឹងមេគយច្រកជប់គគីរ បានឲ្យដឹងថា ប្រធានការិយាល័យគយ ចល័តច្រកជប់គគីរ កំពុងតែសុខកាយសប្បាយ ចិត្ត រីកថ្លើមឃុបឃិតឲ្យឈ្មួញនាំចូលទំនិញ គេចពន្ធ ប្រេងសាំងគេចពន្ធ និងទំនិញបង់ពន្ធមិនគ្រប់ចូលយ៉ាងគគ្រឹកគគ្រេងពេញបន្ទុក ។
ប្រភពខាងលើបានឲ្យដឹងទៀតថា ការដែលប្រធានការិយាល័យគយច្រកជប់គគីរ ហ៊ានឃុបឃិតឲ្យឈ្មួញនាំចូលទំនិញគេចពន្ធ ប្រេងសាំងគេចពន្ធ និងទំនិញបង់ពន្ធមិនគ្រប់យ៉ាងពេញបន្ទុកបែបនេះគឺដោយសារមានការឃុបឃិតគ្នា និងបើកដៃពីសំណាក់លោក ឈុន សុភមង្គល ប្រធានសាខាគយខេត្តឧត្ដរ មានជ័យ តែម្តង។
លោក ឈុន សុភមង្គល ប្រធានសាខាគយខេត្តឧត្ដរមានជ័យ បានឃុបឃិតជាមួយមន្ត្រីគយចល័តក្នុងខេត្ត ដើម្បីប្រមូលលុយចែកគ្នាធ្វើមានធ្វើបានយ៉ាងសុខស្រួលដោយគ្មានញញើតអ្វីឡើយ ដែលសកម្មភាពនេះត្រូវបានគេចាត់ទុកថាជាការអនុវត្តន៍តាមរូបមន្តចាស់ ដែលធ្វើទៅទទួលបានជោគជ័យរៀងមកតាមបណ្តាខេត្តដែលលោក ឈុន សុភមង្គល ធ្លាប់ធ្វើជាប្រធានសាខាគយកន្លងមក។
ដោយឡែកប្រភពផ្សេងមួយទៀតដែលស្និទ្ធនឹងលោក ឈុន សុភមង្គល បានបញ្ជាក់ថា បច្ចុប្បន្ន លោក ឈុន សុភមង្គល តែងតែប្រើប្រាស់ឈ្មោះមេគយគ្រាក់ៗ ធំៗ ក្នុងអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា ដើម្បីការពារទង្វើរបស់ខ្លួនហើយគាបសង្កត់យ៉ាងខ្លាំងទៅលើមន្ត្រីក្រោមឱវាទ។
ប្រភពពីមន្ត្រីនៅច្រកទ្វារអន្តរជាតិអូរស្មាច់ ក្រុងសំរោង ខេត្តឧត្ដរមានជ័យ បានឲ្យដឹងថា បច្ចុប្បន្នឈ្មួញធំៗមួយចំនួននៅតែបន្តនាំចូលទំនិញគេចពន្ធ ទំនិញបង់ពន្ធមិនគ្រប់ និងទំនិញខុសច្បាប់ព្រោះមានការឃុបឃិតបើកដៃពីសំណាក់លោក គួន សុភាព ដែលជាប្រធានការិយាល័យគយច្រកទ្វារអន្តរជាតិអូរស្មាច់។ បើតាមប្រភពដែលស្និទ្ធនឹងលោក គួន សុភាព មេគយច្រកអូរស្មាច់ បានបង្ហើបឲ្យដឹងថា ការដែលលោក គួន សុភាព ហ៊ានធ្វើអ្វីៗតាមអំពើចិត្ត គឺដោយសារមានការសម្របសម្រួលពីសំណាក់លោក ឈុន សុភមង្គល ប្រធានសាខាគយខេត្តឧត្តរមានជ័យ ផងដែរទើបអ្វីៗអាចប្រព្រឹត្តទៅដោយរលូន។មន្រ្តីគយក្នុងខេត្តឧត្ដរមានជ័យ មួយចំនួនបានបង្ហើបឲ្យដឹងថា លោក ឈុន សុភមង្គល កំពុងយកមេរៀននៃអំពើពុករលួយកាលនៅធ្វើជាប្រធានសាខាគយខេត្តបាត់ដំបង មកអនុវត្តន៍នៅក្នុងខេត្តឧត្ដរមានជ័យ ដោយគ្មានញញើតអ្វីទាំងអស់ព្រោះអាចមានខ្នង បង្អែកយ៉ាងរឹងមាំ។
ចំណែកប្រភពពីមន្ត្រីពាក់ព័ន្ធនៅច្រកទ្វារអន្តរ ជាតិជាំ ស្រុកអន្លង់វែង ខេត្តឧត្ដរមានជ័យ បានបង្ហើបឲ្យដឹងថា ទំនិញដែលឈ្មួញធំៗនាំចូលពីប្រទេសថៃ តាមច្រកនេះគឺបង់ពន្ធត្រឹម២៥ទៅ៣០ភាគរយប៉ុណ្ណោះ ហើយក្រៅពីនេះគឺឈ្មួញឃុបឃិតបែងចែកផលប្រយោជន៍លើតុក្រោមតុជាមួយមន្ត្រីគយពុករលួយ។ ប្រភពបានឲ្យដឹងទៀតថា ការដែលប្រធានការិយាល័យគយនៅច្រកទ្វារអន្តរជាតិជាំ ហ៊ានធ្វើអ្វី តាមអំពើចិត្តគឺមានការឃុបឃិតបើកដៃពីសំណាក់លោក ឈុន សុភមង្គល ប្រធានសាខាគយ ខេត្តឧត្ដរមាន ជ័យ ដែលកំពុងល្បីល្បាញខាងប្រព្រឹត្តអំពើពុករលួយ។
ដោយឡែកមន្ត្រីនៅច្រកជប់គគីរ ស្រុកបន្ទាយអំពឹល ខេត្តឧត្ដរមានជ័យ ក៏បានឲ្យដឹងដែរថា ចាប់តាំងពីលោក ឈុន សុភមង្គល ទទួលបានតំណែងជាប្រធានសាខាគយខេត្តឧត្ដរមានជ័យ រួចមកគឺឈ្មួញនាំចូលទំនិញគេចពន្ធ ប្រេងសាំងគេចពន្ធ តាមច្រកជប់គគីរ កាន់តែច្រើនឡើងៗ។
ពាក់ព័ន្ធករណីខាងលើនេះ អង្គភាពសារព័ត៌ មានយើងមិនអាចសុំការបកស្រាយណាមួយពី លោក ឈុន សុភមង្គល បាននៅឡើយទេ ដោយគ្មានលេខទូរស័ព្ទទំនាក់ទំនង ។
ករណីនៃការលើកឡើងតាមប្រភពនានាពាក់ ព័ន្ធនិងសកម្មភាពអនុវត្តតាមរូបមន្តចាស់របស់លោក ឈុន សុភមង្គល ប្រធានសាខាគយខេត្តឧត្តរមានជ័យនេះលោក អួន ព័ន្ធមុនីរ័ត្ន រដ្ឋមន្ត្រី ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ គួរមានវិធានការមិនគួរបណ្ដែតបណ្ដោយឲ្យលោក ឈុន សុភ មង្គល ប្រធានសាខាគយខេត្តឧត្ដរមានជ័យ កំពុងឃុបឃិតឲ្យមេគយច្រកអូរស្មាច់ និងច្រកជាំ ធ្វើអ្វីៗតាមអំពើចិត្តបែបនេះ ដែលនាំឲ្យខាតបង់ចំណូលថវិកាជាតិយ៉ាងខ្លាំង។