សាលាដំបូង និងអយ្យការអមសាលាដំបូងខេត្តកំពង់ឆ្នាំងបើកសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២១ និងលើកទិសដៅអនុវត្តឆ្នាំ២០២២ និងរៀបពិធីសូត្រមន្តឡើងអាគារលេខាធិការរដ្ឋានថ្មី
កំពង់ឆ្នាំង:នៅព្រឹកថ្ងៃទី០៦ ខែមេសា ឆ្នាំ២០២២នេះសាលាដំបូង និងអយ្យការអមសាលាដំបូងខេត្តកំពង់ឆ្នាំងបានរៀបចំពិធីបើកសន្និបាតបូកសរុប លទ្ធផលការងារឆ្នាំ២០២១ និងដាក់ទិសដៅអនុ វត្តឆ្នាំ២០២២ និងរៀបពិធីសូត្រមន្តឡើងអាគារលេខាធិការរដ្ឋានថ្មី ។
ពិធីខាងលេីនេះប្រារព្ធធ្វេីឡេីងក្រោមវត្តមាន ឯកឧត្តម គឹម រ័ត្នណារិន ប្រធានសាលាដំបូងខេត្តកំពង់ឆ្នាំង និងឯកឧត្តម អុិត សុធា ព្រះរាជអាជ្ញា នៃអយ្យការអមសាលា ដំបូងខេត្តកំពង់ឆ្នាំង ។
ឯកឧត្តម អុិត សុធា ព្រះរាជអាជ្ញា នៃអយ្យការអមសាលា ដំបូងខេត្តកំពង់ឆ្នាំង បានថ្លែងលើកឡើងថា សន្និបាត នេះប្រព្រឹត្តធ្វើឡើងក្នុងគោលបំណងបង្ហាញនូវលទ្ធផលការងាររបស់អង្គការតុលាការ និងអង្គការអយ្យការ ដែលបានអនុវត្តក្នុងឆ្នាំ២០២១ និងលើកទិសដៅការងាអនុវត្តបន្ត ឆ្នាំ២០២២ ដើម្បីរកឱ្យឃើញនូវបញ្ហា ប្រឈម និងការលំបាកទាំងឡាយ ដែលជាឧបសគ្គក្នុងការអនុវត្តការងារមិនទទួលបានជោគជ័យនាពេលកន្លងមក សំដៅធ្វើយ៉ាងណាដើម្បីពន្លឿនក្នុងការដោះស្រាយសំណុំរឿងឱ្យបាន ឆាប់រហ័ស ទាន់ពេលវេលា និងមានប្រសិទ្ធភាពខ្ពស់។
ជាមួយគ្នានេះ ឯកឧត្តម អុិត សុធា បានកោតសសើរ ចំពោះ ឯកឧត្តមប្រធានសាលាដំបូងខេត្ត ត្បិតឯកឧត្តមទើបតែមកដល់ តែបានចូលរួមចំណែកយ៉ាងសកម្មក្នុងការអភិវឌ្ឍន៍ ហេដ្ឋារចនាសម្ព័ន្ធ នៅសាលាដំបូង និងអយ្យការអមសាលាដំបូងខេត្តកំពង់ឆ្នាំង។ និងសម្តែងការកោតសសើរ ប្អូនៗ អនុប្រធានសាលាដំបូង ចៅក្រម ព្រះរាជអាជ្ញារង ក្រឡាបញ្ជី និងមន្ត្រីទាំងអស់ ដែល បានចូលរួមយ៉ាងសកម្មក្នុងការបំពេញភារៈកិច្ចការងាររៀងៗខ្លួន ដោយមិនគិតគូពីការនឿយហត់។ នេះសបញ្ជាក់ឱ្យឃើញពីសាមគ្គីភាពរួមមួយ ដែលថ្នាក់ដឹកនាំចង់បាន និងសូមជម្រុញឱ្យបងប្អូនយើងនៅ តែបន្តសកម្មភាពនេះបន្តទៀត និងចេះស្រលាញ់គ្នា ធ្វើយ៉ាងណាខិតខំបន្តបម្រើសេវាយុត្តិធម៌ជូនប្រជាពលរដ្ឋឱ្យ កាន់តែមានភាពល្អប្រសើរ ដើម្បីលើកតម្កើនកិត្យានុភាពស្ថាប័នតុលាការក្នុងខេត្តកំពង់ឆ្នាំង។
