លោកជំទាវ ឱ វណ្ណឌីនអញ្ជើញជាអធិបតីភាពក្នុងកិច្ចប្រជុំបិទយុទ្ធនាការចាក់វ៉ាក់សាំងការពារជំងឺកូវីដ១៩ជុំទី១សម្រាប់ប្រជាពលរដ្ឋមានអាយុចាប់ពីអាយុ១៨ឆ្នាំឡើងនៅទូទាំងខេត្តកំពង់ឆ្នាំង


កំពង់ឆ្នាំងៈនាថ្ងៃទី១២ ខែតុលា ឆ្នាំ២០២១ នៅសាលប្រជុំសាលាខេត្តកំពង់ឆ្នាំង បើកកិច្ចប្រជុំបិទយុទ្ធនាការចាក់វ៉ាក់សាំងការពារជំងឺកូវីដ១៩ ជុំទី១ សម្រាប់ប្រជាពលរដ្ឋចាប់ពីអាយុ១៨ឡើង នៅខេត្តកំពង់ឆ្នាំង ក្រោមអធិបតីភាព លោកជំទាវ ឱ វណ្ណឌីន រដ្ឋលេខាធិការក្រសួងសុខាភិបាល និងជាប្រធានគណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំង កូវីដ១៩ក្របខ័ណ្ឌទូទាំងប្រទេស ដោយមានការចូលរួមពី ឯកឧត្តម ឡុង ឈុនឡៃ ប្រធានក្រុមប្រឹក្សាខេត្ត ឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ អភិបាល នៃគណៈអភិបាលខេត្តកំពង់ឆ្នាំង ឯកឧត្តម លោកជំទាវ អភិបាលរងខេត្ត ប្រធានអង្គភាពពាក់ព័ន្ធ និង ភិបាលក្រុង ស្រុកទាំង៨ចូលរួមផងដែរ។

តាមរបាយការណ៍ស្វាគមន៍របស់ ឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ អភិបាលនៃគណៈអភិបាលខេត្តកំពង់ឆ្នាំង បានអោយដឹងថាៈដំណើរកាវចាក់វ៉ាក់សាំងកូវីដ១៩ ជូនប្រជាពលរដ្ឋក្នុងខេត្តកំពង់ឆ្នាំង គិតពីអាយុ ១៨ឆ្នាំឡើងនៅជុំទី១ នេះសរុប បាន ៩៩ ភាគរយហើយ ស្មើនិង ៣២៤ ១៤៨ នាក់ ។

ឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ បានមានប្រសាសន៍បន្តថាៈ ទោះបីជា ចំនួនប្រជាពលរដ្ឋភាគតិចមិនទាន់បានចាក់វ៉ាក់សាំង ក៏បានរៀបចំមណ្ឌលសម្រាប់ចាក់វ៉ាក់សាំងចំនួន២៥ មណ្ឌលនៅ ៧០ ឃុំ សង្កាត់ក្នុងខេត្តកំពង់ឆ្នាំង ដើម្បីធ្វើការចាក់ជូនដល់បងប្អូនប្រជាពលរដ្ឋបានគ្រប់ៗគ្នា ។

មានប្រសាសន៍ក្នុងឱកាសនោះលោកជំទាវ​ ឱ វណ្ណឌីន បានថ្លែងថាៈការខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំរបស់សម្ដេច តេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ក្នុងការដឹក នាំរៀបចំផែនការ និងដាក់ចេញនូវអភិក្រមផ្ការីក ក្នុងការចាក់វ៉ាក់សាំង ជូនប្រជាពលរដ្ឋ រហូតសម្រេចបានលទ្ធផល ជិត៩៩ភាគរយនៃផែនការ ១០លាននាក់ ចំពោះប្រជាពលរដ្ឋដែលមានអាយុចាប់ពី១៨ឆ្នាំឡើង។

លោកជំទាវ​ ឱ វណ្ណឌីន បានជម្រុញអោយអាជ្ញាធរខេត្ដកំពង់ឆ្នាំង ត្រូវ បន្ដបង្កើននូវការផ្សព្វផ្សាយយុទ្ធនាការជាតិ ក្រោមប្រធានបទ រួមគ្នាទទួលខុសត្រូវទប់ស្កាត់ការចម្លងវីរុសកូវីដ១៩ ដល់ប្រជាពលរដ្ឋបន្ថែមទៀត ដើម្បីបន្ដចូលរួមទប់ស្កាត់ និងការពារជំងឺកូវីដ១៩។

លោកជំទាវ​ ឱ វណ្ណឌីន បានថ្លែងនូវការកោតសរសើរចំពោះលទ្ធផលដែលរដ្ឋបាលខេត្តកំពង់ឆ្នាំងសម្រេច ក្នុងផែនការចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋនិងសូមអាជ្ញាធរខេត្តកំពង់ឆ្នាំង ដើម្បីជំរុញការចាក់វ៉ាក់សាំង កូវីដ១៩ ជូនប្រជាពលរដ្ឋដែលនៅសេសសល់មិនទាន់បានចាក់ដោយប្រការណាមួយ។

លោកជំទាវ​ ឱ វណ្ណឌីន ក៏បានអំពាវនាវដល់ប្រជាពលរដ្ឋដែលនៅមិនទាន់បានចាក់វ៉ាក់សាំង ត្រូវរួសរាន់មកទទួលយកនូវការចាក់វ៉ាក់សាំង ដើម្បីការពារជំងឺកូវីដ-១៩ និងត្រូវរៀនរស់ក្នុងបរិបទកូវីដ១៩ និងចូលរួមអនុវត្តនូវអនុសាសន៍របស់សម្តេចប្រមុខរាជរដ្ឋាភិបាល ៣ការពារ និង៣កុំ អោយបានខ្ជាប់ខ្ជួន ។