ប្រជាពលរដ្ឋក្នុងស្រុកកំពង់លែង បានធ្វើកិច្ចសន្យាបញ្ឈប់ការប្រើប្រាស់​ និងប្រគល់ក្បាលអាំងស៊ីទ័រឆក់ត្រីសរុបចំនួន៧០គ្រឿង​ ជូនសមត្ថកិច្ច

កំពង់ឆ្នាំង:​ ប្រជាពលរដ្ឋក្នុងស្រុកកំពង់លែង បានធ្វើកិច្ចសន្យាបញ្ឈប់ការប្រើប្រាស់​ និងប្រគល់ក្បាលអាំងស៊ីទ័រឆក់ត្រីសរុបចំនួន៧០ គ្រឿង ក្នុងនោះមានប្រភេទឆក់ក្តៅចំនួន ៦៣ និងប្រភេទឆក់ត្រជាក់ចំនួន ០៧ គ្រឿង​ ដល់សមត្ថកិច្ច​  គិតត្រឹមថ្ងៃទី០៤ ខែ កុម្ភះ ឆ្នាំ២០២២ ។ 

បានធ្វើកិច្ចសន្យាបញ្ឈប់ការប្រើប្រាស់​ និងប្រគល់ក្បាលអាំងស៊ីទ័រឆក់ត្រីនេះ​ បន្ទាប់ពី​ អនុវត្តតាមបទបញ្ជាណែនាំដ៍ខ្ពង់ខ្ពស់របស់ឯកឧត្ដម ស៊ុន សុវណ្ណារិទ្ធិ អភិបាលខេត្ត និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តកំពង់ឆ្នាំង ដែលបានដាក់ចេញក្នុងស្មារតីកិច្ចប្រជុំកាលពីថ្ងៃទី ៣០ ខែ មករា ឆ្នាំ២០២២ ។ 

កំលាំងគណៈបញ្ជាការឯកភាពរដ្ឋបាលស្រុក សហការជាមួយមន្ត្រីជំនាញខណ្ឌជលផលខេត្ត បានចុះផ្សព្វផ្សាយអប់រំអំពីវិធានការទប់ស្កាត់ការប្រើប្រាស់ឧបករណ៍នេសាទខុសច្បាប់ ជាពិសេសការនេសាទដោយប្រើឧបករណ៍ឆក់ត្រី និងបានជំរុញឱ្យប្រជាពលរដ្ឋដែលមានក្បាលអាំងស៊ីវិចទ័រឆក់ត្រីគ្រប់ប្រភេទមានស្មារតីភ្ញាក់រលឹកស្ម័គ្រចិត្តប្រគល់ជូនសមត្ថកិច្ចជំនាញរបស់គណៈបញ្ជាការឯកភាពរដ្ឋបាលស្រុក ។ 

បច្ចុប្បន្នកំលាំងគណៈបញ្ជាការឯកភាពរដ្ឋបាលស្រុកកំពុងបន្តការកំណត់មុខសញ្ញាដើម្បីធ្វើការផ្សព្វផ្សាយនិងប្រមូលបន្ត ក្នុងស្មារតីលុបបំបាត់អោយខាងតែបាននូវការប្រើប្រាស់ឧបករណ៍នេសាទខុសច្បាប់ក្នុងស្រុកកំពង់លែង ក៍ដូចជាតាមបណ្តាស្រុកក្នុងខេត្តកំពង់ឆ្នាំង៕