សិក្ខាកាមជាមន្ត្រីរាជការ នៃក្រសួងព័ត៌មានកម្ពុជា ចូលរួមវគ្គបណ្ដុះបណ្ដាលស្ដីពី«ការធ្វើបរិវត្តកម្មឌីជីថលសារព័ត៌មាន» នៅប្រទេសវៀតណាម
សិក្ខាកាមជាមន្ត្រីរាជការ នៃក្រសួងព័ត៌មានកម្ពុជា ចំនួន២០នាក់ ដឹកនាំដោយ ឯកឧត្តម សំបូរ វណ្ណារិទ្ធ អនុរដ្ឋលេខាធិការក្រសួងព័ត៌មាន អញ្ជើញចូលរួមវគ្គបណ្ដុះបណ្ដាលស្ដីពី«ការធ្វើបរិវត្តកម្មឌីជីថលសារព័ត៌មាន» នៅទីក្រុងហូជីងមីង នៃប្រទេសវៀតណាម ចាប់ផ្ដើមពីថ្ងៃទី២៦ រហូតដល់ថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២៤ ។
ក្នុងឱកាសបើកវគ្គបណ្ដុះបណ្ដាលស្ដីពី«ការធ្វើបរិវត្តកម្មឌីជីថលសារព័ត៌មាន» នៅថ្ងៃទី២៦ ខែសីហាឯកឧត្តម សំបូរ វណ្ណារិទ្ធ អនុរដ្ឋលេខាធិការក្រសួងព័ត៌មាន បានថ្លែងថា នេះគឹជាលើកទី៦ហើយ បើគិតចាប់តាំងពីឆ្នាំ២០១៧មក ដែលក្រសួងព័ត៌មាននិងគមនាគមន៍វៀតណាម បានរៀបចំវគ្គបណ្តុះបណ្តាលដល់មន្ត្រីជំនាញ និងអ្នកបច្ចេកទេស របស់ក្រសួងព័ត៌មានកម្ពុជា។ ឯកឧត្ដមបានបញ្ជាក់ថា វគ្គបណ្តុះបណ្តាលនាពេលនេះ នឹង ផ្តល់នូវឱកាសសម្រាប់មន្ដ្រីជំនាញកម្ពុជា ក្នុងការស្វែងយល់និងកែប្រែឥរិយាបទការងារក្នុងស្ថាប័នរបស់ខ្លួន និងដាក់ចេញនូវយុទ្ធសាស្រ្តគន្លឹះក្នុងការរៀបចំការផែនការសកម្មភាពការងាររបស់អង្គភាពខ្លួនក្នុងបរិបទនៃការប្រើប្រាស់បច្ចេកវិទ្យាឌីជីថលប្រកបដោយប្រសិទ្ធិភាព និងឱ្យកាន់តែប្រសើរឡើង។ ឯកឧត្តម បានថ្លែងបញ្ជាក់ថា វគ្គបណ្តុះបណ្តាលនេះ នឹងបំពាក់បំប៉នសិក្ខាកាមកម្ពុជានូវជំនាញ និងការយល់ដឹងចាំបាច់មិនត្រឹមតែបច្ចេកទេសឌីជីថលតែប៉ុណ្ណោះទេវាថែមទាំងបណ្តុះស្មារតី សាមគីភាពការងារ ដែលជាស្នូលសំខាន់នៃការរួមចំណែកដល់ការអភិវឌ្ឍជាតិ។
ឯកឧត្តម សំបូរ វណ្ណារិទ្ធ បានថ្លែងអំណរគុណដល់ រដ្ឋាភិបាលនៃសាធាណរដ្ឋសង្គមនិយម វៀតណាម ក៏ដូចជាក្រសួងព័ត៌មាន និងគមនាគមន៍វៀតណាម ដែលបានចូលរួមចំណែកយ៉ាងសំខាន់ក្នុងការអភិវឌ្ឍន៍វិស័យព័ត៌មាននៅកម្ពុជា ដោយ បានគាំទ្រ ទាំងសម្ភារៈបច្ចេកទេស និងការបណ្តុះបណ្តាលធនធានមនុស្សដល់កម្ពុជា នាពេលនេះ ក៏ដូចជាពេលកន្លងមក។
គួរបញ្ជាក់ថា វគ្គបណ្ដុះបណ្ដាលស្ដីពី«ការធ្វើបរិវត្តកម្មឌីជីថលសារព័ត៌មាន»នេះ គឺមានគោលបំណងក្នុងការកសាងបណ្តាស្ថាប័នសារព័ត៌មាន ប្រកបដោយមនុស្សធម៌ និងទំនើប បំពេញបេសកកម្មផ្សព្វផ្សាយ និងឃោសនាឱ្យបានល្អ ដើម្បីបម្រើបុព្វហេតុបដិវត្តន៍របស់បក្ស និងបុព្វហេតុនវានុវត្តន៍របស់ប្រទេសជាតិ ធានានូវតួនាទីដឹកនាំ និងបង្តើតមតិសាធារណៈដ៏ត្រឹមត្រូវនិងវិជ្ជមាន រក្សាអធិបតេយ្យភាពព័ត៌មាននៅក្នុង internet ជំរុញការអភិវឌ្ឍនៃឧស្សាហកម្មមាតិកាឌីជីថល។