រមណីយដ្ឋានទឹកធ្លាក់ថ្មក្រាល ខេត្តកំពង់ឆ្នាំងនៅតែមានការចាប់អារម្មណ៍ពីភ្ញៀវទេសចរណ៍

កំពង់ឆ្នាំង៖ រមណីយដ្ឋានទឹកធ្លាក់ថ្មក្រាល មានទីតាំងស្ថិតក្នុងភូមិកោះខ្ទុម្ព ឃុំជៀប ស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង មានចម្ងាយ៥៧គីឡូម៉ែត្រពីទីក្រុងកំពង់ឆ្នាំង នៅតែមានការចាប់អារម្មណ៍ពីភ្ញៀវទេសចរណ៍ ដោយសារតំបន់អេកូទេសចរណ៍មួយនេះ មានទឹកជ្រោះហូរធ្លាក់ពីលើភ្នំសំរាប់មុជកម្សាន្តត្រជាក់ជាប់ចិត្ត។

លោក សេង សាលី ប្រធានមន្ទីរទេសចរណ៍ខេត្តកំពង់ឆ្នាំង មានប្រសាសន៍ថា សំរាប់ថ្ងៃចុងសប្តាហ៍តំបន់អេកូទេសចរណ៍មួយនេះ មានភ្ញៀវមកលេងកម្សាន្តប្រមាណជាង១ពាន់នាក់ ដោយសារសេវាលក់ចំណីអាហារមានតម្លៃសមរម្យ មានកញ្ចុះអង្គុយលេងតាមមាត់ជ្រោះជាង៧០កន្លែង មានបង្គន់អនាម័យត្រឹមត្រូវ ជាពិសេសមានប្រជាការពារសំរាប់រក្សាសន្តិសុខនិងសណ្តាប់ធ្នាប់បានយ៉ាងល្អប្រសើរ។

លោកបន្តថា ទោះបីជាផ្លូវធ្វើដំណើរទៅកាន់រមណីយដ្ឋានធម្មជាតិថ្មក្រាល មានការលំបាកដោយអន្លើៗ និងមិនទាន់មានការអភិវឌ្ឍខ្លាំងក៏ពិតមែន ប៉ុន្តែនៅតែមានភ្ញៀវទេសចរទៅលេងកម្សាន្តជាហូរហែមិនចេះដាច់ឡើយ។

លោកប្រធានមន្ទីរទេសចរណ៍ខេត្តកំពង់ឆ្នាំង ក៏បានអំពាវនាវដល់ភ្ញៀវទេសចរ ដែលមកលេងកំសាន្ត ចូលរួមរក្សាអនាម័យចោលសំរាមក្នុងធុង ពេលមុជកម្សាន្តក្នុងទឹកជ្រោះសូមប្រុងប្រយត្ន័ចំពោះកូនចៅតូចៗ ជាពិសេសចូលរួមពាក់ម៉ាសទាំងអស់គ្នាដើម្បីការពារជម្ងឺកូវីដ-១៩ តាមការណែនាំរបស់រាជរដ្ឋាភិបាល ក៏ដូចជាក្រសួងសុខាភិបាល ៕