មាឃបូជា
មាឃបូជា ជាពីធីបុណ្យមួយដែលមានសារៈសំខាន់នៅក្នុងពុទ្ធសាសនា ដែលរួមមាន : មាឃបូជា ពិសាខបូជា អាសាឍបូជា និងបុណ្យបវារណា (ចេញវស្សា)។
មាឃបូជា ជាពីធីបុណ្យមួយដែលមានសារៈសំខាន់នៅក្នុងពុទ្ធសាសនា ដែលរួមមាន : មាឃបូជា ពិសាខបូជា អាសាឍបូជា និងបុណ្យបវារណា (ចេញវស្សា)។ បុណ្យមាឃបូជាប្រារព្ធឡើង ដើម្បីរំលឹកដល់ថៃ្ងដែល ព្រះសម្មាសម្ពុទ្ធទ្រង់ប្រកាសបង្កើត ព្រះពុទ្ធសាសនាឡើងក្នុងលោកនាប្រទេសឥណ្ឌាកាលពី ៥៨៨ ឆ្នាំ មុនគ្រិស្តសករាជ នាថៃ្ងទី ១៥កើត ខែមាឃ ក្រោយពីការត្រាស់ដឹងរបស់ព្រះអង្គចំនួន ៩ ខែគត់។ ការបង្កើតព្រះពុទ្ធសាសនា ក្នុងឋានៈជាអង្គការសាសនាមួយនេះ ធ្វើឡើងនៅ ក្នុងចំណោម ព្រះសង្ឃចំនួន ១២៥០ អង្គ ជាសមាជិក ក្នុងអង្គមហាសន្និបាតមួយ ដែលបាននិមន្តមកពីគ្រប់ស្រទាប់វណ្ណៈទាំងអស់។ នៅក្នុងមហា សន្និបាតនោះ ព្រះសម្មាសម្ពុទ្ធ ទ្រង់បានប្រកាសនៅគោលការណ៍ចំនួន១១ប្រការ សម្រាប់ឲ្យសមាជិក មហាសន្និ បាត ទាំងអស់កាន់យកជាវិថីជីវិត និងសម្រាប់យកទៅ ផ្សព្វផ្សាយ ដល់ជនដទៃទៀត ឲ្យបានយល់ពី ពុទ្ធសាសនា ។ គោលការណ៍ ទាំង១១ប្រការនេះ មានឈ្មោះជាភាសាបាលីថា “ឱវាទបាដិមោក្ខ” ដែលពុទ្ធសាសនិកជនម្នាក់ៗ ត្រូវយកមក សិក្សាឲ្យយល់ដឹង និងអនុវត្តដូចតទៅ :
- គោលបំណងៈ គោលបំណងរបស់របស់ ព្រះពុទ្ធសាសនា ឬក៏ដូចជា គោលបំណងរបស់ ពុទ្ធសាសនិកម្នាក់ៗ គឺ សែ្វងរកនិព្វានដែលប្រែថា សភាវប្រាសចាក ទុក្ខមិនមាន សេចក្តីទុក្ខ មិនមានបញ្អា នៅក្នុងដួងចិត្តរបស់ខ្លួន ពាក្យនិព្វាននេះ មានន័យស្មើនិង ពាក្យថា “សន្តិ “ដែលប្រែថា” សេចក្តីស្ងប់ ” ។ យើងអាចនិយាយថា គោលបំណង របស់ព្រះពុទ្ធសាសនា គឺការបង្កើតឡើងនូវ សន្តិភាព ក្នុងដួងចិត្តនេះដែរ ក៏ជាមូលដ្ឋានគ្រឹះនៃ សន្តិភាពក្នុងសង្គម ដែលខ្លួនរស់នៅផង។ ការកាន់ព្រះពុទ្ធសាសនា គឺជាការប្រឹងប្រែង ដើម្បីបង្កើតសន្តិភាពដល់ខ្លួន និងចូលរួមចំណែកដល់ សន្តិភាពសង្គម និងពិភពលោក នេះជាកាតព្វកិច្ច ដែលពុទ្ធសាសនិកម្នាក់ៗ ត្រូវប្រឹងប្រែង ធ្វើអោយសម្រេច ។
- គោលដៅ :សន្តិភាព ប្ញនិញ្វន មិនមែនកើតឡើងដោយការសុំបន់ស្រន់បួងសួងទេ និងក៏មិនអាចកើត ឡើងដោយសារផ្តល់ ឬប្រទានឲ្យ ដោយចិត្តស្រឡាញ់ មេត្តារបស់ អាទិទេព ឬព្រះជាម្ចាស់ អង្គណាមួយឡើយ សន្តិភាពនេះ កើតដោយសារការសន្សំ របស់សកម្មភាព៣យ៉ាងគឺ:
- ការមិនធ្វើអាក្រក់ ការកម្ចាត់អំពើអាក្រក់ ការកម្ចាត់អំពើអាក្រក់ និងការពារអំពើអាក្រក់គ្រប់ប្រភេទ មិនឲ្យកើតក្នុងជីវិតរស់នៅទាំងផ្លូវកាយនិងផ្លូវសម្តី។
- ការធ្វើអំពើល្អ បង្កើតអំពើល្អ និងរក្សាអំពើល្អឲ្យ ស្ថិតសេ្ថរគង់វង្សក្នុង ជីវិតរស់នៅប្រចាំថៃ្ង ទាំងអំពើល្អខាងផ្លូវកាយនិងផ្លូវសម្តី។
