ចំណេះដឹងទូទៅ៖ ទោះក្លាយជាអធិរាជដ៏អង់អាចល្បីពេញទ្វីបលោក ប៉ុន្តែណាប៉ូឡេអុង បែរជាបរាជ័យចាញ់ស្នេហ៍មេម៉ាយកូនពីរ

បារាំង៖ ព្រះចៅណាប៉ូឡេអុង បូណាផាត មានព្រះកិត្តិនាមជាព្រះមហាអធិរាជដ៏ល្បីល្បាញមួយអង្គរបស់ចក្រភពបារាំងនាអំលុងចុងសតវត្សរ៍ទី១៨ ដល់ដើមសតវត្សរ៍ទី១៩ ប៉ុន្តែមានបញ្ហាមួយបានកើតឡើងក្នុងជីវិតរបស់ព្រះអង្គ នោះគឺការបរាជ័យក្នុងសរមភូមិសម្រស់របស់អ្នកមេម៉ាយក្ដៅស្រួយម្នាក់នៅប្រទេសអ៉ីតាលី និងព្រះនាងម្ចាស់ម្នាក់ទៀតនៅចក្រភពអូទ្រីស។

ទោះបីជាប់ដៃធ្វើសង្គ្រាមគ្រប់ទិសទីសឹងតែគ្មានពេលសម្រាកយ៉ាងណាក៏ដោយ ក៏ព្រះចៅណាប៉ូឡេអុងនៅតែអាចឆ្លៀតរកមហេសីបានដល់ទៅ ២អង្គ ដែលមហេសីដើមរបស់ព្រះអង្គមានឈ្មោះថា ហ្សូសិបហ្វីន (Josephine) ជាជនជាតិបារាំង និងមហេសីទី២របស់ព្រះអង្គមានព្រះនាមថា ម៉ារីយ៉ា ល្វីស (Maria Louise) ជាជនជាតិអូទ្រីស ក្នុងឋានៈជាព្រះនាងម្ចាស់របស់ចក្រភពអូទ្រីស។

* ប្រវត្តិស្នេហាជាមួយនាង ហ្សូសិបហ្វីន

ហ្សូសិបហ្វីន កើតនៅថ្ងៃទី២៣ ខែមិថុនា ឆ្នាំ១៧៦៣ ហើយបានទទួលមរណភាពនៅថ្ងៃទី២៩ ខែមីនា ឆ្នាំ១៨១៤។ នាងជាប្រពន្ធដើមរបស់ព្រះចៅអធិរាជណាប៉ូឡេអុង ប៉ុន្តែនាងក៏ធ្លាប់មានស្វាមីម្ដងរួចមកហើយដែរ មុនរៀបការជាមួយព្រះចៅណាប៉ូឡេអុង (កាលព្រះអង្គនៅជាមេបញ្ជាការកងទ័ពរបស់អ៉ីតាលី) ដែលស្វាមីដើមរបស់នាងមានឈ្មោះថា អាឡិចស្សង់ ហ្វ្រង់ស័រ (Alexandre Francois) មានឋានៈជាឧត្តមសេនីយ៍ ហើយមានកូនដល់ទៅពីរនាក់ផងដែរ។

ក្រោយរបបរាជានិយមនៅបារាំងត្រូវបានផ្ដួលរំលំនៅឆ្នាំ១៧៩៤ រួចមក ណាប៉ូឡេអុង ដែលជាជនបដិវត្តដ៏សំខាន់ម្នាក់ដែរនោះ ក៏បានទទួលតំណែងជាអគ្គមេបញ្ជាការកងទ័ពសាធារណរដ្ឋថ្មី នៅឆ្នាំ១៧៩៥ និងបានដឹកនាំកងទ័ពទៅបង្ក្រាបការបះបោរប្រឆាំងនឹងសភាបារាំងនៅប្រទេសអ៉ីតាលី ដែលកាលណោះអ៉ីតាលីនៅជារដ្ឋចំណុះរបស់ចក្រភពបារាំង។

ពេលនោះហើយដែលមេទ័ពពិជ័យសង្គ្រាម ណាប៉ូឡេអុង បានជួបនឹងស្ត្រីមេម៉ាយកូនពីរ ហ្សូសិបហ្វីន ជាមួយនឹងសេចក្ដីស្រលាញ់ដិតដាមជាប់ពេញឱរា បន្ទាប់ពីលោកបានជួបនាងនៅក្នុងហាងកែសម្ផស្សមួយ។ មេទ័ពដែលធ្លាប់តែជម្នះគ្រប់សមរភូមិតូចធំទាំងឡាយ បែរជាបរាជ័យធ្លាក់ក្នុងអន្លង់ស្នេហ៍ បាក់អស់ស្មារតីក្លាហាន ព្រោះតែសម្រស់ស្ត្រីមេម៉ាយរូបស្រស់ឆើតឆាយរូបនេះ។

