វប្បធម៌ចែករំលែក របស់ចែអូន មានឥទ្ធិពលការពារជំនួញឈើរបស់ខ្លួនកក្រើកស្រុកវាលវែង …?
ពោធិ៍សាត់៖សេចក្តីរាយការណ៍បានឲ្យដឹងថាបច្ចុប្បន្ននេះ ឈ្មួញឈើដុះស្លែឈ្មោះចែអូននៅតែបន្តរកស៊ីដឹកជញ្ជូនឈើមូលមកសំបកមិនទានគ្រប់អាយុយ៉ាងកក្រើក ក្នុងខេត្តពោធិសាត់។
ប្រភពខាងលើបានឲ្យដឹងទៀតថា អ្នកកាប់ឈើបាននាំគ្នាចូលកាប់ឈើធ្វើសកម្មភាពតាមមុខសញ្ញារៀងៗខ្លួន ដែលក្នុងនោះគេរាយការណ៍ថា ចែអូន ជាអ្នកដែលប្រមូលទិញ ឈើបកសម្បកផ្តាច់មុខនៅចំណុចតាំងយ៉ ភូមិស្ទឹងថ្មី ឃុំប្រមោយ ស្រុកវាលវែង ខេត្តពោធិ៍សាត់ ។ នៅលើទឹកដីនេះ គ្មាននរណាហ៊ានទិញឈើបកសម្បក ដូចចែអូន ទេ សកម្មភាពជំនួញឈើបកសំបករបស់ចែអូនវាហាក់ បីដូចជាទទួលបានសិទ្ធិផ្តាច់មុខក្នុងការទិញឈើបកសម្បកនេះយ៉ាងអញ្ជឹង ព្រោះគេសង្កេតឃើញថាពុំមានសមត្ថកិច្ចពាក់ព័ន្ធណាមួយចេញមកទប់ស្កាត់ និងបង្ក្រាបឲ្យមានប្រសិទ្ធិភាពឡើយ។
សេចក្តីរាយការណ៍បានឲ្យដឹងទៀតថា ចែអូន ឈរជើងយ៉ាងរឹងមាំនៅចំណុចតាំងយ៉ ស្ថិតនៅក្នុងស្រុកវាលវែង ដែលគ្មាននរណាអាចរកស៊ីរបរដូចគ្នានៅក្បែរបានឡើយ ។ ប្រភពអះអាងថា នៅលើទឹកដីស្រុកវាលវែង ជំនួញឈើបកសំបកដែលជាឈើមិនទាន់គ្រប់អាយុត្រូវបានកាប់បំផ្លាញយ៉ាងរង្គាល ហើយមានតែចែអូនតែម្នាក់ប៉ុណ្ណោះ ដែលជាអ្នកមានសិទ្ធិទិញឈើបកសម្បក ។
តាមប្រភពដដែលបានឲ្យដឹងទៀតថាឈ្មួញឈើល្បីឈ្មោះដុះស្លែ ចែអូន ធ្លាប់ត្រូវបានសមត្ថកិច្ចជំនាញហៅឲ្យទៅធ្វើកិច្ចសន្យាបញ្ឈប់ការទិញឈើបកសម្បកនេះនាពេលកន្លង ទៅ ។ ប៉ុន្តែទោះយ៉ាងណាក្តីកិច្ចសន្យារវាងចែអូន និងសមត្ថ កិច្ចមានតែលើក្រដាសប៉ុណ្ណោះគ្មានបានការឡើយ ។
បច្ចុប្បន្ននេះក្នុងខេត្តពោធិសាត់ សមត្ថកិច្ចបានរិតបន្តឹងចំពោះចំពោះការដឹកជញ្ជូនឈើគ្រប់ប្រភេទយ៉ាងណក៏ដោយ គេនៅសង្កេតឃើញចែអូននៅតែអាចដឹកឈើចេញពីស្រុកវាលវែងឆ្ពោះទៅរាជធានីភ្នំពេញជារៀងរាល់យប់បានដោយរលូនខណៈប្រភពបានឲ្យដឹងថា ចែអូន បានរៀបចំរត់ការជាប្រព័ន្ធអស់ហើយ ដោយបង់លុយឲ្យសមត្ថកិច្ចពាក់ព័ន្ធដែលឈរជើងតាមគោលដៅ និងដងផ្លូវគ្រប់កន្លែងអស់ហើយ ។
មហាជនដែលដឹងរឿងនិងតសមដានដំណើររកស៊ីដឹកជញ្ជូន ឈើខុសច្បាប់របស់ចែអូនបានលើកឡើងថាសកម្មភាបជំនួញ ឈើយ៉ាងរលូនរបស់ចែអូន ជោគជ័យមួយនៃរបររកស៊ីរបស់ ហើយវាក៏ជាមោទនភាពនៃក្រុមមន្ត្រីមួយចំនួនក្នុងខេត្ត ពោធិ៍សាត់ ដែលអាចកាងឲ្យចែអូនបន្តរបររកស៊ីដឹកជញ្ជូនឈើបកសម្បកបានដោយសេរី ទាំងយប់ ទាំងថ្ងៃ ដូចសព្វថ្ងៃនេះ ។
ប្រភពពីអ្នកកាប់ឈើលក់ឲ្យចែអូន បានឲ្យដឹងថា ចែអូនបានដើរនិយាយអះអាងថាការត្រូវជាមួយសមត្ថកិច្ចជាប្រព័ន្ធដោយប្រើ វប្បធម៌ចែករំលែកផលលាភឲ្យគ្នាទើបធ្វើឲ្យគាត់អាចឈរជើងលើសមរភូមិឈើបកសម្បកនេះបានដល់សព្វថ្ងៃ ដំណើរការយ៉ាងរលូន។
ប្រជាពលរដ្ឋដែលស្រឡាញ់ធនធានធម្មជាតិព្រៃឈើសំណូម ពរដល់អាជ្ញាធរខេត្តពោធិ៍សាត់ក៍ដូចជាមន្ត្រីជំនាញ និងសមត្ថ កិច្ចពាក់ព័ន្ធមេត្តាចាត់វិធានការឲ្យបានតឹងរ៉ឹងបំផុត ទប់ស្កាត់ និងបង្ក្រាបសកម្មភាពដឹកជញ្ជូនឈើបកសម្បកមិនទាន់គ្រប់អាយុ របស់ចែអូន អោយមានប្រសិទ្ធិភាព ។
ពាក់ព័ន្ធនិងប្រភពព័ត៌មានខាងលើនេះ គេហទំព័រ រស្មីនគររាជ មិនអាចសុំការបកស្រាយណាមួយពីចែអូន ក៍ដូចជាមន្ត្រីសមត្ថកិច្ចពាក់ព័ន្ធបាននៅឡើយទេ៕