ឥទ្ធិពលព្យុះយ៉ាកជី ធ្វើឲ្យខេត្តឈៀងរ៉ៃរបស់ថៃជន់លិច
ឈៀងរ៉ៃ៖ ស្រុក Mae Sai ខេត្ត Chiang Rai របស់ប្រទេសថៃ រងការជនលិចដោយសារភ្លៀងធ្លាក់ខ្លាំងដែលបង្កឡើងដោយព្យុះត្រូពិចយ៉ាកជីចាប់តាំង ពីថ្ងៃទី៨ ខែកញ្ញា មក ដោយកម្រិតទឹកក្នុងតំបន់រងគ្រោះមានកម្ពស់លើសពី ១ម៉ែត្រ ជន់លិចលំនៅដ្ឋានរបស់ប្រជាពលរដ្ឋថៃជាច្រើនគ្រួសារ ខណៈពលរដ្ឋខ្លះសម្រេចចិត្តរស់នៅលើដំបូលផ្ទះ។
ផ្សារ Sai Lom Choi ដែលមានតូបលក់ដូរប្រមាណ២០០ត្រូវបានជន់លិចដោយកម្ពស់ទឹកនៅតែហក់ឡើងខ្លាំងមិនធ្លាប់មានកាលពីមុនមក។
ជាមួយគ្នានេះអគ្គិសនីក្នុងមូលដ្ឋានត្រូវបានកត់ផ្តាច់ភ្លាមៗ ដើម្បីបង្ការគ្រោះអាសន្ន កម្រិតទឹកហូរខ្លាំងពីឥទ្ធិពលព្យុះយ៉ាកជី នាំឲ្យខេត្តឈៀងររ៉ៃជាច្រើនកន្លែងរងការជន់លិច និង ខូចខាតមិនធ្លាប់មាន។
ប្រជាពលរដ្ឋដែលរងផលប៉ះពាល់ជាច្រើនបានបង្ហោះវីដេអូនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គមអំពាវ នាវរកជំនួយ ដោយអ្នកខ្លះព្យាយាមគេចពីទឹកដែលកំពុងកើនឡើង ហើយអ្នកផ្សេងទៀតរាយការណ៍អំពីមនុស្សចាស់ កុមារ និងសត្វចិញ្ចឹមដែលជាប់នៅក្នុងផ្ទះដែលកំពុងតែត្រូវការជំនួយជាបន្ទាន់។ ដោយចំនួនអ្នកស្លាប់បានកើនឡើងដល់ ២ នាក់ និង មានមនុស្ស ៤ នាក់ទៀតកំពុងបាត់ខ្លួន៕