ដំបូងឡើយ ហ្សូសិបហ្វីនមិនសូវមានចិត្តបេតីជាមួយណាប៉ូឡេអុងប៉ុន្មានទេ ប៉ុន្តែអ្នកកំលោះណាប៉ូឡេអុងតែងតែព្យាយាមស្កាត់ជួបនាង ផ្គាប់ផ្គន់ចិត្តចរណៃមិនឱ្យមានទាស់ លែបខាយពាក្យពេចន៍ស្នេហា ថ្លាថ្លែងពំនោលកាព្យព្យាង្គពីរោះរណ្ដំ ញ៉ាំងអ្នកមេម៉ាយបវរប្រិមប្រិយឱ្យផ្លាស់ចិត្តគំនិតស្អប់ខ្ពើមទាំងប៉ុន្មាន ប្រែមកអាណិតអាសូរនឹកគិតប្រតិព័ទ្ធ តបក្ដីស្រលាញ់ទៅអ្នកកម្លោះបុណ្យស័ក្តិឧត្តមក្រៃ រំលេចបានប្រវត្តិស្នេហាអស់កាលយូរខែ។

សេចក្ដីស្នេហាដ៏ឧត្តមមួយក៏បានកើតមានលើអ្នកទាំងពីរ ខណៈអ្នកមេម៉ាយហ្សូសិបហ្វីនបានយល់ព្រមទទួលក្ដីស្រលាញ់របស់លោកពិជ័យសឹកណាប៉ូឡេអុង ហើយពួកគេទាំងពីរក៏បានរៀបការជាមួយគ្នានៅឆ្នាំ១៧៩៦។

គេថា ហ្សូសិបហ្វីនជាស្រីកញ្ជើធ្លុះ ព្រោះនាងធ្លាប់បានជំពាក់លុយគេយ៉ាងច្រើន ហើយបានបង្គាប់ឱ្យណាប៉ូឡេអុងយកលុយឱ្យនាងឱ្យបានច្រើនៗ ដើម្បីសងបំណុលដែលនាងជំពាក់គេនោះ ហើយណាប៉ូឡេអុងក៏បានដឹងអំពីរឿងនេះដែរ ប៉ុន្តែគាត់មិនប្រកាន់ឡើយ ពីព្រោះក្ដីស្រលាញ់របស់ណាប៉ូឡេអុងចំពោះប្រពន្ធ វាបានកប់ពីលើរឿងតូចតាចទាំងនេះអស់ទៅហើយ។ ទោះបីពួកគេកាន់តែស្រលាញ់គ្នាក្នុងនាមជាប្ដីប្រពន្ធស្របច្បាប់ក៏ដោយ ប៉ុន្តែហ្សូសិបហ្វីនស្រាប់តែអារលែងមានកូនទៅវិញ។

នៅឆ្នាំ១៨០៤ ណាប៉ូឡេអុងបានឡើងធ្វើជាព្រះចៅអធិរាជបារាំងយ៉ាងមានព្រះកិត្តិនាមអស្ចារ្យ ដែលអាណាចក្រ និងប្រជាជនជាច្រើនសុទ្ធតែខ្លបខ្លាចនឹងអំណាចរបស់ព្រះអង្គ ហើយហ្សូសិបហ្វីនក៏បានក្លាយជាសម្ដេចព្រះមាតាជាតិរបស់ចក្រភពបារាំងផងដែរ។

ក្នុងគោរមងារជាព្រះរាជអគ្គមហេសីរបស់ព្រះចៅអធិរាជ, ហ្សូសិបហ្វីនមិនបានធ្វើខ្លួនឱ្យសមប្រកបនឹងឋានៈជាក្សត្រសោះឡើយ ដោយព្រះនាងបានខ្ជះខ្ជាយព្រះរាជ្យទ្រព្យរបស់រាជការ ទៅលើរបស់របរប្រណីតៗ គ្រឿងសម្អាងរក្សាសម្ផស្ស ហាក់មិនសូវខ្វាយខ្វល់អំពីព្រះស្វាមីរបស់ខ្លួន ដែលកំពុងធ្វើសង្គ្រាមនៅឆ្ងាយនោះឡើយ។

