សិស្សានុសិស្សនៃវិទ្យាល័យ ហ៊ុន សែន កោះញែក បានចូលរួមស្តាប់ទស្សនាទានព្រះពុទ្ធសាសនា លើកទី៥៥
មណ្ឌលគិរី៖ នាថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២៤ ឯកឧត្តម ប៉ែន វិបុល រដ្ឋលេខាធិការក្រសួងធម្មការ និងសាសនា រួមជាមួយព្រះតេជព្រះគុណ លោក ទូច រស្មី ប្រធានមន្ទីរធម្មការ និងសាសនា លោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្សយ៉ាងច្រើនកុះករ បានអញ្ជើញនៅក្នុងកម្មវិធីទស្សនាទានព្រះពុទ្ធសាសនា លើកទី៥៥ នៅវិទ្យាល័យ ហ៊ុន សែន កោះញែក ខេត្តមណ្ឌលគិរី ក្នុងបំណងចង់បញ្ជ្រាបនូវអត្ថរសអត្ថន័យព្រះធម៌ និងដើម្បីទទួលបាននូវប្រយោជន៍ យ៉ាងធំធេង និងបានជាមាគ៌ាសម្រាប់ប្រតិបត្តិ ដើម្បីឆ្ពោះទៅកាន់ភាពជោគជ័យក្នុងថ្ងៃអនាគត។
ឯកឧត្តម ប៉ែន វិបុល រដ្ឋលេខាធិការក្រសួងធម្មការ និងសាសនា បានជម្រាបជូននូវសមិទ្ធផល ដែលទទួលបានពីកម្មវិធីទស្សនាទានព្រះពុទ្ធសាសនា ចាប់ផ្តើមតាំងពីឆ្នាំ២០១៧ រហូតមកដល់បច្ចុប្បន្ននេះ មានដូចតទៅ៖ កម្មវិធីទស្សនាទានព្រះពុទ្ធសាសនា នៃក្រសួងធម្មការ និងសាសនា ត្រូវបានបង្កើតឡើងក្រោមគំនិត ផ្តួចផ្តើមដ៏ខ្ពង់ខ្ពស់របស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី នៃព្រះ រាជាណាចក្រកម្ពុជា និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន។ ឯកឧត្តម បញ្ជាក់ថា កម្មវិធីទស្សនាទានព្រះពុទ្ធសាសនានេះ គោលបំណងរួមចំណែកដល់ការអប់រំក្នុងនោះរួមមាន៖
១. ជួយអប់រំទូន្មាន បណ្តុះស្មារតីសិស្សានុសិស្សឱ្យយល់ដឹងអំពីការប្រកាន់ខ្ជាប់នូវអំពើល្អ សីលធម៌ សុជីវធម៌ គុណធម៌ក្នុងសង្គម ។
២. យល់ដឹងពីតម្លៃគុណផលនៃការសិក្សា។
៣. ចេះគោរពមាតាបិតា ចាស់ព្រឹទ្ធាចារ្យ ត្រកូលរៀមច្បង បុព្វការីជនក្នុងគ្រួសារ និងសង្គម។
៤. សិស្សានុសិស្សចេះគោរពលោកគ្រូ អ្នកគ្រូ ។
៥. ចៀសផុតពីការសេពគ្រឿងញៀន គ្រឿងស្រវឹង និងការជួញដូរមនុស្ស។
៦. ចៀសផុតពីអំពើហិង្សាក្នុងគ្រួសារ និងក្នុងសង្គម។
៧. ចៀសផុតពីក្មេងទំនើងក្នុងសង្គម ៨. បង្ការគ្រោះថ្នាក់ចរាចរ៕