សត្វ១០ប្រភេទ ដែលមានជីវិតខ្លីបំផុត
* ១៖ កន្ទុំរុយមេយ៍ហ្លាយ (Mayfly) រស់នៅបាន១ថ្ងៃ
មេយ៍ហ្លាយ គឺជាប្រភេទសត្វកន្ទុំរុយម្យ៉ាង ដែលមានជីវិតខ្លីជាងគេបំផុត លើផែនដីយើងនេះ គឺសត្វប្រភេទនេះអាចរស់នៅបានត្រឹមតែ១ថ្ងៃ ឬ២៤ម៉ោងប៉ុណ្ណោះ។ មេយ៍ហ្លាយ ក៏ត្រូវបានគេហៅថា «សត្វល្អិតដែលរស់នៅបានតែ១ថ្ងៃ (one-day insects)» ក៏ព្រោះតែអាយុរស់នៅដ៏ខ្លីរបស់ពួកវា។ យ៉ាងហោចណាស់ មានពួកមេយ៍ហ្លាយ ២៥០០ប្រភេទផ្សេងៗគ្នា នៅលើពិភពលោកយើងនេះ ហើយលើសពីនេះ សមាជិកខ្លះរបស់មេយ៍ហ្លាយ ងាប់ទៅវិញភ្លាមបន្ទាប់ពីកើតបានត្រឹមតែ ២ទៅ៣ម៉ោងប៉ុណ្ណោះ។
ពេលកើតមកភ្លាម មេយ៍ហ្លាយ ចំណាយពេលហើរលេងសប្បាយប្រៀបបីដូចជាអារក្ខទេវី នៅតាមដើមឈើអញ្ចឹង។ យ៉ាងណាក៏ដោយ មេយ៍ហ្លាយ ក៏ផ្តល់ផលប្រយោជន៍ដែរ គឺវាជាចំណីអាហារសម្រាប់សត្វប្រភេទខ្លះទៀត ហើយពួកវាក៏ជាប្រភេទសត្វបន្តពូជ។ អំឡុងពេលមានជីវិតដ៏ខ្លីនេះ មេយ៍ហ្លាយ បង្កើតជាក្រុម ហើយហើររាំលេងជាមួយគ្នា គ្រប់ទីកន្លែងទាំងអស់ដែលវាទៅដល់ រហូតដល់ពេលវាស្លាប់ទៅវិញ។
* ២៖ សត្វល្អិតកាស្ត្រូទ្រីច (Gastrotrichs) រស់នៅបាន៣ថ្ងៃ
កាស្ត្រូទ្រីច គឺជាប្រភេទសត្វល្អិតម្យ៉ាង ឬមីក្រូសរីរាង្គមួយក្នុងចំណោមមីក្រូសរីរាង្គ ដែលរស់នៅក្នុងបរិស្ថានសមុទ្រ។ ជាទូទៅ ពួកវាមានទំហំ ៣មីល្លីម៉ែត្រ ហើយជីវិតរបស់ពួកវា ធម្មជាតិកំណត់មកត្រឹមតែ ៣ថ្ងៃប៉ុណ្ណោះ។
កាស្ត្រូទ្រីច មួយចំនួនតោងជាមួយនឹងសត្វ ដែលរស់នៅក្នុងទឹកដទៃទៀត ហើយខ្លះទៀត ហែលក្នុងទឹកស្វែងរកចំណីអាហារ។ អម្បូរសត្វល្អិតប្រភេទនេះ មានទាំងញី និងឈ្មោល ហើយវាក៏ធ្វើការបន្តពូជដូចសត្វផ្សេងទៀតដែរ។
* ៣៖ ស្រមោចហោះ (Drone Ants) រស់នៅបាន៣សប្តាហ៍
ស្រមោចហោះ រស់នៅបានត្រឹមតែ ៣សប្តាហ៍ប៉ុណ្ណោះ។ ពួកវា គឺជាសត្វស្រមោចឈ្មោល ដែលរស់នៅជាមួយពពួកស្រមោចញីផ្សេងទៀតក្នុងក្រុមមួយ មានន័យថា ក្នុងក្រុមស្រមោចនោះ ឲ្យតែស្រមោចណាមានស្លាប វាត្រូវបានគេសម្គាល់ថាភេទឈ្មោល ឬស្រមោចហោះនេះឯង។
ស្រមោចហោះ ភាគច្រើនខ្ជិលៗណាស់ គឺពួកវាមិនធ្វើការច្រើនដូចស្រមោចញីទេ ហើយជាធម្មតាស្រមោចញី ជាអ្នកបង្កបង្កើតឲ្យមានស្រមោចជាក្រុមៗ។ អ្វីដែលគួរឲ្យចាប់អារម្មណ៍នោះ ស្រមោចហោះ កាន់តែឆាប់ងាប់ ពេលវាបានពាក់គ្នាជាមួយស្រមោចញី។ និយាយជារួម ស្រមោចហោះ ដើរតួនាទីយ៉ាងសំខាន់ ក្នុងការបង្កើតឲ្យមានសមាជិកស្រមោចក្រោយៗទៀត បើទោះបីជាពួកវា មានវដ្តជីវិតខ្លីក៏ដោយ។