ព្រះចៅណាប៉ូឡេអុង ពិតជាស្រលាញ់ព្រះមហេសីរបស់ព្រះអង្គខ្លាំងណាស់ ទោះបីកំពុងជាប់ដៃធ្វើសង្គ្រាមក្ដៅគគុកយ៉ាងណាក៏ដោយ ក៏ព្រះអង្គនៅមានព្រះទ័យសរសេរសំបុត្រស្នេហា សួរសុខទុក្ខ នឹករឭកផ្ញើទៅឱ្យព្រះមហេសីរបស់ទ្រង់ ដែលកំពុងគង់នៅរាជវាំងក្រុងប៉ារីសនោះដែរ។ ប្រយោគស្នេហាដ៏ផ្អែមល្ហែមមួយដែលព្រះអង្គសរសេរផ្ញើទៅកាន់មហេសីរបស់ទ្រង់ បានធ្វើឱ្យមនុស្សក្នុងលោកកោតស្ងប់ស្ងើងយ៉ាងខ្លាំង ដែលមានសេចក្ដីបរិយាយថា «ពេលវេលាអាចផ្លាស់ប្ដូរអ្វីៗទាំងអស់នៅលើផែនដីបាន ប៉ុន្តែមិនអាចផ្លាស់ប្ដូរក្ដីស្រលាញ់ដែលបងមានចំពោះអូនបានឡើយ»។

នៅឆ្នាំ១៨១០ ព្រះចៅណាប៉ូឡេអុងបានទម្លាក់ព្រះមហេសី ហ្សូសិបហ្វីន ពីឋានៈសម្ដេចព្រះមាតាជាតិ ហើយក្រោយមកក៏បានលែងលះជាមួយនាងដាច់ស្រឡះតែម្ដង។

* ប្រវត្តិស្នេហាជាមួយព្រះនាង ម៉ារីយ៉ា៖

មុនពេលលើកទ័ពចូលឈ្លានពានចក្រភពរុស្ស៉ី ព្រះចៅណាប៉ូឡេអុងបានចូលទៅវាយលុកចក្រភពអូទ្រីសនៅឆ្នាំ១៨១០ ជាមុនសិន។ ប៉ុន្តែក្នុងពេលច្បាំងជាមួយកងទ័ពអូទ្រីសនោះ ព្រះអង្គបានទតឃើញព្រះនាងម្ចាស់មួយអង្គមានព្រះភក្ត្រល្អស្រស់សោភា គួរឱ្យចង់នែបនិត្យប្រតិព័ទ្ធ។ ព្រះនាងម្ចាស់អង្គនេះមានព្រះនាមថា ម៉ារីយ៉ា ល្វីស ដែលជាព្រះរាជបុត្រីរបស់ព្រះចៅអូទ្រីស។

ព្រះចៅណាប៉ូឡេអុងបានចូលខ្លួនចែចូវព្រះនាង ម៉ារីយ៉ា ហើយអ្នកទាំងពីរក៏បានរៀបអភិសេកជាមួយគ្នានៅឆ្នាំ១៨១០។ តាំងពីពេលនោះមក ព្រះមហេសី ម៉ារីយ៉ា ក៏ទទួលបានគោរមងារជាសម្ដេចព្រះមាតាជាតិនៃចក្រភពបារាំងវិញម្ដង។ នៅឆ្នាំ១៨១១ សហព័ទ្ធក្សត្រទាំងទ្វេក៏ទទួលបានបុត្រាមួយអង្គមានព្រះនាមថា ណាប៉ូឡេអុង ហ្វ្រង់ស័រ បូណាផាត (Napoléon François Joseph Charles Bonaparte) ឬ ណាប៉ូឡេអុងទី២ (Napoleon II)។

ពីដើមឡើយ ណាប៉ូឡេអុងបានបន្ទោសខ្លួនឯងថាអសមត្ថភាពមិនអាចមានបុត្រជាមួយមហេសីដើម ព្រះនាងហ្សូសិបហ្វីន ប៉ុន្តែនៅពេលឃើញព្រះនាង ម៉ារីយ៉ា ព្រះមហេសីទី២មានព្រះគភ៌យ៉ាងដូច្នេះ ព្រះអង្គក៏បានផ្លាស់ប្ដូរព្រះរាជតម្រិះចំពោះខ្លួនឯង។

ព្រះចៅណាប៉ូឡេអុង ក៏បានដំឡើងគោរមងារព្រះរាជបុត្ររបស់ព្រះអង្គជាស្ដេចត្រាញ់គ្រប់គ្រងនៅអ៉ីតាលី ប៉ុន្តែគួរឱ្យស្ដាយ ព្រះរាជបុត្រា ណាប៉ូឡេអុងទី២ចេញទៅត្រួតត្រាអ៉ីតាលីមិនបានប៉ុន្មានផង ក៏សោយទិវង្គតទាំងវ័យក្មេងនៅថ្ងៃទី២២ ខែកក្កដា ឆ្នាំ១៨៣២ នៅទីក្រុងវ្យែន ចក្រភពអូទ្រីស។

