សូមប្រយ័ត្ន..! ពាក្យ ៥ ឃ្លាដែលគេនិយមប្រើ លើបណ្តាញអ៊ីនធឺ ណេត បោកមនុស្សបានសម្រេចអស់ច្រើនរួច​មកហើយ

ពាក្យ ៥ឃ្លាដែលគេនិយមប្រើលើអ៊ីនធឺណេត បោកមនុស្សអស់ច្រើនរួច​មកហើយ។ ការបោកប្រាស់មាននៅគ្រប់ទីកន្លែង​ ហើយបើនៅលើអ៊ីនធឺណេត​ទៀត​កាន់តែ​ច្រើន ដោយកន្លង​មកមានជនរងគ្រោះរាប់ភ្លេច​ត្រូវ​បាន​គេលួច​លុយកុង​ធនាគារ ឬ​លួច​ពត៌មានទិន្នន័យសម្ងាត់ផ្សេងៗជាដើម។ បើតាមទិន្នន័យពីខាង​រដ្ឋាភិបាលសហរដ្ឋអាមេរិកបានឱ្យដឹង​ថា យុវជន​ដែលមានអាយុ ២០ ទៅ ២៩ឆ្នាំប្រមាណជាង ៤០%​រងគ្រោះ​ដោយសារការបោកលុយលើអនឡាញ។

ហេតុនេះមានតែភាពឈ្លាស​វៃ និង​ការពិចារណាឱ្យល្អិត​ល្អន់នោះទេ ទើប​មិនឱ្យគេ​បោកបាន​។ ខាងក្រោម​នេះជា​ឃ្លាបោក ៥ឃ្លាដែល​ជនខិលខូច​ពេញនិយមប្រើបំផុត ហើយភាគច្រើនស្ថិត​ក្រោមរូបភាពការ​ឱ្យចុចលើតំណរលីង ឬ​ផ្ដល់ទិន្នន័យជាលេខសម្ងាត់តែម្ដង។

១. ត្រូវ​ការ​អ្នកស្នង​មរតក
ជាក្បួនចាស់គំរិលមួយ ប៉ុន្តែ​នៅមានអ្នកចាញ់បោកដោយជនខិលខូច​បានធ្វើជាសារតាមរយៈ​អ៊ីម៉ែលឬ Messenger ហើយ​លើកឡើង​ថាមានសេដ្ឋី ឬ​ស្ដេច​នៃប្រទេស​ណាមួយស្លាប់ឬចូលទីវង្គត ហើយត្រូវ​ផ្ទេរមរតកបន្ទាន់ជាចំនួនទឹកប្រាក់ខ្ទង់លានៗដុល្លារ​តែតម្រូវ​ឱ្យលោកអ្នក​ផ្ទេរ​ប្រាក់​ចំនួន​ប៉ុននេះ ប៉ុននោះសិនទើបអាច​ទទួលបានមរតកទាំង​អស់នោះ។

២. គណនីរបស់អ្នកត្រូវ​បានគេហេ​ក គួរ​ផ្លាស់ប្ដូរ​លេខសម្ងាត់ជាបន្ទាន់
មិនមែនឱ្យតែមានពាក្យនេះសុទ្ធតែជាអ៊ីម៉ែលបោកទាំងអស់នោះទេ ប៉ុន្តែ​គួរពិនិត្យមើល​អ្នកផ្ញើរ​មកឱ្យបានច្បាស់​ថាជាគណនីរបស់ក្រុមហ៊ុនមែនដែរឬទេ បន្តមកទៀត​ត្រូវ​ពិនិត្យមើលតំណរ​លីង​ដែលគេដាក់មកតើពិតជាលីង​របស់ក្រុមហ៊ុនមែនឬទេ។ ឧទាហរណ៍បើជាលីង​របស់ក្រុមហ៊ុនធំៗពិត​មែនប្រាកដ​ជាមានរូបរាង​ដូចជា www.facebook.com/… ឬ www.google.com/… ជាដើម។

៣. ត្រូវ​ការ​ខ្ចីលុយ ឬ​សុំលុយបន្ទាន់
នៅខ្មែរយើងកន្លងមកមានអ្នក​រងគ្រោះដោយសារករណីនេះជាច្រើនអ្នកមកហើយ ដោយមានសាច់ញាតិឬមនុស្សជិតស្និត​ឆាតមក​សុំខ្ចីលុយដោយយោង​មូលហេតុត្រូវ​ការបន្ទាន់ តែដល់ផ្ញើរទៅហើយទើបដឹង​ថាគណនីត្រូវ​បានគេលួច​យក​។ ដើម្បីបង្ការកុំឱ្យមានការ​ភ័ន្ធ​ច្រឡំ ឬចាញ់បោកគេ គួរ​ណាស់តែធ្វើការ​ហៅទូរស័ព្ទ​ទៅដោយផ្ទាល់តែម្ដង។

៤. ចង់ដាក់ផ្ទាំង​ពាណិជ្ជកម្ម ឬផុស
សម្រាប់ម្ចាស់អាជីវកម្មដែលកំពុង​តែកាន់ផេកហ្វេសប៊ុកប្រហែលជាឧស្សាហ៍ឃើញហើយ ដោយមាន​គណនីក្លែង​ក្លាយមួយចំនួន​ឆាតមក​ ដោយពួកគេ​ចង់​សហការ​ផ្សាយពាណិជ្ជកម្មនៅលើផេកជាថ្នូរ​នឹង​ទឹកប្រាក់ច្រើន ក្នុង​ផ្ទាំង​ពាណិជ្ជកម្មមួយ ឬ​ស៊ែរលីង​ដែលពួកគេភ្ជាប់មក។ ប៉ុន្តែក្រោយយើង​ចុចលីងដែលគេដាក់ទៅ ជនខិលខូច​នោះអាចជ្រៀតជ្រែកចូលគណនីរបស់យើងបាន។ មួយក្បាច់ទៀតគឺពួកគេសុំឱ្យ​យើង​ដាក់គណនីគេធ្វើជា អេដមីនតែម្ដង។

៥. “អបអរសាទរ! លោកអ្នកឈ្នះរង្វាន់ហើយ សូមចុចចូលតាមតំណរនេះ…”
ជារឿង​ធម្មតាទេ ដែលនៅលើ​ផេកមួយចំនួនគេចាប់រង្វាន់​ ដើម្បី​ឱ្យអតិថិជន​ឬអ្នកគាំទ្រគេ ប៉ុន្តែ​មានផេកមួយចំនួនមានប្រភពមិនច្បាស់លាស់ធ្វើការផ្ដល់ជារង្វាន់នេះ រង្វាន់នោះ ហើយឱ្យចុចចូលទៅកាន់លីងដែលគេរៀបចំទុក។

នេះគ្រាន់តែ​ជា​ពាក្យបោកប្រាស់មួយចំនួនដែលយើងឧស្សាហ៍ជួបតែប៉ុណ្ណោះ ដោយមាន​ច្រើនរាប់មិនអស់ទៀតគ្រាន់តែក្នុង​រូបភាពផ្សេងៗ ហេតុនេះគួរតែប្រយ័ត្នប្រយែងឱ្យមែនទែន​នៅលើអ៊ីនធឺណេត ដោយកុំចូលឱ្យសោះវេប សាយណាដែលមិនស្គាល់ ដើម្បីសុវត្ថិភាពរៀងៗខ្លួន។