ព្រះសង្ឃ រួមជាមួយ អាចារ្យ គណៈកម្ម ការ ពុទ្ធបរិស័ទ បានដាំកូនឈើក្រញូង នៅក្នុងបរិវេណវត្តវារីផាសុខារាម “ហៅវត្តទឹកជុំ” និងបរិវេណសាលាបុណ្យភូមិជ្រៃកោងកើត

កំពង់ឆ្នាំង​៖នារសៀលថ្ងៃអាទិត្យ ១២រោច ខែស្រាពណ៍ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២០នេះ នៅក្នុងបរិវេណវត្តវារីផាសុខារាម “ហៅវត្តទឹកជុំ” និងបរិវេណសាលាបុណ្យភូមិជ្រៃកោងកើត បានដាំកូនឈើ ក្រោមការផ្តួចផ្តើមពី ព្រះមង្គលានុរ័ក្ខ អំ សៃ ព្រះរាជាគណៈថ្នាក់កិតិ្តយស ទីប្រឹក្សាផ្ទាល់សម្តេចព្រះអគ្គមហាសង្ឃរាជាធិបតីកត្តិឧទេ្ទសបណ្ឌិត ទេព វង្ស សម្តេចព្រះមហាសង្ឃរាជ នៃព្រះរាជាណាចក្រកម្ពុជា។​

ការដាំកូនឈើនេះប្រព្រឹត្តទៅដោយមានការនិមន្តចូលរួមពីព្រះគ្រូវិចិត្រសីលញាណ ខុន ឆុន ជំនួយការសម្តេចព្រះអគ្គមហាសង្ឃរាជាធិបតីកិត្តិឧទ្ទេសបណ្ឌិត ទេព វង្ស សម្តេចព្រះមហា សង្ឃរាជ នៃព្រះរាជាណាចក្រកម្ពុជា និងជាព្រះចៅអធិការវត្តទឹកជុំ, ព្រះគ្រូឆន្ទរតនមុនី សរ បញ្ញាឫទ្ធិ ជំនួយការសម្តេចព្រះអគ្គមហាសង្ឃរាជាធិបតីកិត្តិឧទ្ទេសបណ្ឌិត ទេព វង្ស សម្តេចព្រះមហាសង្ឃ រាជ នៃព្រះរាជាណាចក្រកម្ពុជា រួមជាមួយ ព្រះសង្ឃ អាចារ្យ គណៈកម្មការ ពុទ្ធបរិស័ទ។​

បើតាមការបញ្ជាក់ពី ព្រះគ្រូឆន្ទរតនមុនី សរ បញ្ញាឫទ្ធិ ឱ្យដឹងថាៈ ការដាំកូនឈើក្រញូង នៅក្នុងបរិវេណវត្តទឹកជុំ និងបរិវេណសាលាបុណ្យភូមិជ្រៃកោងកើតនេះគឺជាការចូលរួមថែរក្សា ការពារនូវសម្រស់ធម្មជាតិ កុំឱ្យមានការបាត់បង់ និងទាក់ទាញទឹកភ្លៀង ការពារកម្តៅ និងខ្យល់ព្យុះ ជាដើម។

ព្រះអង្គបានបញ្ជាក់បន្ថែមទៀតថាៈ ការដាំកូនឈើ នេះគឺជាការបំផុសគំនិតដល់យុវជនឱ្យចេះស្រឡាញ់ និងការពារបរិស្ថាន ដែលមានសារៈសំខាន់សម្រាប់មនុស្សគ្រប់រូប ការដាំកូនឈើសម្រាប់យុវជនជំនាន់ក្រោយ ៕