អគ្គិភ័យលេបត្របាក់ផ្ទះប្រជាពលរដ្ឋជាច្រើនខ្នងនៅសង្កាត់ផ្សារឆ្នាំង

កំពង់ឆ្នាំងៈ កាលពីវេលាម៉ោងប្រមាណជាង៧ ព្រឹកថ្ងៃទី១២ ខែមីនា ឆ្នាំ២០២៣ នៅចំណុចទំនប់បារាំង ស្ថិតនៅភូមិផ្សារឆ្នាំងសង្កាត់ផ្សារឆ្នាំង ក្រុងកំពង់ឆ្នាំង មានគ្រោះអគ្កីភ័យមួយកើតឡើងបណ្តាលឲ្យឆាបឆេះផ្ទះប្រជាពលរដ្ឋអស់ជាច្រើនខ្នង ។

លោកឧត្តមសេនីត្រី លុយ ឌី ស្នងការរង នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ឆ្នាំងបានឱ្យដឹងថាៈគ្រោះអគ្គីភ័យឆេះផ្ទះប្រជាពលរដ្ឋនេះក្រោយពីទទួលបានព័ត៌មាន ភ្លាមៗនោះ កម្លាំងអន្តរាគមន៍ពន្លត់អគ្គិភ័យនៃស្នងការដ្ឋាននគរបាលខេត្តកំពង់ឆ្នាំង បានចុះជួយអន្តរាគមន៍បាញ់ពន្លត់យ៉ាងសកម្មប៉ុន្តែដោយសារស្ថានភាពពេលនោះមានខ្យល់ខ្លាំងបណ្តាលអោយអំណាចភ្លើងរាលដាលយ៉ាងខ្លាំងទោះយ៉ាងណាសមត្ថកិច្ចនៅតែបន្តចុះជួយអន្តរាគមន៍យ៉ាងយកចិត្តទុកដាក់។

លោកស្នងការរងបានឱ្យដឹងទៀតថាៈ ក្នុងអន្តរាគមន៍សង្គ្រោះនិងជួយពន្លត់អគ្គិភ័យនេះ ប្រើប្រាស់រថយន្តពន្លត់អគ្គីភ័យស្នងការដ្ឋាន និង យកមកពីស្រុកកំពង់លែង ស្រុករលាប្អៀរ ស្រុកបរិបូណ៌ ស្រុកទឺកផុស ស្រុកកំពង់ត្រឡាច សរុបចំនួន១០គ្រឿង រហូតដល់ត្រឹមម៉ោង១និង២០នាទីថ្ងៃដដែល ប្រើទឹកអស់ជាច្រើនឡានហើយ និង កំពុងបន្តបាញ់ពន្លត់ចំហាយកំទេចភ្លើងដែលនៅសេសសល់បង្ការកុំអោយឆេះរាលដាលបន្ត ។

លោកស្នងការរងបញ្ជាក់ថាៈ នាពេលនេះនៅពុំទាន់ដឹងពីចំនួនខ្នងផ្ទះឆេះ និង មូលហេតុពិតប្រាកដនៅឡើយនោះចំពោះករណីអគ្គិភ័យនេះ ព្រោះពេលនេះសមត្ថកិច្ចកំពុងធ្វើការស្រាវជ្រាវពីមូលហេតុ ។

ក្នុងហេតុការណ៍គ្រោះអគ្គីភ័យនេះលោកជំទាវ កែ ច័ន្ទមុនី អ្នកតំណាងរាស្រ្តមណ្ឌលកំពង់ឆ្នាំង ឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិអភិបាលខេត្តកំពង់ឆ្នាំង រួមនិងអភិបាលរងខេត្ត ឯកឧត្តមសមាជិកក្រុមប្រឹក្សាខេត្ត ព្រមទាំងថ្នាក់ដឹកនាំអាជ្ញាធរដែនដីចុះពិនិត្យមើលស្ថានភាពជាក់ស្តែង ដឹកនាំកំលាំងពន្លត់អគ្គីភ័យនេះផងដែរ៕

smart