ឈ្មួញគក់ជេដីពិតជាថ្លើមធំមែន…!!! ហ៊ានដកស្លាកផែនទីទីតាំងដីរដ្ឋទៅលក់អោយឈ្មួញផសេងទៀត និងយកឈ្មោះអ្នកមានអំណាចកាងខ្នងរងមុខ ត្រៀមយកគ្រឿងចក្រចូល ឈូសឆាយ ផ្ទុយពីលោក ម៉េង ហាក់ អះអាងថាជាដីរបស់រដ្ឋ (Video Inside)
កំពង់ឆ្នាំង៖ ដីព្រៃបំរុងទុកអចិន្ត្រៃយ៍របស់រដ្ឋចំនួន៣៩៣ហិកតា នៅចំណុចខ្សាច់ពូន ជាប់ព្រំប្រទល់ភូមិចំនួន៣គឺភូមិក្រសាំងដុះឡើង ភូមិថ្នល់កែង និងភូមិខ្វិតទួលឃ្លាំង ក្នុងឃុំក្បាលទឹក ស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង សម្រាប់ សហគមន៌មូលដ្ឋាន បច្ចុប្បន្ននេះកំពុងត្រូវបានយារយីពីសំណាក់ក្រុមឈ្មួញគក់ជេរដីយ៉ាងសកម្ម ក្រោមលេសយកឈ្មោះអ្នកមានអំណាចកាងខ្នងរងមុខដែលល្បិចបែបនេះ គេតែងយកមកប្រើមានប្រសិទ្ធិភាពផងដែរ។
មួយ រយៈពេលចុងក្រោយនេះ ដីនៅចំណុចខាងលើនេះត្រូវបានក្រុមជនខិលខូច លួចដកយកស្លាកសញ្ញាបង្ហាញផែនទីបង្ហាញទំហំនិងទីតាំងដីរដ្ឋចេញ និងរៀបចំឯកសារ លក់ទិញ អោយឈ្មួញផ្សេងទៀតជ្រកក្រោមលេសដីទិញពីប្រជាពលរដ្ឋ ។
យោងតាមប្រភពព័ត៌មានពីសមត្ថកិច្ចក្នុងខេត្តកំពង់ឆ្នាំង សុំមិនបញ្ចេញឈ្មោះបានបង្ហើបអោយដឹងថា ដីនៅតុំបន់នោះត្រូវបានក្រុមជនខិលខូចអង្កន់ចែកគ្នាជាតំបន់ៗ និងមានខ្លះបានលក់បន្តគ្នាជាច្រើនដំណមកហើយផងដែរ។ ប្រភពដដែលបានអះអាងថាដីចំនួនជិត៤០០ហិកតានេះត្រូវបានមន្រ្តីជំនាញ និងអាជ្ញាធរខេត្តកំពង់ឆ្នាំងបានធ្វើការហាមឃាត់ និងដកហូតយកយកមកដាំកូនវិញហើយ ថែមទាំងបានដាក់ស្លាកសញ្ញាបញ្ជាក់ថាជាដីរដ្ឋគ្រប់គ្រងបន្ថែមទៀតផងដែរ ។
យោងតាមប្រភពពីប្រជាពលរដ្ឋនៅតំបន់នោះបានអោយដឹងថា ដីខាងលើនេះប្រជាពលរដ្ឋតូចតាចមិនមាននរណាម្នាក់ហ៊ានប៉ះពាល់នោះទេ ប៉ុន្តែដីនេះគេសង្កេតឃើញតែក្រុមគក់ជេរដីបើករថយន្តឆ្វែលចុះឡើង លើកដៃចង្អុលមេឃឆ្វេងស្តាំកំណត់មុខសញ្ញាព្រំដីរបស់ខ្លួនតែប៉ុណ្ណោះ។
