ខេត្តកំពង់ឆ្នាំង បិទការប្រកួតកីឡាសិស្សបឋមសិក្សា មធ្យមសិក្សាជ្រើស រើសជើងឯកទូទាំងខេត្តប្រចាំឆ្នាំ២០២០-២០២១ [មានវីដេអូ]

កំពង់ឆ្នាំង៖ ពិធីបិទការប្រកួតកីឡាសិស្សបឋមសិក្សា មធ្យមសិក្សាជ្រើសរើសជើងឯកប្រចាំខេត្តកំពង់ឆ្នាំង លើប្រភេទកីឡាបាល់ទាត់ បាល់ទះ បាល់បោះ និងអត្តពលកម្មឆ្នាំ២០២០-២០២១ បានប្រារព្ធធ្វើឡើងនៅព្រឹកថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២១ នៅទីលានបាល់ទាត់មុខសាលាខេត្តកំពង់ឆ្នាំង ក្រោមអធិបតីភាពលោក ស្រ៑ន សំឫទ្ធី អភិបាលរងខេត្តនិងមានការអញ្ជើញចូលរួមពីលោកប្រធានមន្ទីរអប់រំខេត្ត លោក លោកស្រីប្រធានអនុប្រធានមន្ទីរអង្គភាព ជុំវិញខេត្តប្រតិភូដឹកនាំកីឡាករកីឡាការីនី សិស្សនុសិស្សមកពីស្រុក/ក្រុងទាំង៨ ក្នុងខេត្តកំពង់ឆ្នាំង។

តាមរបាយការណ៍ស្វាគមន៍របស់លោកស៊ឹម ម្រឹម ប្រធានមន្ទីរអប់រំ យុវជននិងកីឡាខេត្តកំពង់ឆ្នាំង បានឱ្យដឹងថាៈកីឡាករ កីឡាការិនី សិស្សបឋមសិក្សា និងមធ្យមសិក្សាលើប្រភេទកីឡាដែលត្រូវប្រកួតរួមមាន បាល់ទាត់, បាល់ទះ, បាល់បោះអត្តពលកម្ម និងប៉េតង់។ លោកប្រធានមន្ទីរ បានបន្តទៀតថាៈ ការប្រកួតនាពេលនេះគឺជ្រើសរើសបានក្រុមកីឡាករ កីឡាការិនីសម្រាប់ចូលរួមប្រកួតកីឡាសិស្សបឋមសិក្សាថ្នាក់ជាតិប្រចាំឆ្នាំសិក្សា២០២០-២០២១ ដែលក្នុងនោះមានកីឡាករ កីឡាការិនីសិស្សបឋមសិក្សាចំនួន០៩ក្រុម លើប្រភេទកីឡា បាល់ទាត់ បាល់ទះ បាល់បោះ អត្តពលកម្ម វាយសី និងវាយកូនឃ្លីលើតុ ដែលនឹងប្រព្រឹត្តទៅនៅពេលខាងមុខ។

មានប្រសាសន៍បិទកម្មវិធីលោក ស្រ៑ន សំឫទ្ធី បានឱ្យដឹងថាៈ កីឡាករកីឡាការិនី គឺជាទំពាំងស្នងឬស្សីក្នុងការអភិវឌ្ឍន៍ជាតិនាថ្ងៃអនាគតដែលមិនអាចខ្វះបាន។ការប្រកួតកីឡាជ្រើសរើសជើងឯកនៅក្នុងពេលនេះ គឺជាការប្រកួតដើម្បីផ្លាស់ប្តូរបទពិសោធន៍ពីគ្នាទៅវិញទៅមក ក្នុងន័យសាមគ្គីភាព មិត្តភាព និងចេះយោគយល់អធ្យាស្រ័យគ្នាទៅវិញទៅមក។ វេទិកាកីឡា គឺជាកាលាអនុវត្តភាពប្រកបដោយសមធម៌ដែលផ្តល់ឱ្យកីឡាករ និងគូរប្រកួតមានឱកាសសាកល្បង បញ្ចេញសមត្ថភាពបច្ចេកទេស ទេពកោសល្យ ដើម្បីទទួលជ័យជំនះ។ ទន្ទឹមនេះដែរវិស័យកីឡាបានរួមចំណែកកាត់បន្ថយភាពអសកម្ម អំពើអបាយមុខក្នុងសង្គម ដូចជាការសេពគ្រឿងញៀន ល្បែងស៊ីសង អំពើហឹង្សាក្នុងគ្រួសារ និងបទល្មើសផ្សេងៗក្នុងសង្គមជាតិ។

លោក ស្រ៑ន សំឫទ្ធី ក៏បានសម្តែងនូវអំណរគុណ និងកោតសសើរចំពោះមន្ទីរអប់រំ យុវជន និងកីឡាខេត្ត ដែលបានសហការរៀបចំការប្រកួតកីឡាបានយ៉ាងល្អប្រសើរ ព្រមទាំងគណៈកម្មការប្រកួតកីឡា គណៈប្រតិភូកីឡាស្រុក/ក្រុងទាំង៨ ដែលបានសហការគ្នាបានយ៉ាងល្អក្នុងការប្រកួតកីឡាសិស្សបឋមសិក្សា និងមធ្យមសិក្សាក្នុងពេលនេះឱ្យទទួលបានជោគជ័យ និងលទ្ធផលល្អ និងសំរាប់ផ្តល់កិត្តិយសឱ្យក្រុង/ស្រុកនីមួយៗរបស់ខ្លួនផងដែរ។ លោក ក៏បានអំពាវនាវដល់សិស្សានុសិស្សទាំងអស់ចូលរួមការបង្កានិងទប់ស្កាត់ការពារពីការឆ្លងរីករាលដាលនៃជំងឺកូវីដ១៩ ដោយអនុវត្តតាមការណែនាំរបស់ក្រសួងសុខាភិបាល ៕