វត្តទូលខ្សាច់រៀបចំតុបតែងលម្អរសម្រាប់ពិធីបុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌ ឆ្នាំ២០២៤
កំពង់ឆ្នាំង ÷ ពិធីបុណ្យប្រពៃណីជាតិបានឈានជិតមកដល់នៅប៉ុន្មានថ្ងៃខាងមុខនេះ ដោយនៅតាមវត្តអារាមនានាទូទាំងព្រះរាជាណាចក្រកម្ពុជា មានការតុបតែលម្អរសោភ័ណភាពបរិស្ថាន និងមានការរៀបចំចងទង់ជាតិ ទង់សាសនា ភ្លើងចម្រុះពណ៌ និងកន្លែងទីសក្ការ:ផ្សេងៗ ទៅតាមទំនៀមទំលាប់ប្រពៃណីជាតិខ្មែរ ។
ដោយឡែកនៅវត្តវាលុកថុល្លារាម ហៅវត្តទូលខ្សាច់ ស្ថិតនៅក្នុងភូមិព្រៃពួច ឃុំជ្រៃបាក់ ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង ព្រះសង្ឃ អាចារ្យ គណ:កម្មការវត្តបានរៀបចំសម្អាតបរិស្ថាន និងតុបតែងទីអារាមអោយមានភាពស្រស់ស្អាត ដើម្បីប្រជាពុទ្ធបរិស័ទ មកចូលរួមបុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌនៅពេលខាងមុខនេះ ។
ព្រះសិលាភិរ័ត ហែម ឡូត ព្រះវិន័យធរខេត្ត ជាចៅអធិការវត្តបានមានសង្ឃដីការបញ្ជាក់អោយដឹងថាជារៀងរាល់ឆ្នាំជិតដល់រដូវបុណ្យធំម្តងៗ គឺតែងតែរៀបចំតុបតែងក្នុងបរិវេណទីអារាមនៅមានភាពស្រស់ស្អាតដើម្បីបងប្អូនប្រជាពុទ្ធបរិស័ទមកធ្វើបុណ្យនិងបានទស្សនាលេងកម្សាន្តនារដូវបុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌនេះ ។
ព្រះអង្គមានសង្ឃដីការបន្តទៀតថាពិធីបុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌ គឺជាបុណ្យប្រពៃណីដ៍ធំរបស់ប្រជាជនខ្មែរតាំងពីដូនតាមក ។ ហើយពិធីបុណ្យកាន់បិណ្ឌនិង ភ្ជុំបិណ្ឌគឺជាបុណ្យធំជាងគេក្នុងចំណោមបុណ្យផ្សេងៗទៀត បុណ្យភ្ជុំបិណ្ឌមានរយះពេល១៥ថ្ងៃ គឺចាប់ពីថ្ងៃ១រោច ខែភទ្របទ ដល់ថ្ងៃ ១៥រោច ខែភទ្របទ ជារៀងរាល់ឆ្នាំ ។