ក្រោយមានសំណើពីសមាជិកព្រឹទ្ធសភា និងតំណាងរាស្រ្តសហរដ្ឋអាមេរិកសម្តេចតេជោ ហ៊ុន សែន ប្រកាសយល់ព្រមចាប់ ផ្តើមបើកប្រតិបត្តិការ រុករកអដ្ឋិធាតុទាហានអាមេរិកឡើងវិញ
ភ្នំពេញ៖ យោងតាមលិខិតរបស់សម្តេចតេជោ ហ៊ុន សែន ផ្ញើជូននិងឆ្លើយតបជាមួយសំណើរបស់សមាជិកព្រឹទ្ធសភា រដ្ឋវ៉ាស៊ីនតោន សហរដ្ឋអាមេរិក លោក ដុក អេរិកសុន (Doug Ericksen) និងតំណាងរាស្រ្តលោក វីនសុន បាយ្ស (Vicent Buys) កាលពីថ្ងៃទី១២ ខែតុលា ឆ្នាំ២០១៨ ម្សិលមិញ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា បានប្រកាសតាមលិខិតឆ្លើយតបថា រាជរដ្ឋាភិបាលកម្ពុជា បានយល់ព្រមបើកឡើងវិញនូវប្រតិបត្តិការរុករក អដ្ឋិធាតុទាហានអាមេរិក នៅក្នុងប្រទេសកម្ពុជា។
ក្នុងលិខិតសម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់យ៉ាងដូច្នេះថា «ដូចដែលយើងបានពិភាក្សាលើកមុន និងឆ្លើយតបចំពោះសំណើរបស់ឯឧត្តម ព្រមទាំងសំណើ របស់អង្គការ ពាក់ព័ន្ធដទៃទៀត របស់សហរដ្ឋអាមេរិក រដ្ឋាភិបាលរបស់ខ្ញុំ ដោយក្នុងស្មារតីមេត្តា ករុណាដូចកន្លងមក យល់ព្រមចាប់ផ្តើមឡើងវិញនូវប្រតិបត្តិការរុករកអដ្ឋធាតុ POW/MIA ដ៏សំខាន់នេះទោះបីជាការរឹតត្បឹតទិដ្ឋការសហរដ្ឋអាមេរិកនៅតែមានសុពលភាពក៏ដោយ»។
សម្តេចតេជោ ហ៊ុន សែន បានគូសបញ្ជាក់ទៀតថា ជាការពិតយើងតែងតែមានបំណងលើកកម្ពស់ទំនាក់ទំនងទ្វេភាគី និងធ្វើឲ្យកាន់តែស៊ីជម្រៅនូវកិច្ចសហប្រតិបត្តិការលើ គ្រប់វិស័យទាំងអស់ ជាមួយសហរដ្ឋអាមេរិក ដោយឈរលើមូលដ្ឋានផលប្រយោជន៍រួម និងគោរពគ្នាទៅវិញទៅមក។ កិច្ចសហប្រតិបត្តិការលើកម្មវិធី POW/MIA តាំងតែពីមុនពេលកម្ពុជា និងសហរដ្ឋអាមេរិកតភ្ជាប់ ទំនាក់ទំនងឡើងវិញ នៅទស្សវត្ស១៩៩០ គឺជាទាហរណ៍បញ្ជាក់ច្បាស់អំពីការខិតខំរបស់យើងដើម្បីគោលដៅនេះ ហើយក៏ជាការឆ្លុះបញ្ចាំងនូវការរួមមនោសញ្ចេតនាយ៉ាងជ្រាលជ្រៅ ជាមួយនឹងក្រុមគ្រួសារឈ្លើយសឹក និងទាហានអាមេរិកបាត់ខ្លួន ដែលបានរងទុក្ខផ្លូវចិត្តយ៉ាងធំធេងដោយការបាត់បង់របស់គេ។
សូមបញ្ជាក់ថា កិច្ចសហប្រតិបត្តិការរុករកអដ្ឋិធាតុទាហានអាមេរិកនៅកម្ពុជា ត្រូវបានប្រកាសផ្អាកជាបណ្តោះអាសន្ន ដោយសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា ចាប់តាំងពីខែកញ្ញា ឆ្នាំ២០១៧ បន្ទាប់ពីសហរដ្ឋអាមេរិក បានផ្អាកការផ្តល់ទិដ្ឋាការប្រភេទ B1 និង B2 (ប្រភេទទេស ចរណ៍ និងជំនួញ) ដល់មន្រ្តីក្រសួងការបរទេសកម្ពុជា ចាប់ តាំងពីថ្នាក់អគ្គនាយករហូតដល់ថ្នាក់កំពូល។ គិតរហូតមក ដល់ពេលនេះ កិច្ចសហប្រតិបត្តិការរុករកអដ្ឋិធាតុទាហានអាមេរិកនៅកម្ពុជា ត្រូវបានប្រកាសផ្អាកជាបណ្តោះអាសន្នរយៈពេលជាង១ឆ្នាំមកហើយ ខណៈដែលអដ្ឋិធាតុរបស់ទាហានអាមេរិក ដែលបាត់បង់ជីវិតនៅលើដីកម្ពុជាទាំងអស់មានប្រមាណ ៨០នាក់ ហើយបច្ចុប្បន្នរកឃើញ ៤០នាក់ប៉ុណ្ណោះ៕