អគ្គលេខាធិការ គណៈកម្មការគ្រប់គ្រងល្បែងពាណិជ្ជកម្មកម្ពុជា សហការជាមួយរដ្ឋបាលបាលខេត្តកំពង់ឆ្នាំង បើកកិច្ចប្រជុំស្តីពីការគ្រប់គ្រងល្បែងផ្សងសំណាង និងការគ្រប់គ្រងផលប៉ះពាល់ពីល្បែង ស៊ីសងខុសច្បាប់គ្រប់ប្រភេទ នៅខេត្តកំពង់ឆ្នាំង

កំពង់ឆ្នាំង ÷ អគ្គលេខាធិការ គណៈកម្មការគ្រប់គ្រងល្បែងពាណិជ្ជកម្មកម្ពុជា សហការជាមួយរដ្ឋបាលខេត្តកំពង់ឆ្នាំង បើកកិច្ចប្រជុំស្តីពីការគ្រប់គ្រងល្បែងផ្សងសំណាង និងការគ្រប់គ្រងផលប៉ះពាល់ពីល្បែង ស៊ីសងខុសច្បាប់គ្រប់ប្រភេទ នៅខេត្តកំពង់ឆ្នាំង ដែលបានប្រព្រឹត្តទៅនាព្រឹកថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ ២០២៤ក្រោមអធិបតីភាព លោក ម៉ី ច័ន្ទវាសនា តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម រ០ស់ ភីរុណ អគ្គលេខា ធិការ គណៈកម្មការគ្រប់គ្រងល្បែងពាណិជ្ជកម្មកម្ពុជា និងលោក យិន សាវ៉េន អភិបាលរងខេត្តកំពង់ឆ្នាំង ។ កិច្ចប្រជុំពេលក៍មានការអញ្ជើញចូលរួមពី លោក លោកស្រីថ្នាក់ដឹកនាំមន្ទីរអង្គភាពជុំវិញខេត្ត កងកម្លាំងប្រដាប់អាវុធទាំង៣ អភិបាលក្រុង-ស្រុកទាំង៨ មេឃុំ មេប៉ុស្តិ៍នគរបាល រួមនិងមន្ត្រីពាក់ព័ន្ធផងដែរ។
លោក យិន សាវ៉េន អភិបាលរងខេត្ត បានមានប្រសាសន៍ថា កន្លងមកអាជ្ញាធរខេត្តកំពង់ឆ្នាំង បានទប់ស្កាត់មិនអោយមានល្បែងស៊ីសងគ្រប់ប្រភេទជាប្រចាំ និងក្រុមក្មេងទំនើងក៏មានការចុះបង្រ្កាបជាបន្តបន្ទាប់ ។ លោកក៏បានបន្តទៀតថា ក្នុងនាមលោអាជ្ញាធរសូមប្តេជ្ញាថា នឹងលុបបំបាត់ល្បែងស៊ីសង ការភ្នាល់តាមអនឡាញ និងបង្រ្កាបមិនអោយមានក្រុមក្មេងទំនើងនៅក្នុងខេត្តឡើយ។

មានប្រសាសន៍នៅក្នុងកាសនោះលោក ម៉ី ច័ន្ទវាសនា ប្រធាននាយកដ្ឋានកិច្ចការគតិយុត្ត និងគ្រប់គ្រងអាជ្ញាបណ្ណបានលើកឡើងថា កិច្ចប្រជុំពិភាក្សា នាថ្ងៃនេះ ត្រូវបានរៀបចំឡើងស្របតាមអនុសាសន៍ណែនាំដ៏ខ្ពង់ខ្ពស់របស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី កាលពីថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២៤ និងស្ថិតក្នុងបរិការណ៍នៃសេចក្តីត្រូវការ ចង់ស្វែងយល់និងស្វែងដឹង ក៏ដូចជាការចូលរួមរបស់ ថ្នាក់ដឹកនាំ មន្ត្រីរាជការ និងកងកម្លាំងប្រដាប់អាវុធគ្រប់លំដាប់ថ្នាក់ ក្នុងការកសាងនិងអភិវឌ្ឍន៍ ជាតិ តាមរយៈការស្វែងយល់អំពីច្បាប់និងលិខិតបទដ្ឋានគតិយុត្តពាក់ព័ន្ធនានា។ ដូចនេះ ការ រៀបចំឱ្យមានកិច្ចប្រជុំពិភាក្សានាព្រឹកនេះ ពិតជាមានសារៈសំខាន់ ដើម្បីពិភាក្សានិង ពិគ្រោះយោបល់ជាមួយអាជ្ញាធរមានសមត្ថកិច្ចពាក់ព័ន្ធលើការគ្រប់គ្រងល្បែងផ្សងសំណាង និងការគ្រប់គ្រងផលប៉ះពាល់ពីល្បែងស៊ីសងខុសច្បាប់, លើកកម្ពស់ការយល់ដឹងអំពីច្បាប់និង លិខិតបទដ្ឋានគតិយុត្តពាក់ព័ន្ធ ក្នុងវិស័យល្បែងពាណិជ្ជកម្ម, ស្វែងយល់និងកំណត់នូវបញ្ហា ប្រឈមដែលបាននិងកំពុងកើតមាននៅក្នុងមូលដ្ឋាន, បង្កើនកិច្ចសហការនិងភាពប្រទាក់ក្រឡា គ្នាលើការងារដែលជាសមត្ថកិច្ចរបស់ គ.ល.ក. និងអាជ្ញាធរមានសមត្ថកិច្ចពាក់ព័ន្ធ ដើម្បីចាត់ វិធានការបង្ក្រាប និងទប់ស្កាត់រាល់ការប្រព្រឹត្តល្បែងស៊ីសងខុសច្បាប់គ្រប់ប្រភេទ ឱ្យបានទាន់ ពេលវេលាប្រកបដោយប្រសិទ្ធភាព សំដៅរួមចំណែកអនុវត្ត “កម្មវិធីនយោបាយនិងយុទ្ធសាស្ត្រ នានា” ពិសេស យុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាល អាណត្តិទី៧ នៃ រដ្ឋសភា ដែលបានកំណត់យក “ការកែទម្រង់ និងការពង្រឹងអភិបាលកិច្ច” ដែលជាស្នូលនៃយុទ្ធ សាស្ត្រ ដើម្បីកំណើន ការងារ សមធម៌ ប្រសិទ្ធភាព និងចីរភាព កសាងមូលដ្ឋានគ្រឹះឆ្ពោះទៅ សម្រេចចក្ខុវិស័យកម្ពុជា ឆ្នាំ២០៥០។
លោកបានបញ្ជាក់ថា កិច្ចប្រជុំពិភាក្សានេះគឹជាឱកាសផ្តល់នូវពុទ្ធិ និង ព័ត៌មានស៊ីជម្រៅគ្រប់ជ្រុងជ្រោយអំពីច្បាប់ស្តីពីការគ្រប់គ្រងល្បែងពាណិជ្ជកម្ម ច្បាប់ និងលិខិត បទដ្ឋានគតិយុត្តពាក់ព័ន្ធ ដល់អាជ្ញាធរមានសមត្ថកិច្ច ដើម្បីជាមូលដ្ឋានគ្រឹះក្នុងការសហការអនុវត្តរវាងអគ្គលេខាធិការដ្ឋាននៃ គ.ល.ក. និងអាជ្ញាធរមានសមត្ថកិច្ចពាក់ព័ន្ធ លើការគ្រប់គ្រងវិស័យល្បែងពាណិជ្ជកម្មនេះ ប្រកបដោយប្រសិទ្ធ ភាព និងស្មារតីទទួលខុសត្រូវខ្ពស់។