ហេតុអ្វីបានជាសត្វនាគស្អប់សត្វគ្រុឌម្លេះ?
ដកស្រង់ពីខ្សែររឿងរាមាយាណៈ ប្រវត្តិសត្វគ្រុឌសត្វគ្រុឌមានប្រវត្តិតាំងពីយូរលង់មកហើយ ដែលសត្វនេះមានពាក់ព័ន្ធនៅក្នុងទេវកថានៃព្រហ្មញ្ញសាសនា។ សត្វគ្រុឌនេះដែរក៏ត្រូវបានគេចាត់ទុកដូចជាសត្វអច្ឆរិយៈផ្សេងៗទៀត ដែលខ្មែរបុរាណបានឲ្យតម្លៃតាំងពីប្រមាណជាង ២ ០០០ឆ្នាំមកហើយ។ នៅក្នុងទេវកថាឥណ្ឌាមានសត្វជាច្រើនត្រូវបានចាត់ទុកថាជាទេព ឬក៏ជាពាក់កណ្តាលទេព ឧទាហរណ៍ដូចពស់ ឬនាគ អណ្តើក ខ្លាឃ្មុំ ស្វា គោ ដំរី ក្ងោក ខ្លាជាដើម។ ដូចគ្នានេះដែរ សត្វគ្រុឌក៏មានតួនាទីសំខាន់ក្នុងទេវកថាឥណ្ឌា ហើយត្រូវបានគេចាត់ ទុកថាបក្សីរាជា។ សត្វគ្រុឌ គឺជាយានជំនិះរបស់ព្រះវិស្ណុ ហើយសត្រូវសួរពូជរបស់គ្រុឌគឺសត្វនាគ។ នៅឥណ្ឌាមានពិធីបុណ្យគោរពបូជាដល់គ្រុឌដែលតែងតែប្រារព្ធធ្វើឡើងនៅថ្ងៃ៥ កើត ខែស្រាពណ៍រៀងរាល់ឆ្នាំ។
រឿងនិទានទាក់ទងនឹងគ្រុឌ មហាឥស្សី កស្សបៈ មានភរិយាពីររូបគឺនាងកាឌ្រុ និងនាងវីនីតា។
នាងកាឌ្រុបានផ្តល់កំណើតកូនជាសត្វពស់មានចំនួនរាប់សិបពាន់ក្បាល ហើយត្រូវបានចាត់ទុកថាបុព្វការីនៃសត្វពស់នៅលើផែនដីនេះ។ ចំណែកឯនាងវីនីតាបានផ្តល់កំណើតឲ្យសត្វគ្រុឌដ៏មានអំណាចឬទ្ធានុភាព។ ថ្ងៃមួយនាងកាឌ្រុ និងនាងវីនីតា បានលេងល្បែងភ្នាល់គ្នាដោយទាយពណ៌កន្ទុយសេះក្បាល៧អាចហោះបានដែលកើតចេញពីការកូរសមុទ្រ ទឹកដោះ។ នាងកាឌ្រុបានទាយថាកន្ទុយសេះមានពណ៌ខ្មៅ រីឯនាងវីនីតាថាពណ៌ស។ ពួកគេបានភ្នាល់គ្នាថានរណាក៏ដោយឲ្យតែចាញ់ គឺត្រូវតែ បម្រើអ្នកឈ្នះ។ នាងកាឌ្រុបានប្រើល្បិចបោកប្រាស់នាងវីនីតាដោយប្រើ ឲ្យកូនរបស់ខ្លួនដែលជាសត្វនាគក្លែងខ្លួនធ្វើជាកន្ទុយសេះ។ ដូច្នេះហើយនាងវីនីតាត្រូវបម្រើនាងកាឌ្រុ និងកូន។ នាងកាឌ្រុបានធ្វើបាបនាងវីនីតាយ៉ាងខ្លាំងក្លា។
ប៉ុន្តែក្រោយមកពពួកនាគថានឹងយល់ព្រមដោះលែងគ្រុឌ និងម្តាយ ប្រសិនជាគ្រុឌអាចទៅយកទឹកអម្រឹតរបស់ព្រះឥន្ទបាន។ គ្រុឌបានប្រឹងប្រែងយ៉ាងខ្លាំងហើយទីបំផុតទទួលបានទឹកអម្រឹត ហើយបានរំដោះខ្លួន និងម្តាយពីទាសភាពរបស់នាគ និងនាងកាឌ្រុ។ ក្រោយមកគ្រុឌ និងម្តាយបានដឹងពីល្បិចនេះ ហើយបានដាក់បណ្តាសាដល់នាងកាឌ្រុថារាល់កូនរបស់នាងកាឌ្រុទាំងអស់គឺត្រូវតែក្លាយទៅជាចំណីរបស់កូនខ្លួន។
និយាយកាលដែលគ្រុឌទៅលួចយកទឹកអម្រឹតពីព្រះឥន្ទ គ្រុឌបាន សំដែងឬទ្ធីចេស្តារយ៉ាងអស្ចារ្យ និងមានភាពស្មោះត្រង់ រហូតបានដឹងដល់ព្រះវិស្ណុ ហើយព្រះវិស្ណុបានផ្តល់ពរជ័យ ព្រមទាំងយកគ្រុឌធ្វើជាយានជំនិះរបស់ព្រះអង្គ។ អនុភាពហោះហើររបស់គ្រុឌគឺលឿនជារន្ទះ ហើយកំលាំងខ្យល់ពីស្លាបរបស់គ្រុឌគឺខ្លាំងលើព្យុះសង្ឃរានានា។ ព្រះឥន្ទបានមកស្កាត់ផ្លូវគ្រុឌ ប៉ុន្តែអ្នកទាំងពីរមិនប្រយុទ្ធគ្នានោះទេ ដោយគ្រុឌសន្យាថានឹងប្រគល់ទឹកអម្រឹតដល់ព្រះឥន្ទវិញក្រោយពេលប្រគល់ឲ្យនាគហើយនោះ ហើយព្រះឥន្ទសន្យាថានឹងធ្វើឲ្យបណ្តាសារបស់គ្រុឌ និងម្តាយក្លាយជាការពិត។ នៅពេលយកទឹកអម្រឹតមកដល់មុខនាគហើយនោះ គ្រុឌបានប្រើល្បិចប្រាប់ដល់នាគថាចាំបាច់ត្រូវធ្វើពិធីសិនមុនពេលផឹកទឹកអម្រឹតនេះ ហើយនៅពេលដែលពួកនាគកំពុងធ្វើពិធីនោះព្រះឥន្ទបានមកយកទឹកអម្រឹតទៅវិញតែកំពប់ទឹកខ្លះនៅលើស្មៅ។
នៅពេលដែលឃើញទឹកកំពប់នៅលើស្មៅហើយ ពួកនាគទាំងឡាយខំ ប្រឹងលិទ្ធទឹកអម្រិតទាំងនោះរហូតដល់អណ្តាតប្រេះជាពីរដោយសារស្មៅរហូតដល់សព្វថ្ងៃនេះ ព្រះវិស្ណុបានផ្តល់វេហារទាំងមូលជាទីលំនៅរបស់គ្រុឌ ហើយរៀបការគ្រុឌជាមួយនាងឧណាតី។ គ្រុឌនិងនាងឧណាតីមានកូនពីរនាក់គឺសម្ប៉ាទិ និងជតាយុដែលកូនទាំងពីរនេះមានតួនាទីផងដែរនៅ ក្នុងរឿងរាមាយាណៈ។
ដកស្រង់ពីខ្សែររឿងមហាភារតៈយុទ្ធក្នុងរឿងទេវកថាមួយតំណាល ថាគ្រុឌ គឺជាមនុស្សដែលមានក្បាលជាបក្សី ក្រុមគ្រឌ មួយចំនួនមានអំណាចវេទមន្តនៃការក្រលាខ្លួនទៅជាមនុស្សនៅពេលដែលពួកគេមានបំណងចង់មានទំនាក់ទំនងជាមួយមនុស្ស។លំនៅដ្ឋានរបស់ពួកគ្រុឌ គឺមាននៅក្នុងព្រៃនៃ simbalī ឬដើមឈើសូត្រ-កប្បាស។ នៅថ្ងៃមួយស្ដេចគ្រុឌ មានស្នេហាជាមួយនឹងស្ត្រីមនុស្សលោកតំណាលគ្នាទៅនិង ស្ដេចនាគ ដែលមានអំណាចវេទមន្តនៃការក្រលាខ្លួនទៅជាមនុស្សដូចគ្នា។ គួបផ្សំនិងការប្រណាំងប្រជែងក្នុងរឿងនេះ ស្ដេច គ្រុឌបានប្រកាសសង្គ្រាមប្រយុទ្ធ និងស្ដេចនាគយ៉ាងខ្លាំងក្លាតែភាពឆ្លាតវៃរបស់ស្ដេចនាគបានធ្វើឲ្យសង្គ្រាមមួយនេះមិនអាចដឹងចាញ់ឈ្នះ។
ក្រោយមកមានក្រុមតាបសការ៉ាប៊ី ដែលគាំទ្រពួកគ្រុឌ បានបង្ហើបឱ្យដឹងដោយសារសម្ងាត់ទៅពួកគ្រុឌ ដែលបានបង្រៀនពួកគ្រុឌពីរបៀបដើម្បីចាប់យកស្ដេចភុជង្គនាគ ដោយកន្ទុយហើយបង្ខំឱ្យក្អួតចេញនៅដុំថ្មភ្លើងនោះធ្វើឲ្យពួកនាគហត់នឿយ និងអស់អំណាចនៃដុំភ្លើងនោះ ពួកគ្រុឌ បានចាប់ក្បាល ពួកនាគ និង សម្លាប់ចោល។
ក្រោយ ពីពួកនាគដឹងខ្លួនថាមិនអាចប្រយុទ្ធឈ្នះពួកគ្រុឌពួកនាគ ក៏ទៅសុំឲ្យមានការជួយពីព្រះវិស្ណុ ព្រះវិស្ណុ ក៏ស្នើឲ្យមានការផ្អាកប្រយុទ្ធ និងព្រមព្រៀងរវាង ស្ដេចគ្រុឌ និង ស្ដេចភុជង្គនាគ។ ក្រោយមក ព្រះវិស្ណុ សន្យាថានិងឲ្យមនុស្សលោកដាក់ស្ដេចគ្រុឌ នៅក្នុងស្ថានភាពល្អគ្មានគូប្រៀបមួយ គឺនៅតាមផ្នែកខាងលើសសរស្តម្ភនៃដំណាក់ ឬព្រះវិហារ ឬនៅពីលើលំនៅដ្ឋានទោះជាយ៉ាងណា ព្រះវិស្ណុះក៏ចង់ឲ្យស្ដេច គ្រុឌ ធ្វើជាយាន្តជំនិះ ក្នុងការព្រមព្រៀងនេះ។ ចុងក្រោយពួកគ្រុឌស្ថិតក្នុងចំណោមដែលត្រូវបានតែងតាំងដោយ Śakraដើម្បីការពារភ្នំព្រះសុមេរុ និងលំហពីការវាយប្រហាររបស់ពួកអសុរា។ ចំនែកស្ដេចនាគ ត្រូវបានព្រមព្រៀង ដើម្បីបង្អុលទឹកភ្លៀងដល់មនុស្សលោក។