អ៊ីរ៉ាក់គ្រោងបង្កើនបរិមាណប្រេងបម្រុងលើសពី ១៦០ ពាន់លានបារ៉ែល

បាកដាដ៖ លោក Abdel Ghani រដ្ឋមន្ត្រីប្រេងអ៊ីរ៉ាក់ កាល ពីសប្តាហ៍មុនថ្លែងថា អ៊ីរ៉ាក់ជាប្រទេសផលិតប្រេងដ៏ធំបំផុតមួយរបស់ពិភពលោក មានគោលបំណងបង្កើនទុន បម្រុងប្រេងឆៅរបស់ខ្លួនដល់ជាង ១៦០ ពាន់លានបារ៉ែល។

យោងតាមធនាគារពិភពលោក (WB) បាន ឱ្យដឹងថា អ៊ីរ៉ាក់មានទុនបំរុងប្រេងចំនួន ១៤៥ពាន់លានបារ៉ែល ស្មើនឹងរយៈពេល ៩៦ឆ្នាំនៃការផលិតក្នុងអត្រាបច្ចុប្បន្ន។ ទាំងនេះគឺជា ទុនបំរុងប្រេងឆៅដ៏ធំបំផុតនៅលើពិភពលោក។

ការលក់ប្រេងឆៅបង្កើតបាន ៩០ភាគរយនៃចំណូលថវិការបស់ប្រទេសអ៊ីរ៉ាក់។

អ៊ីរ៉ាក់ គឺជាសមាជិកស្ថាបនិកនៃក្រុមប្រទេសផលិតប្រេង OPEC ដែលកាលពីខែមីនា បានរាយការណ៍ថា ទិន្នផលប្រេងឆៅរបស់អ៊ីរ៉ាក់មានលើសពី ៣.៩លានបារ៉ែលក្នុងមួយថ្ងៃ។

រដ្ឋមន្ត្រីអគ្គិសនីអ៊ីរ៉ាក់បាននិយាយនៅក្នុងឆ្នាំ ២០២២ថា ប្រទេសរបស់លោកបានឈានដល់កិច្ចព្រមព្រៀងជាមួយប្រទេសអ៊ីរ៉ង់ ក្នុងការផ្តល់ឧស្ម័ន ៥០លានម៉ែត្រគូបក្នុងមួយ ថ្ងៃក្នុងរដូវក្តៅ និងច្រើនជាង ១០លានម៉ែត្រ គូបក្នុងមួយថ្ងៃក្នុងរដូវរងារ។

ប្រទេសអ៊ីរ៉ាក់ក៏រំពឹងផងដែរថា ខ្លួននឹងទទួលបានឧស្ម័នស្តង់ដារច្រើនជាង៩៨លានម៉ែត្រ គូប និងជាងមួយលាន បារ៉ែលក្នុងមួយថ្ងៃនាពេលអនាគផងដែរ៕