* ៤៖ រុយ (Houseflies) រស់នៅបាន៤សប្តាហ៍
រុយ ជាសត្វល្អិត ដែលយើងតែងតែឃើញជានិច្ច ជាពិសេនៅក្នុងផ្ទះរបស់យើង ហើយពួកវារស់នៅបានត្រឹមតែ ៤សប្តាហ៍ប៉ុណ្ណោះ។ សត្វប្រភេទនេះ ស៉ីអាហរគ្រប់ប្រភេទមិនថាស្អុយ ឬរលួយយ៉ាងណាឡើយ ជាពិសេសនោះជើងរបស់វាអាចជាប់ទៅដោយមេរោគ ដែលជាប្រការធ្វើឲ្យយើងត្រូវប្រយ័ត្នចំពោះវា។
គួរកត់សម្គាល់ថា រុយ ដែលរស់នៅតាមផ្ទះបាយរបស់យើង អាចរស់នៅបានយូរជាងរុយ ដែលរស់នៅក្នុងបរិស្ថានក្រៅផ្ទះរបស់យើង។ បន្ថែមលើនេះ អំឡុងពេលនៅរស់ក្នុងរយៈពេលដ៏ខ្លីនេះ រុយញី បង្កើតស៊ុតបានដល់ទៅ ១០០០គ្រាប់ឯណោះ។
* ៥៖ កន្ទុំរុយ (Dragon Fly) រស់នៅបាន៤ខែ
យ៉ាងហោចណាស់ មានកន្ទុំរុយចំនួន ៥០០០ប្រភេទខុសៗគ្នា នៅលើពិភពលោកយើងនេះ។ អតិបរមា ដែលរស់នៅបានយូរបំផុត របស់សត្វប្រភេទនេះមានរយៈពេល ៤ខែ ប៉ុន្តែមានកន្ទុំរុយខ្លះ មិនអាចរស់នៅបានយូរដល់ថ្នាក់នេះទេ ពីព្រោះពួកវាអាចត្រូវបានសត្វដទៃស៉ីជាអាហារ ដូចជា ពីងពាង បក្សី ពួកបង្គួយ និងកង្កែបជាដើម។ គួរបញ្ជាក់ថា ខ្យល់បកខ្លាំង និងអាកាសធាតុមិនល្អ ធ្វើឲ្យពួកវាពិបាកញាស់ពីភាពជាដង្កូវបាន។
កន្ទុំរុយ ក៏មិនអាចហើរបានឆាប់ៗដែរ បន្ទាប់ពីបញ្ចប់ភាពជាដង្កូវភ្លាម ខណៈដែលស្ថានភាពនេះ ធ្វើឲ្យពួកវាងាយនឹងត្រូវសត្វដទៃស៉ីជាអាហារ។ បន្ថែមលើនេះ កន្ទុំរុយ មិនអាចរស់នៅបានយូរឡើយ បើវាស្ថិតក្នុងលក្ខខណ្ឌត្រជាក់។
* ៦៖ កណ្តុរ (House Mouse) រស់នៅបាន១ឆ្នាំ
វដ្តជីវិតជាមធ្យមរបស់កណ្តុរ មានរយៈពេល ១ឆ្នាំ ប៉ុន្តែការយាយីពីលក្ខខណ្ឌខាងក្រៅ ដូចជាឆ្មា និងការដាក់ថ្នាំបំពុល ធ្វើឲ្យពួកវាអាចងាប់បានគ្រប់ពេលទាំងអស់។ ទោះមានជីវិត ១ឆ្នាំ តែកណ្តុរត្រូវបានគេចាត់ក្នុងថ្នាក់ សត្វដែលមានអាយុខ្លីបំផុត។
កណ្តុរ ក៏ជាសត្វម្យ៉ាងដែលងាយនឹងមានបញ្ហាផ្នែកសុខភាព អំឡុងពេលវាលូតលាស់ផងដែរ។ ជាមួយគ្នានេះ សត្វប្រភេទនេះសាយកូនច្រើនណាស់ ក៏ព្រោះតែធម្មជាតិបង្កើតពួកវាមក ឲ្យមានជីវិតខ្លីបែបនេះ។
* ៧៖ បង្គួយខាមីលាន (Chameleons) រស់នៅបាន១ឆ្នាំ
បង្គួយខាមីលាន ដែលរស់នៅបាន ១ឆ្នាំនេះ មានដើមកំណើតនៅឯផ្នែកខាងជើង និងខាងកើត ក្នុងប្រទេសម៉ាដាកាស្កា (Madagascar)។ សត្វប្រភេទនេះ ងាយនឹងធ្វើការបន្តពូជផ្តល់កូនចៅជំនាន់ក្រោយ ព្រោះតែពួកវាមានជីវិតខ្លី ដូចសត្វមួយចំនួនទៀត។
