គ្រួសារ​រងគ្រោះដោយទឹកជំនន់ និងគ្រួសារងាយរងគ្រោះចំនួន ១១០គ្រួសារ មកពីឃុំពពេល និងឃុំឆ្នុកទ្រូ ក្នុងស្រុកបរិបូណ៌ ទទួលបានអំណោយមនុស្សធម៌

កំពង់ឆ្នាំង៖ នៅព្រឹកថ្ងៃសៅរ៍​ ៦កើត ខែមិគសិរ​ ឆ្នាំងជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹង​ថ្ងៃទី២១ ខែវិច្ឆិកា​ ឆ្នាំ​២០២០នេះ លោកជំទាវ ម៉ាន ចិន្ដា រដ្ឋ​លេខាធិការ​ក្រសួង​កិច្ចការ​នារី​ និង​ជា​អនុប្រធាន​ក្រុម​ការងារ​រាជ​រដ្ឋាភិបាល​ចុះ​មូលដ្ឋាន​ស្រុកបរិបូណ៌ ​លោកជំទាវ យ៉ើ អាស៊ីគីន អនុរដ្ឋ​លេខាធិការ​ក្រសួង​កសិកម្ម​ រុក្ខា​ប្រមាញ់​និង​នេសាទ​ និងឯកឧត្ដម សាន់ យូ អភិបាលរង នៃគណៈ​អភិបាល​ខេត្ត​កំពង់​ឆ្នាំង​ និងលោក យិន សារិន អភិបាលស្រុកបរិបូរណ៌ បានចូលរួម​អមដំណើរ​លោកជំទាវ ​ម៉ាណ​ ណាវី​ អ្នកតំណាងរាស្រ្តមណ្ឌល​រាជធានី​ភ្នំពេញ ក្នុង​កម្មវិធី​ចែកអំណោយ​មនុស្សធម៌​ដល់​គ្រួសារ​រងគ្រោះដោយទឹកជំនន់ និងគ្រួសារងាយរងគ្រោះចំនួន ១១០គ្រួសារ មកពីឃុំពពេល និងឃុំឆ្នុកទ្រូ ស្រុកបរិបូណ៌ ខេត្ត​កំពង់​ឆ្នាំង។

អំណោយក្នុងមួយគ្រួសារទទួលបាន÷ អង្ករ ១៥គីឡូក្រាម, មី កន្លះកេះ, ទឹកត្រី ១​យួរ​, ទឹកដោះគោ​ ២កំប៉ុង និងប្រេងឆា ២លីត្រ។ ក្នុងឱកាសនោះផងដែរ លោកជំទាវ ម៉ាណ ណាវី​ បានឧបត្ថមថវិការសរុប ចំនួន ៧២មុឺនរៀល ដល់កងរាជអាវុធហត្ថ សហភាពសហព័ន្ធ​យុវជន​កម្ពុជា និងសម្ព័ន្ធ​យុវជន​មុស្លិមកម្ពុជាខេត្តកំពង់ឆ្នាំង។ លោកជំទាវ ក៏បានធ្វើការផ្តាំផ្ញើដល់បងប្អូនប្រជាពលរដ្ឋ ត្រូវថែរក្សាសុខភាពដេីម្បីជៀសផុតពីជំងឺផ្សេងៗ​ ពិសេស​ត្រូវចូលរួមទប់ស្កាត់នូវការរីករាលដាលនៃកូវីដ ១៩(Covid-19 ) កុំឱ្យកើតមានក្នុងគ្រួសារ និងសហគមន៍របស់យើង។

បន្ទាប់​ពី​ចប់កម្មពិធីចែកអំណោយ​លោកជំទាវបានបន្តដំណើរប្រគល់អណ្ដូងស្នប់ធំចំនួន ០២ ទៅដល់ប្រជាពលរដ្ឋនៅភូមិឆ្នុកទ្រូ ឃុំឆ្នុកទ្រូ ស្រុកបរិបូណ៌ និងភូមិ៤ សង្កាត់ខ្សាម​ ស្ថិតក្នុងក្រុងកំពង់ឆ្នាំង ខេត្តកំពង់ឆ្នាំង ៕