ភ្លៀងលាយឡំខ្យល់កន្ត្រាក់បង្កការខូចខាតផ្ទះពលរដ្ឋ ៥២ខ្នងនៅស្រុកថ្មពួក
បន្ទាយមានជ័យ : គ្រោះធម្មជាតិនោះបានកើតឡើងកាលពីម៉ោង៣និង៣០នាទីដល់ ម៉ោង៤និង១០នាទីល្ងាចថ្ងៃទី៥ខែឧសភាឆ្នាំ២០២៤ ដោយមានធ្លាក់ភ្លៀងកក់ខែ លាយខ្យល់កន្ត្រាក់ បានបោកបក់លើ៣ឃុំនៅស្រុកថ្មពួក ខេត្តបន្ទាយមានជ័យបង្កប៉ះពាល់និងខូចខាតផ្ទះពលរដ្ឋ៥២ខ្នង, ធ្ងន់ ១៧ខ្នង ប៉ុន្តែមិនមានមនុស្សរងរបួសឬស្លាប់នោះឡើយ។
លោកលាវ គុណ មេឃុំថ្មពួកបានឲ្យដឹង នៅថ្ងៃទី០៦ ខែឧសភាថា:ភ្លៀងកក់ខែរលឹមៗលើកដំបូង លាយឡំខ្យល់កន្ត្រាក់ខ្លាំងនោះ សម្រាប់ឃុំថ្មពួកបង្កអោយប៉ះពាល់និង ខូចខាតផ្ទះសម្បែងពលរដ្ឋចំនួន៤៣ខ្នង ។ក្នុងនោះខូចខាតធ្ងន់ធ្ងរ(រំលំឬដួលពីជើងតាង) ចំនួន១២ខ្នង ។
ក្រុមការងារចុះជួយមូលដ្ឋាប កងកម្លាំងទាំង ៣ប្រភេទបានពិនិត្យ សង្គ្រោះទាំងយប់ដូច ជារុករកក្រែងលោមានមនុស្ស រងគ្រោះ និងជួយរុះរើសំណង់ខ្លះដើម្បីសម្រួលទីជម្រកស្នាក់នៅបណ្តោះអាសន្នជូនពលរដ្ឋ។
ចំណែកលោកហេង សុភក្តិ មេឃុំបន្ទាយឆ្មារនាថ្ងៃទី០៦ខែឧសភា បានឲ្យដឹងថា: គ្រោះធម្មជាតិនៅតំណាលគ្នានោះ នៅភូមិដងរែកឃុំបន្ទាយឆ្មារ រងផលប៉ះពាល់ និងខូចខាតផ្ទះពលរដ្ឋ៤ខ្នង ក្នុងនោះ ៣ខ្នង ខូចធ្ងន់។រីឯនៅឃុំគំរូ ខូចខាតផ្ទះពលរដ្ឋចំនួន៥ខ្នង ក្នុងនោះខូចធ្ងន់២ខ្នង ។
ក្រុមការងារថ្នាក់ខេត្ត ស្រុកនិងកងកម្លាំងទាំង៣បានចេញទីជួយអន្តរាគមន៍រុះរើនិងជួយជួសជុលផ្ទះជូនពលរដ្ឋជាបន្តបន្ទាប់ ។ ដោយសម្ភារ: សំណង់ សង្ក័សី ក្រុមការងារបានរៃអង្គាសគ្នា៕