កម្ពុជាបន្តរងឥទ្ធិពលព្យុះ«ប៊ីប៊ីនកា» អាចបណ្ដាលឲ្យមានភ្លៀងធ្លាក់លាយឡំផ្គររន្ទះ និងខ្យល់កន្ត្រាក់ ៧០% រយៈពេល៣ថ្ងៃ
ភ្នំពេញ៖ ក្រសួងធនធានទឹក និងឧតុនិយម បានឱ្យដឹងថាព្យុះទី១៣ឈ្មោះ ប៊ីប៊ីនកា (Bebinca) និងសម្ពាធទាបដែលគ្របដណ្តប់លើឈូងសមុទ្រ បេងហ្គាល់ នៅតែបន្តមានឥទ្ធិពលខ្លាំងលើខ្យល់មូសុងនិរតី ដែលបក់លើសមុទ្រអានដាមម៉ែន (Andaman Sea) ឈូងសមុទ្រថៃ ខណៈសម្ពាធទាប គ្របដណ្តប់លើភាគកណ្តាលនៃអាង ទន្លេមេគង្គ សមុទ្រចិនខាងត្បូង និងលើព្រះរាជាណាចក្រកម្ពុជា។
ក្រសួងធនធានទឹក បានបញ្ជាក់ថា ស្ថានភាពបែបនេះនឹងធ្វើឱ្យ ចាប់ពីថ្ងៃទី១៤ ខែកញ្ញា ដល់ថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២៤ នៅតំបន់វាលទំនាបមានសីតុណ្ហភាពមធ្យមអប្បបរមា២៣°C និងសីតុណ្ហភាពមធ្យមអតិបរមា ៣៤°C។ ខ្យល់បក់ មកពីទិសនិរតី និងពាយ័ព្យ មានល្បឿនមធ្យម ៦ម៉ែត្រ វិនាទី។ ខេត្តបន្ទាយមានជ័យ បាត់ដំបង ពោធិ៍សាត់ សៀមរាប កំពង់ឆ្នាំង កំពង់ធំ កំពង់ចាម ត្បូងឃ្មុំ ព្រៃវែង ស្វាយរៀង កណ្តាល តាកែវ និងភ្នំពេញ អាចមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់គ្របដណ្តប់លើ ផ្ទៃដី៦០%។
ចំណែកនៅតំបន់ខ្ពង់រាបមានសីតុណ្ហភាពមធ្យមអប្បបរមា ២៣°C និងសីតុណ្ហភាពមធ្យមអតិបរមា ៣៣°C។ ខ្យល់បក់ មកពីទិសនិរតី និងបស្ចិម មានល្បឿនមធ្យម ៥,៥ម៉ែត្រ/វិនាទី។ ខេត្តកំពង់ស្ពឺ ប៉ៃលិន ឧត្តរមានជ័យ ព្រះវិហារ ស្ទឹងត្រែង ក្រចេះ រតនគិរី មណ្ឌលគិរី តំបន់ជួរភ្នំក្រវាញ និងជួរភ្នំដងរែក អាចមានភ្លៀងធ្លាក់ជាមួយផ្គរ រន្ទះ និងខ្យល់កន្ត្រាក់គ្របដណ្តប់លើផ្ទៃដី៧០%។
រីឯនៅតំបន់មាត់សមុទ្រមានសីតុណ្ហភាពមធ្យមអប្បបរមា២៣°C និងសីតុណ្ហភាពមធ្យមអតិបរមា ៣៣°C។ ខ្យល់បក់មក ពី ទិសនិរតី និងពាយ័ព្យ មានល្បឿន មធ្យម ៦ ម៉ែត្រវិនាទី។ ខេត្តកោះកុង ព្រះសីហនុ កំពត កែបនិងជួរភ្នំបូកគោ អាចមានភ្លៀងធ្លាក់ជាមួយផ្គរ រន្ទះ និងខ្យល់កន្ត្រាក់ គ្របដណ្តប់លើផ្ទៃដី៥០%។ ខណៈរលកសមុទ្រមានកម្ពស់មធ្យមអប្បបរមា១,៥០ម៉ែត្រនិងកម្ពស់មធ្យមអតិបរមា ២,៥០ម៉ែត្រ៕