តើពិតដែរឬទេ ឈ្មោះ អ៊ុំ លីហេង ជាឈ្មួញឈើមានឥទ្ធិពលធ្វើសកម្ម ភាពដឹក ជញ្ជូនឈើពីស្រុកភ្នំក្រវាញបានយ៉ាងកក្រើក និងប្រមូលលុយពីឈ្មួញផ្សេងៗទៀត……?

ពោធិ៍សាត់៖ សកម្មភាពដឹកជញ្ជូនឈើក្នុងស្រុកភ្នំក្រវ៉ាញ នៃទឹកដីខេត្តពោធិសាត់ ត្រូវបានប្រជាបលរដ្ឋរាយការណ៍កំពុងតែធ្វើសកម្មភាពយ៉ាងគគ្លើន ។

សកម្មភាពដឹកជញ្ជូនឈើនេះត្រូវបានប្រភពរាយការណ៍ថាឈ្មួញដែលដឹក ជញ្ជូនយ៉ាងសកម្មជាងគេត្រូវបានគេស្គាល់ឈ្មោះ អ៊ុំ លីហេង និងមានឈ្មួញឈើមួយចំនួនផ្សេងទៀតផងដែរ ។ ប្រភពបានបន្តថា សកម្មភាពដឹក ជញ្ជូនឈើពីស្រុកភ្នំក្រវាញបានកើត យ៉ាងកក្រើក បន្ទាប់ពីស្ងប់ស្ងាត់មួយរយៈអំឡុងពេលដែលគណកម្មាការទប់ស្កាត់និងបង្ក្រាបបទល្មើសធនធានធម្មជាតិចេញប្រតិបត្តការបង្ក្រាបយ៉ាងសស្រាក់ស្រាំនោះ។

សកម្មភាពដឹកជញ្ជូនឈើយ៉ាងគគ្លើននេះសមត្ថកិច្ចពាក់ព័ន្ធហាក់រក្សាភាពស្ងៀមស្ងាត់។ ប្រភពខ្លះបានឲ្យដឹងថា ការដែលឈ្មួញឈ្មោះ អ៊ុំ លីហេង និងឈ្មួញដទៃទៀតហ៊ានបន្តសកម្មភាពប្រព្រឹត្តបទល្មើសព្រៃឈើក្នុងស្រុកភ្នំក្រវាញ យ៉ាងកក្រើកបបនេះគឺដោយ សារមានលោក សួស សុផានិត នាយផ្នែករដ្ឋបាលព្រៃឈើក្រវាញ ជាបង្អែកដ៏រឹងមាំហើយមានការត្រូវរ៉ូវគ្នាពីសមត្ថកិច្ចពាក់ព័ន្ធដទៃទៀត។ មិនតែប៉ុណ្ណោះឈ្មោះ អ៊ុំ លីហេង មានមន្ត្រីអង្គការក្រៅរដ្ឋាភិបាលមួយចំនួនដែលមានតួនាទីបង្ក្រាបបទល្មើសព្រៃឈើ កំពុងឈរនៅពីក្រោយខ្នងផងដែរ ។កត្តានេះធ្វើឲ្យ ចំណោមឈ្មួញប្រព្រឹត្តបទល្មើសព្រៃឈើនៅស្រុកភ្នំក្រវាញ គឺឈ្មួញឈ្មោះ អ៊ុំ លីហេង ធ្វើសកម្មភាពខ្លាំងក្លាជាងគេ ហើយឈ្មួញម្នាក់នេះក៏ជាថៅកែសិប្បកម្មផលិតសាឡុងដែលមានមុខកាត់ធំៗសម្រាប់ដឹកចេញពីស្រុកភ្នំក្រវាញទៅលក់ចែកចាយយ៉ាងរលូនទៀតផង។

ប្រភពដោយឡែកទៀត ពីឃុំសំរោង ស្រុកភ្នំក្រវាញ បានឲ្យដឹងថាដោយការឃុបឃិតបើកដៃពីសំណាក់លោក សួស សុផានិត នាយផ្នែករដ្ឋបាលព្រៃឈើក្រវាញ ទើបឈ្មួញអាចដឹកជញ្ជូនឈើចេញពីស្រុកភ្នំក្រវាញបានយ៉ាងគគ្លើន បែបនេះ។