ឯកឧត្តម អុិត សុធា បានថ្លែងបន្តទៀតថាជាមួយគ្នានេះដែរក្នុងឱកាសថ្ងៃនេះក៍បានៀបចំនូវកម្មវិធី សូត្រមន្តឡើងអាគារលេខាធិការរដ្ឋានថ្មី និងសុំសេចក្តីសុខចូលឆ្នាំថ្មីដែលនឹងឈានចូលមកដល់ក្នុង ពេលឆាប់ៗខាងមុខនេះ។ សម្រាប់អាគារថ្មីនេះ វាសមិទ្ធផលដ៏ត្រជះត្រចង់មួយដែលបង្ហាញឱ្យឃើញពីការវិវត្តន៍ និងការអភិវឌ្ឍន៍វិស័យយុត្តិធម៌នៅក្នុងប្រទេសយើង ក្រោមការដឹកនាំដោយឯកឧត្តម កើត រិទ្ធិ រដ្ឋមន្ត្រីក្រសួង យុត្តិធម៌ និងក្រោមដំបូលសន្ថិភាពដែលយើងទទួលបានជាប្រវត្តិសាស្រ្ត ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិត និងឈ្លាសវៃរបស់ សម្តេចអគ្គសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជណាចក្រកម្ពុជា ។
ឯកឧត្តម គឹម រ័ត្នណារិន ប្រធានសាលាដំបូងខេត្តកំពង់ឆ្នាំង លើកឡើងថា ក្រោយពីក្រមព្រហ្មទណ្ឌ ព្រហ្មទណ្ឌក្រមនីតិវិធី និងក្រមរដ្ឋប្បវេណី ក្រមនីតិរដ្នប្បវេណី ចូលជាធរមានមក របត់ការងារផ្នែកវិស័យយុត្តិការ មានការប្រែប្រួលយ៉ាងខ្លាំង គឺតម្រូវឲ្យមានការបំពាក់បំប៉ន ដល់ចៅក្រម ក្រឡាបញ្ជីនិងមន្រ្ដីអនុវត្តន៍ច្បាប់ ឲ្យយល់ និងមានសមត្ថភាពដើម្បីអនុវត្តន៍ការងាររបស់ខ្លួនសមស្របនិងច្បាប់ថ្មី និងផ្ដល់សេវា យុត្តិធម៍ជូន ប្រជាពលរដ្ន ស្របតាមនយោបាយកំណែទម្រង់ច្បាប់ និងប្រព័ន្ធយុត្តិធម៌ គឺបង្កើនប្រសិទ្ធភាពក្នុងការផ្ដល់សេវាយុត្តិធម៍ ប្រកបដោយ សមភាព សច្ចភាពនិង តម្លាភាពដើម្បីបង្កើន នូវការធានា យុត្តិធម៌ ភាពជឿជាក់ លើប្រព័ន្ធតុលាការ ពីសំណាក់មតិជាតិ និងអន្ដជាតិ។
ឯកឧត្តម គឹម រ័ត្នណារិន ក៏បានថ្លែងផ្ដាំផ្ញើរទៅដល់ មន្ត្រីក្រោមឱវាទទាំងអស់ ត្រូវគោរពពេលវេលាធ្វើការ អនុវត្តការងារឲ្យបានល្អ គិតប្រយោជន៍ប្រជាពលរដ្ឋជាធំ ក្នុងការរកភាពយុត្តិធម៌ជូនដល់ពួកគាត់ ប្រកបទៅដោយគុណភាព តម្លាភាព ភាពស្មោះត្រង់ និងទាន់ពេលវេលាផងដែរ។ លោកថាសមិទ្ធិផលការងារទាំងឡាយទទួលបានក្នុងរយះពេលកន្លងមក គឺផ្តើមចេញពីការចេះសហការគ្នា ការយោគយល់ អធ្យាស្រ័យគ្នាទៅវិញទៅមក និងភាពមិនមើកបំណាំគ្នា ព្រមទាំងការគោរពច្បាប់និងតួនាទីភារកិច្ចរៀងៗខ្លួន៕