ជញ្ជីងថ្លឹងរថយន្តថ្នល់ ទទឹងត្បូងឃ្មុំ មហាជន រិះគន់ថាថ្លឹងលុយពីក្រុម រថយន្តដឹកទំនិញ លើសទម្ងន់កំណត់

ត្បូងឃ្មុំ៖ សេចក្តីរាយការណ៍បានឲ្យដឹងថាមន្ត្រីប្រចាំការនៅស្ថានីយជញ្ជីង​ថ្លឹងរថយន្ត​នៅថ្នល់ ទទឹងត្បូងឃ្មុំ ស្ថិតនៅភូមិស្លាបក្តោង ឃុំជប់ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ កំពុងតែកាក់ កបសប្បាយទទួលលាភសក្ការៈ គឺទាំងរថយន្ត​លើសទម្ងន់ និងរថយន្តមិនលើសទម្ងន់សុទ្ធតែត្រូវបង់លុយ​ឲ្យទាំងអស់។ រីឯផ្លូវ​ជាតិលេខ ៧នឹងរងខូច​ខាតដោយសាររថយន្តដឹក លើសទម្ងន់ ខណៈមន្ត្រីដែលប្រចាំការ​នៅ​ជញ្ជីងថ្នល់ ទទឹងក្លាយទៅជាអ្នកមានស្តុកស្តម្ភគ្រប់ៗគ្នា ។

ស្ថានីយ៍ជញ្ជីង​ថ្លឹង​រថយន្តថ្នល់ទទឹង ដែលគ្រប់គ្រងដោយមន្ទីរ​សាធារណៈការ​និង​ដឹក ជញ្ជូន​ខេត្តត្បូងឃ្មុំនេះត្រូវបាន​មជ្ឈដ្ឋានទូទៅនាំគ្នានិយាយរិះគន់ថាជា​កន្លែង​ដែល​បាន​ចូល រួម​ចំណែកអោយ​ផ្លូវ​រហ័ស​ខូច​ងាយស្រួល​ក្នុងការ​ក​ចំណូល​ចំណេញមួយ​ជាន់​ទៀត​ពី​ការ ខូចខាត​ផ្លូវ ក្រោមលេស​ថែទាំ និងមានអំពើពុក រលួយជាប្រពន្ធ័ទើបករណី​ខាង​លើកើត មាន​ឡើង។​

បើទោះជារាជរដ្ឋាភិបាល​ដាក់​ទីតាំងជញ្ជីងថ្លឹងរថយន្តដើម្បីឲ្យជួយទប់ស្កាត់រថយន្តដឹកលើសទម្ងន់ ដើម្បីថែរក្សាហេដ្ឋរចនាសម្ព័ន្ធស្ពានថ្នល់យ៉ាងណាក្តី ផ្ទុយទៅវិញ ស្ថានីយ៍មួយ​នេះ​ក្លាយជាកន្លែងថ្លឹងលុយរបស់ក្រុមរថយន្តដឹកជញ្ជូនធ្ងន់ៗទៅវិញ ។

ប្រភពខាងលើបានឲ្យដឹងទៀតថា៖រថយន្តដឹក ទំនិញគ្រប់ប្រភេទ ទាំងលើសទម្ងន់ ទាំងមិនលើសទម្ងន់ សុទ្ធតែចូលបង់ប្រាក់ឲ្យពួកមន្ត្រីប្រចាំការនៅទីនោះ។ចាប់ពីម៉ោង៩យប់រហូត ដល់ម៉ោង៤ទៀបភ្លឺ រថយន្តដឹកដំឡុង, ស្រូវ, អុសកៅស៊ូ ក៏ដូចជាដឹកទំនិញផ្សេងៗឆ្លងកាត់ស្ថានីយជញ្ជីងថ្លឹងរថយន្តថ្នល់ទទឹង ដោយពួកគេមិនបានចូលស្ថានីយដើម្បីថ្លឹងទម្ងន់ឡើយ គឺគ្រាន់តែឈប់ហើយព្រូរថយន្ត ឬអ្នកបើកបររថយន្តដើរចូល​ទៅក្នុងស្ថានីយ ជាការស្រេច ហើយត្រូវបានប្រជាពលរដ្ឋដែលដឹងនិងឃើញរឿងនោះបាននិយាថាជាជញ្ជីងថ្នល់ទទឹងត្បូងឃ្មុំ ស្ថិតនៅភូមិស្លាបក្តោង ឃុំជប់ ស្រុក ត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ ជាជញ្ជីងថ្លឹងលុយ។

ប្រភពបានបន្តទៀតថារថយន្ត​ដឹកទំនិញស្ទើរ តែ៩០ភាគរយ សុទ្ធតែមិនចាំបាច់ចូលថ្លឹងទម្ងន់រថយន្តថាលើសដល់កម្រិតណាឡើយពួកគេគ្រាន់តែចូលបង់ប្រាក់ឲ្យមន្ត្រីប្រចាំ ដែលប្រចាំការនៅទីនោះជាការស្រេច ឬសម្រាប់ក្រុមរថយន្តដឹកជញ្ជូនខ្លះឆ្លងដោយមិនបាច់ចូលថ្លឹង និងមនុស្សរត់ចូលទៅបង់ លុយឡើយ គឺគេរៀបចំបង់តាមប្រព័ន្ធវេរ លុយចាំថ្ងៃប្រចាំខែក៍បានតាមការព្រម ព្រៀងគ្នា ។

យោងតាមប្រភពពីមជ្ឈដ្ឋានទូទៅបានឲ្យដឹងថាវាក្លាយទៅជាទម្លាប់របស់ក្រុមអ្នករកស៊ីដឹកទំនិញ ដែលឆ្លងកាត់ជញ្ជីងថ្លឹងរថយន្តនៅថ្នល់ទទឹងនោះហើយ ពួកគេមិនបាច់​ចូល​ស្ថានីយដើម្បីថ្លឹងទម្ងន់នោះឡើយ គឺគ្រាន់តែយកលុយឲ្យក្រុមមន្ត្រីថ្លឹងទម្ងន់ទាំងនោះគឺជាការស្រេច ។

ពាក់ព័ន្ធករណីនៃប្រភពព័ត៌មានរិះគន់លើមន្ត្រីស្ថានីយជញ្ជីងថ្នល់ទទឹង ត្បូងឃ្មុំ ខាងលើនេះ អង្គភាពគេហទំព័រ រស្មីនគររាជ មិនអាចសុំការបកស្រាយណាមួយពីមន្ត្រីស្ថានីយ៍ជញ្ជីង ខាងលើ មាននៅឡើយទេ នៅព្រឹកថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០១៩នេះ ។

សូមបញ្ជាក់ផងដែរថា នាពេលកន្លងមកនេះ ឯកឧត្តម ស៊ុន ចាន់ថុល តែងតែយកចិត្តទុក ដាក់យ៉ាងខ្លាំងចំពោះករណីស្ថានីយ៍ជញ្ជីងទូទាំង ប្រទេស និងបានអំពាវនាវដល់មន្ដ្រីតាមស្ថានីយ ថ្លឹងរថយន្តទាំងអស់ ត្រូវទទួលខុសត្រូវខ្ពស់ និងមានប្រសិទ្ធិភាព ។

ករណីដែលប្រភពរាយកាយណ៍នូវភាពមិនប្រក្រតីពីស្ថានីយជញ្ជីងថ្លឹងរថយន្តថ្នល់ទទឹងត្បូងឃ្មុំ នេះ គេមិនដឹងថា ឯកឧត្តមអភិបាល ខេត្តត្បូងឃ្មុំ ជាពិសេសមន្ទីរជំនាញក្នុងខេត្តគឺមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្ត រហូត ដល់ក្រសួងសាធារណការ និងដឹកជញ្ជូនបានជ្រាបដែរឬយ៉ាងណានោះទេ ។

យ៉ាងណាក្តីគេរំពឹងថា អាជ្ញាធរខេត្តត្បូងឃ្មុំ ក៏ដូចជាមន្ទីរសាធារណការការ និងដឹកជញ្ជូនខេត្តមិនបណ្តែតបណ្តោយនិងពិនិត្យតាមដាន រឿងនេះឡើងវិញឲ្យបានទាន់ពេលវេលា ។

ពាក់ព័ន្ធនិងប្រភពព័ត៌មានទាក់ទងនិងភាពមិនប្រក្រតីស្ថានីយជញ្ជីងថ្នល់ទទឹងត្បូងឃ្មុំ ខាងលើនេះ ដើម្បីបញ្ជាក់ការពិតឬយ៉ាងណានោះ ឯកឧត្តម ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង សាធារណការ និងដឹកជញ្ជូនគួរតែ មាន​វិធានការណ៍ ត្រួតពិនិត្យ តើ​ជញ្ជីង​ខាង លើ​អនុវត្តត្រឹមត្រូវឬទេ និង​អ្នកគ្រប់គ្រង​មួយណា​មាន​ពី​ពុករលួយ​? ៕