មនុស្សជាង២រយនាក់ជិះកង់ពីវិមានឈ្នះឈ្នះ ទៅកាន់ខេត្តត្បូងឃ្មុំ ដើម្បីអបអរទិវាចងចាំដំណើរឆ្ពោះទៅការផ្តួលរំលំរបបខ្មែរក្រហម
(ភ្នំពេញ) ៖ នៅព្រឹកព្រលឹមថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២០នេះ មនុស្សជាង២រយនាក់ បានធ្វើដំណើរដោយជិះកង់ពីវិមាន ឈ្នះ ឈ្នះ ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញឆ្ពោះទៅកាន់ខេត្តត្បូងឃ្មុំ ដើម្បីអបអរសាទរខួបលើកទី៤៣ នៃទិវាចងចាំដំណើរឆ្ពោះទៅការផ្តួលរំលំរបបប្រល័យពូជសាសន៍ប៉ុលពត។
លោក អ៊ុក សិទ្ធិជាតិ អគ្គនាយក អគ្គនាយកដ្ឋានកីឡានៃក្រសួងអប់រំ យុវជន និងកីឡា ដែលចូលរួមជិះកង់ក្នុងព្រឹត្តិការណ៍នេះបានមានប្រសាសន៍ថា “តាមរយៈកិច្ចសហការរៀបចំរបស់សហព័ន្ធកីឡាទោចក្រយាន និងកងរាជអាវុធហត្ថលើផ្ទៃប្រទេស ដែលរៀបចំទិវានេះឡើង គឺទី១ ដើម្បីចូលរួមអបអរសាទរ ទិវារម្លឹកខួបលើកទី៤៣នេះផង និងទី២សហព័ន្ធកីឡាទោចក្រយានចង់ឱ្យបងប្អូនប្រជាពលរដ្ឋមានវប្បធម៌ជិះកង់ ដើម្បីសុខភាព ព្រមទាំងលើកតម្លៃនៃកីឡាឱ្យកាន់តែមានសកម្មភាពផុសផុលផងដែរ”។
លោក នូ ចំរើន អគ្គលេខាធិការ សហព័ន្ធកីឡាទោចក្រយានគូសបញ្ជាក់ថា ការជិះកង់នេះត្រូវបានចែកចេញជា ពីរដំណាក់កាល ដោយដំណាក់កាលទី១ ចេញដំណើរពីវិមានឈ្នះ ឈ្នះ ដល់បញ្ជាការដ្ឋានកងរាជអាវុត្ថហត្ថស្រុកខ្សាច់ កណ្តាល ខេត្តកណ្តាល ដែលមានចម្ងាយផ្លូវ ៣០គីឡូម៉ែត្រ រួចលើកកង់ដាក់រថយន្ត ឆ្ពោះទៅស្រុកមេមត់ ខេត្តត្បូងឃ្មុំ និងសម្រាកនៅទីនោះ។
លោកបានបន្ដថា នៅពេលរសៀលថ្ងៃនេះដដែលវេលាម៉ោង១និង៣០នាទី ចាប់ផ្តើមចេញដំណើរដំណាក់កាលទី២ នៅទីប្រជុំជនស្រុកមេមត់ឆ្ពោះទៅតំបន់ប្រវត្តិសាស្ត្រកោះថ្ម ខេត្តត្បូងឃ្មុំ ដែលជាកន្លែងធ្វើពិធីបិទ ដោយមានការសំណេះសំណាលពីឯកឧត្តម នាយឧត្តមសេនីយ៍ សៅ សុខា មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេសទៅកាន់កីឡាករ កីឡាការិនី ដែលចូលរួមសរុបមានចំនួន២០៥នាក់៕