- ពង្រឺងចិត្តដែលជាមូលដ្ឋាននៃអំពើ ដោយកម្ចាត់កិលេស ឬមេរោគដែលតោង ចិត្តឲ្យអស់ទៅ រហូតដល់ចិត្តស្អាតបរិសុទ្ធ មិនមានសភាវៈអាក្រក់ស្ថិតនៅ។
- លក្ខណៈរបស់ព្រះពុទ្ធសាសនិកជន ៖
- លក្ខខណ្ឌទី១៖ មានការអត់ធ្មត់ក្នុងការធ្វើអំពើល្អ និង កម្ចាត់អំពើអាក្រក់។
- លក្ខខណ្ឌទី២៖ មិនប្រើអំពើហិង្សាក្នុងការរស់នៅ។
- លក្ខខណ្ឌទី៣៖ មិនប្រើពាក្យបៀតបៀននិងតិៈដៀលអ្នកដទៃ។
- លក្ខខណ្ឌទី៤៖ រក្សាសីល រស់នៅក្នុងច្បាប់ យកច្បាប់ជាធំ។
- លក្ខខណ្ឌទី៥៖ បរិភោគ ប្រើប្រាស់វត្ថុទាំងទ្បាយដោយសន្សំសំចៃនិងស្គាល់ប្រមាណ។
- លក្ខខណ្ឌទី៦៖ ចូលចិត្តភាពស្ងប់ស្ងាត់ និង បង្កើតបរិយាកាសស្ងប់ស្ងាត់។
- លក្ខខណ្ឌទី៧៖ មានសេចក្តីព្យាយាមក្នុងការសម្អាតចិត្ត ធ្វើឲ្យចិត្តមានសមាធិ។
- មេរៀនពីបុណ្យមាឃបូជា ៖ថៃ្ងនេះជាថៃ្ងដែល ព្រះពុទ្ធអង្គទ្រង់ប្រកាសគោលការណ៍ទាំង១១ ប្រការនេះ សម្រាប់ជាប្រយោជន៍ដល់បរិស័ទយកទៅប្រើប្រាស់ៈ
- ចំណុច១៖ ក្នុងឋានៈជាបរិស័ទ ការអនុវត្តន៍តាមប្រការទាំង១១នេះ នឹងនាំទៅរកសន្តិភាពផ្លូវចិត្តជាពិតប្រាកដ។
- ចំណុច២៖ ក្នុងឋានៈជាពលរដ្ឋ ក្នុងសង្គមការមាន គោលបំណង រួមមានគោលដៅដូចគ្នា និងការប្រព្រឹត្តប្រហាក់ប្រហែលគ្នានេះ នឹងអាចនាំមកនូវ សន្តិភាព និង ការអភិវឌ្ឍន័ដែលប្រកបដោយនិរន្តភាព។
- ចំណុច៣៖ ក្នុងឋានៈជាក្រុមបក្សនៅ ក្នុងសង្គម ឬប្រទេសជាតិមួយ ដែលព្យាយាម សែ្វងរកនូវឱកាស ដើម្បីរក្សាសន្តិភាព និងជំរុញដល់ ការអភិវឌ្ឍន៍ដល់ ប្រទេសជាតិតែឯងនោះ ការគោពតាមគោលការណ៍ទាំង ១១ប្រការនេះ នឹងកាត់បន្ថយបាននូវអស្ថិរភាព ជម្លោះ និងអំពើ ហិង្សា ដែលកើតមកពីការប្រកូតប្រជែងគ្នាបាន។
- ចំណុច៤៖ ក្នុងឋានៈជាអ្នកផ្សាយសាសនា ការប្រព្រឹត្តទៅតាមគោលការណ៍នេះ នឹងនាំឲ្យមានការយោគយល់ការផ្តល់កិត្តិយស ដល់គ្នានិងគ្នា និងការរស់នៅជុំគ្នា ក្នុងឋានៈជាមនុស្សជាតិបាន បើទោះជាមាន សាសនាខុសគ្នាៗក៏ ដោយ។ ចំណុច៥ ក្នុងឋានៈជាអន្តរជាតិ ការគោរពតាមគោលការណ៍នេះ នឹងនាំមកនូវនិរន្តរភាព របស់មនុស្សជាតិ បរិស្ថានធម្មជាតិ ពិភពសត្វ និងអាកាសធាតុដ៏យូរអងែ្វងបាន ដោយមិនបាច់ ព្រួយបារម្ភក្នុងការដណ្តើមគ្នា ដើម្បីរស់ឡើយ។
សង្ឃឺមថា យើងម្នាក់ៗអាចទាញយកប្រយោជន៍បានខ្លះពីថៃ្ងមាឃបូជានេះ នឹងអញ្ជើញនាំគ្នាធ្វើបុណ្យទានរក្សាសីល និងសមាធិសម្អាតចិត្ត របស់ខ្លួនក្នុងថៃ្ងនេះ ដើម្បីបូជា និង រំលឹកចំពោះគុណព្រះសម្មាសម្ពុទ្ធដែលព្រះអង្គ បានបង្កើត ព្រះពុទ្ធសាសនាសម្រាប់ជាមាគ៌ាជីវិតដល់ពួកយើងទាំងអស់គ្នា។ មាឃបូជា ជាពីធីបុណ្យមួយដែលមានសារៈសំខាន់នៅក្នុងពុទ្ធសាសនា ដែលរួមមាន : មាឃបូជា ពិសាខបូជា អាសាឍបូជា និងបុណ្យបវារណា (ចេញវស្សា)។