ប្រភពប្រជាពលរដ្ឋបានឲ្យដឹងទៀតថា ឈ្មួញឈ្មោះ អ៊ុំ លីហេង មិនត្រឹមតែជាឈ្មួញឈើមានសកម្មភាពខ្លាំងជាងគេប៉ុណ្ណោះទេ ថែមទាំងមានមន្ត្រីអង្គការសម្ព័ន្ធមិត្តសត្វព្រៃ ម្នាក់ឈ្មោះ ណុប ថេត នៅពីក្រោយខ្នង ហើយបានដើរតួគាបយកលុយពីឈ្មួញឈើដទៃទៀតដែលដឹកឈើតាមរថយន្តក្នុងមួយគ្រឿងពី២០ម៉ឺនទៅ៤០ម៉ឺនរៀល ហើយ​គាបយកលុយពីឈ្មួញដឹកជញ្ជូនឈើតាមគោយន្តកន្ត្រៃក្នុងមួយគ្រឿងពី២០ម៉ឺនទៅ៣០ម៉ឺនរៀល និងបានកំណត់ឲ្យខ្នាតយក្សចេញពីដែនជម្រកសត្វព្រៃភ្នំឱរ៉ាល់ និងស្រុកវាលវែងជាច្រើនគ្រឿងដោយក្នុងមួយរថយន្តៗត្រូវបង់ខែក្នុងមួយមួយខែ៧០០ដុល្លាអាមេរិក ដោយយកលុយនោះទៅបែង ចែកជាមួយមន្ត្រីជំនាញនិងសមត្ថកិច្ចមួយចំនួនទៀតតាំងពីតូចដល់ធំ ព្រមទាំងគូកនរបស់ខ្លួនទៀតផង។

ពាក់ព័ន្ធករណីខាងលើនេះ អង្គភាពគេហទំព័រ រស្មីនគររាជ មិនអាចសុំការបកស្រាយណាមួយពីលោក សួស សុផានិត នាយផ្នែករដ្ឋបាលព្រៃឈើក្រវាញ ក៍ដូចជាលោក អ៊ុំ លីហេង និង លោក ណុប ថេត ជាមន្ត្រីអង្គការ បាននៅឡើយទេ ដោយគ្មានលេខទូរស័ព្ទទំនាក់ទំនង ។

ប្រជាពលរដ្ឋក្នុងស្រុកភ្នំក្រវ៉ាញបានលើកឡើងថា ករណីខាងលើនេះមិនដឹងថាប្រធានមន្ទីរកសិកម្មខេត្តពោធិ៍សាត់ លោក ឡាយ​ វិសិដ្ធ បានជ្រាបដែរឬទេ? ខណៈមានប្រភពឲ្យដឹងថាកំពុងសម្រួលឲ្យលោក សួស សុផានិត នាយផ្នែករដ្ឋបាលព្រៃឈើក្រវាញ និងឈ្មួញឈ្មោះ អ៊ុំ លីហេងធ្វើអ្វីៗតាមអំពើចិត្តបែបនេះ បើមិនដូច្នោះទេឈ្មួញឈើរូបនេះមិនថ្លើមធំដល់ម្លឹងឡើយ ។

ការលើកឡើងតាមប្រភពទទួលបានពីស្រុកភ្នំក្រវ៉ាញខាងលើមកធ្វើការចុះ ផ្សាយនេះគ្មានបំនងអ្វីក្រៅតែជាសារមួយជូនដល់សមត្ថកិច្ចជំនាញ និងសមត្ថកិច្ចពាក់ព័ន្ធក្នុងខេត្តពោធិ៍សាត់ ចាត់វិធានការណ៍តាមដាន និងបង្ក្រាបអោយបានទាន់ពេលវេលា ដើម្បីរក្សាទុកនូវធនធានព្រៃឈើក្នុងខេត្តពោធិ៍សាត់អោយបានគង់វង្ស ៕