ប្រភពពីប្រជាពលរដ្ឋបានអះអាងបន្ថែមទៀតថា រយៈពេលកន្លងមកនេះមានក្រុមជនខិលខូចបាននាំគ្នាដកប៉ាណូផែនទីស្លាកសញ្ញាដីរដ្ឋចេញ ត្រៀមលក់ និងរៀបចំគម្រោងការដាក់ គ្រឿងចក្រចូលឈូសឆាយដីនៅតំបន់នោះ ផងដែរ ។ លើសពីនោះទៀតប្រជាពលរដ្ឋតំបន់នោះបានលើកឡើងថាក្រុមឈ្មួញគក់ជេដីទាំងនោះបានអះអាងប្រាប់ពួកគាត់ថា ដីនោះត្រូវបានអាជ្ញាធរស្រុក ខេត្ត ស៊ីញ៉េអោយក្លាយជាដីលក់ដូរស្របច្បាប់រួចរាល់ផងដែរ។
ទន្ទឹមនឹងនោះ លោក ម៉េង ហាក់ អភិបាលនៃគណៈអភិបាលស្រុកទឹកផុស នៅរសៀលថ្ងៃទី១៦ ខែមីនា ឆ្នាំ២០១៩នេះ បាន ប្រាប់អ្នកសារព័ត៌មានយើងតាមទូរស័ព្ទថា ដីនៅចំណុចខាងលើនោះជាដីសហគមន៍របស់រដ្ឋ គ្រប់គ្រងដោយរដ្ឋមានការស៊ីញ៉េទទួលខុសត្រូវចាប់តាំងពីថ្នាក់មូលដ្ឋានគឺពីភូម ឃុំ ឡើងដល់ថ្នាក់លើ មិនអាចអោយធ្វើការឈូសឆាយ ឬជនណាយកទៅលក់ដូរបានឡើយ ។ ចំណែកផ្លាកសញ្ញាប៉ាណូផែនទីទីតាំង និងទំហំដីដែលបាត់នោះត្រូវបានក្រុមជនខិលខូចលួចដកចេញយូរមកហើយ ហើយកំពុងត្រូវសមត្ថកិច្ចកំពុងស៊ើបអង្កេត រកមុខសញ្ញាផងដែរ ។ ដោយឡែកការល្បីថាអាជ្ញាធរស្រុក ខេត្ត ស៊ីញ៉េដីនៅចំណុចនោះអោយក្រុមឈ្មួញទាំងនោះ លោកម៉េង ហាក់ អភិបាលស្រុកទឹកផុសក៍បានអះអាងថាមិនមានរឿងដូចនោះឡើយ។
ជាមួយគ្នានេះផងដែរមជ្ឈដ្ឋានទូទៅលើកឡើងថាបើសិនជាឈ្មួញទាំងនោះមានបំណងរំលោភ និងយារយីដល់ដីរដ្ឋនៅតំបន់ខាងលើនោះហើយ អាចនឹងថ្ងៃណាមួយក្លាយជាការពិតបើទោះជាដីរបស់រដ្ឋ តែវានឹងអាចមានការរំលោភទាំងបំពានដើម្បីតែផលប្រយោជន៍បើសិនជាអាជ្ញាធរមានភាពធូរលុងនោះ ជាក់ស្តែងដូចករណីប៉ាណូស្លាកផែនទីទំហំនិងទីតាំងដីរបស់រដ្ឋ ក៍ក្រុមជនខិលខូចទាំងនោះមិនប្រណីដែរ។
ករណីនេះផងដែរប្រជាពលរដ្ឋសំណូមពរដល់ឯកឧត្តម អភិបាល ខេត្តកំពង់ឆ្នាំង មានវិធានការត្រួតពិនិត្យ និងតាមដានសកម្មភាពរបស់ក្រុមឈ្មួញដីទាំងនោះ ដើម្បីថែរក្សាដីរដ្ឋទុកប្រើប្រាស់ជាប្រយោជន៍អោយបានចំគោលដៅ ។
សារព័ត៌មានយើងធ្វើការចុះផ្សាយខាងលើនេះ មិនមានបំណងអ្វីក្រៅពីជាសារមួយជូនដល់ថ្នាក់ដឹកគ្រប់លំដាប់ថ្នាក់ដើម្បីធ្វើការទប់ស្កាត់ អោយបានទាន់ពេលវេលា ខណៈដីកំពង់ឡើងថ្លៃនិងមានក្រុមគក់ជេដីជាច្រើនកំពង់ចង្អុលមេឃសំដៅដីរដ្ឋនៅក្នុងស្រុកទឹកផុសនៅតំបន់ផ្សេងៗទៀតផងដែរ ៕