នៅពេលដែលណាប៉ូឡេអុងបរាជ័យក្នុងសង្គ្រាមចូលឈ្លានពានចក្រភពរុស្ស៉ី នៅឆ្នាំ១៨១២ ពួកសម្ពន្ធមិត្ត (អង់គ្លេស រុស្ស៉ី អូទ្រីស អាល្លឺម៉ង់ ស៊ុយអែត និងព្រុយស៉ី) បានរួមគ្នាកម្ចាត់កងទ័ពរបស់ណាប៉ូឡេអុង ក្រោយមកក៏បានបង្ខំឱ្យព្រះអង្គចុះចេញពីរាជ្យបល្ល័ង្ក ហើយបាននិរទេសទ្រង់ទៅកោះអាល់បា (នៅកណ្ដាលសមុទ្រមេឌីទែរ៉ាណេ)។ ពួកសម្ពន្ធមិត្តបានអនុញ្ញាតឱ្យព្រះនាង ម៉ារីយ៉ា គ្រប់គ្រងផ្នែកខ្លះនៃចក្រភពបារាំង ដូចជាតំបន់ Parma តំបន់ Piacenza និងតំបន់ Guastalla។

ចំណងស្នេហារវាងស្ដេចនិរទេសណាប៉ូឡេអុង និងព្រះនាងម៉ារីយ៉ាបានរសាត់ដាច់ចេញពីគ្នា ដោយព្រះចៅណាប៉ូឡេអុងកំពុងរងទុក្ខ​នៅលើកោះដាច់ស្រយាល​កណ្ដាលសមុទ្រ ចំណែកឯព្រះនាង ម៉ារីយ៉ា បែរជាកំពុងសោយសុខក្នុងឋានៈជាអធិរាជនីក្នុងរាជវាំងដ៏ស្កឹមស្កៃនោះទៅវិញ។

នៅចុងបញ្ចប់នៃរជ្ជកាលរបស់ព្រះអង្គ ណាប៉ូឡេអុងបានទទួលបរាជ័យម្ដងហើយម្ដងទៀត ហើយត្រូវបានពួកសម្ពន្ធមិត្តនិរទេសម្ដងទៀត​ឱ្យទៅរស់នៅលើ​កោះសាំងអេលីណា កណ្ដាលមហាសមុទ្រអាត្លង់ទិក ហើយបានសោយទិវង្គតនៅទីនោះនាឆ្នាំ១៨២១។

ក្រោយមរណភាពរបស់ព្រះស្វាមីដើម ព្រះនាងម៉ារីយ៉ា បានរៀបអាពាហ៍ពិពាហ៍ជាមួយស្វាមីក្រោយៗដល់ទៅពីរដងទៀត។ ស្វាមីទី២របស់ព្រះនាង គឺជាឧត្តមសេនីយ៍អូទ្រីសម្នាក់ឈ្មោះ អាល់បឺត ណេភឺក (Albert von Neipperg) ដែលបានរៀបអភិសេកនៅឆ្នាំ១៨២១ ហើយមានបុត្រចំនួន ៣នាក់។ បន្ទាប់ពីមរណភាពរបស់ អាល់បឺត ព្រះនាងបានរៀបអភិសេកលើកទី៣ ជាមួយមេទ័ពរបស់អូទ្រីសម្នាក់ទៀតឈ្មោះ ហ្សាល រ៉េនេ (Charles-René de Bombelles) នៅឆ្នាំ១៨៣៤។

សូមជម្រាបថា ព្រះនាងម្ចាស់ ម៉ារីយ៉ា ល្វីស ប្រសូត្រនៅថ្ងៃទី១២ ខែធ្នូ ឆ្នាំ១៧៩១ និងបានសោយទិវង្គតនៅថ្ងៃ១៧ ខែធ្នូ ឆ្នាំ១៨៤៧ នៅតំបន់ត្រួតត្រាហ្វាម៉ា (Parma) របស់ព្រះនាង ក្នុងជន្មាយុ៥៦ឆ្នាំ៕


ណាប៉ូឡេអុង និងហ្សូសិបហ្វីន


ព្រះនាង ហ្សូសិបហ្វីន


ពិធីរាជាភិសេករបស់ណាប៉ូឡេអុង និង ហ្សូសិបហ្វីន


ព្រះនាងម្ចាស់ ម៉ារីយ៉ា


ពិធីរាជាភិសេករបស់ព្រះចៅណាប៉ូឡេអុង និងព្រះនាង ម៉ារីយ៉ា


ព្រះនាង ម៉ារីយ៉ា និងព្រះឱរស ណាប៉ូឡេអុងទី២


ព្រះសពណាប៉ូឡេអុងទី២ ព្រះរាជបុត្រារបស់ព្រះចៅណាប៉ូឡេអុង


សំបុត្រស្នេហាមួយ ក្នុងចំណោមសំបុត្រជាច្រើនរបស់ព្រះចៅណាប៉ូឡេអុង


បរាជ័យរបស់កងទ័ពបារាំងក្នុងពេលចូលវាយចក្រភពរុស្ស៊ី