គួរទាញចំណាប់អារម្មណ៍ថា ក្នុងភាពជាវ័យស្ទាវរបស់បង្គួយខាមីលាន តែងតែពួនលាក់បាំងខ្លួងឯង មុនពេលដែលកូនតូចៗ ញាស់ចេញពីស៊ុត។ ការផ្លាស់ប្តូរពណ៌ដ៏ឆាប់រហ័ស គឺជាចំណុចដែលគួរឲ្យកត់សម្គាល់បំផុត របស់បង្គួយប្រភេទនេះ ដូច្នេះពួកវាងាយនឹងពួន ឬលាក់ខ្លួនជាមួយបរិយាកាសជុំវិញ។ ចំណីសម្រាប់បង្គួយខាមីលាន ភាគច្រើនគឺជាសត្វចង្រិត ដង្កូវ ជន្លេន និងព្រូន។
* ៨៖ ត្រីមូស (Mosquitofishs) រស់នៅបាន២ឆ្នាំ
ត្រីមូស គឺជាប្រភេទត្រីទឹកសាប មានដើមកំណើតនៅសហរដ្ឋអាមេរិក ហើយត្រីប្រភេទនេះ រស់នៅបាន ២ឆ្នាំ។ ទោះយ៉ាងណា ក៏មានត្រីមូសដែលរស់នៅក្នុងទឹកប្រៃដែរ ប៉ុន្តែពួកវាមានជីវិតតិចជាង ត្រីមូសដែលរស់នៅក្នុងទឹកសាប។ លើសពីនេះ ត្រីមូសប្រភេទញី រស់នៅបានយូរជាងប្រភេទឈ្មោល។
បើទោះបីជា ត្រីមូសរស់នៅក្នុងទឹកប្រៃមានជីវិតខ្លីជាងត្រីមូស ដែលរស់នៅក្នុងទឹកសាបក៏ដោយ ពួកវាមានសំណាងត្រង់ថា មិនមានសត្វរំពាច្រើន ដែលចាំចាប់ពួកវាជាចំណី។
* ៩៖ កណ្តុរសំពៅ (Guinea Pigs) រស់នៅបាន៤ឆ្នាំ
កណ្តុរសំពៅ ត្រូវបានចាត់ជាប្រភេទសត្វចិញ្ចឹម ដ៏គួរឲ្យស្រឡាញ់ ហើយពួកវាជាសត្វដែលមានដើមកំណើត នៅអាហ្វ្រិកខាងត្បូង។ គួរឲ្យសោកស្តាយ វដ្តជីវិតរបស់ពួកវា មានត្រឹមតែ ៤ឆ្នាំប៉ុណ្ណោះ។ សត្វប្រភេទនេះ ងាយនឹងឆ្លងរោគណាស់ ហេតុនេះការចិញ្ចឹមពួកវា ត្រូវតែថែទាំឲ្យបានដិតដល់។
បើសិនជាមានការថែទាំបានត្រឹមត្រូវ អ្នកអាចជួយឲ្យកណ្តុរសំពៅ មានជីវិតកាន់តែវែង លើសពី៤ឆ្នាំ។ ប៉ុន្តែជាការលំបាកណាស់ ក្នុងការរក្សាសត្វប្រភេទនេះ ឲ្យចាកឆ្ងាយពីជំងឺនានា និងជាពិសេស Scurvy (ជាជំងឺម្យ៉ាងបណ្តាលមកពីខ្វះវីតាមីនសេ), Bronchitis (ជាជំងឺទងសួត), និង Bumblefoot (ជាជំងឺដំបៅជើង)។
* ១០៖ ទន្សាយស្រុក (Doestic Rabbits) រស់នៅបានពី៨ទៅ១០ឆ្នាំ
ទន្សាយ គឺជាថនិកសត្វតូចៗ ដែលរស់នៅតាមទីតាំងផ្សេងគ្នា លើពិភពលោកយើងនេះ ហើយបើនិយាយពីទន្សាយស្រុកវិញ មានជីវិតជាមធ្យម ពី៨ទៅ១២ឆ្នាំ។ ជំងឺធាត់ និងមហារីកស្បូន គឺជាជំងឺដ៏ចម្បង ដែលធ្វើឲ្យកណ្តុរស្រុករងគ្រោះ។ ភេទញី កាន់តែងាយឆ្លងជំងឺទាំងនេះ ជាងភេទឈ្មោល។
ការឲ្យចំណី និងអាហារច្រើនដល់កណ្តុរស្រុក ក៏ជាមូលហេតុនាំឲ្យមានបញ្ហាសុខភាពដែរ។ យកល្អ គួរតែឲ្យវាផឹកទឹកឲ្យបានច្រើនជារៀងរាល់ថ្ងៃ ព្រោះសត្វប្រភេទនេះ ត្រូវការទឹកខ្លាំងណាស់។ សូមបញ្ជាក់ថា កណ្តុរស្រុក គឺជាប្រភេទសត្វផលិតកូនច្រើនផងដែរ៕