លោក ស៊ុន សុវណ្ណារិទ្ធិអភិបាលខេត្តកំពង់ឆ្នាំង ជួយសាងសង់លំនៅដ្ឋានថ្មីជូនយុវជន ឡាយ សំណាង ដែលមានពិការភាព និងជំងឺប្រចាំកាយ តែខិតខំតស៊ូរៀនសូត្រ
កំពង់ឆ្នាំង៖ នៅថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២៤នេះ លោក ស៊ុន សុវណ្ណារិទ្ធិ អភិបាលខេត្តកំពង់ឆ្នាំង បានចុះសួរសុខទុក្ខ និងពិនិត្យស្ថានភាពរស់នៅរបស់គ្រួសារប្អូនប្រុស ឡាយ សំណាង ដែលមានពិការភាព ហើយខិតខំតស៊ូរៀនសូត្រ ដើម្បីធ្វើការសាងសង់លំនៅដ្ឋានថ្មីជូនប្អូន និងក្រុមគ្រួសារ ព្រមទាំងធ្វើការកែលម្អប្រព័ន្ធលូ នៅតំបន់នោះជាថ្មីឡើងវិញ បង្កភាពងាយស្រួលក្នុងការរស់នៅរបស់ប្អូនប្រុស ក្រុមគ្រួសារ និងប្រជាពលរដ្ឋដែលរស់នៅតំបន់នោះផងដែរ។
យុវជន ឡាយ សំណាង អាយុ ២១ឆ្នាំ កំពុងសិក្សានៅថ្នាក់ទី ១១D នៃវិទ្យាល័យក្រុងកំពង់ឆ្នាំង។ បច្ចុប្បន្នរស់នៅភូមិប្អេរ សង្កាត់ប្អេរ ក្រុងកំពង់ឆ្នាំង។ មិនត្រឹមតែពិការភាពជើង ១ចំហៀងនោះទេ ប៉ុន្តែតម្រូវឲ្យធ្វើការវះកាត់ឆ្អឹងដុះ ជាប្រចាំទៀតផង។ ទោះជាបែបនេះក្តី រូបគេមិនបានបោះបង់ការសិក្សាចោលដែរ ដែលខ្លួនពិបាកក្នុងការធ្វើដំណើរហើយ គ្រួសារក៏មានជីវភាពខ្វះខាតទៀត។
នៅក្នុងឱកាសចុះសួសុខទុក្ខ យុវជនឡាយ សំណាង នាពេលនោះ លោក ស៊ុន សុវណ្ណារិទ្ធិ អភិបាលខេត្តកំពង់ឆ្នាំ និងក្រុមការងារ បានឧបត្ថម្ភថវិកាមួយចំនួន ដល់ប្អូនប្រុសផងដែរ៕