អាជ្ញាធរខេត្តស្ទឹងត្រែង បាន​កៀងចាប់ហ្វូងសត្វទន្សោង១៦ក្បាលឱ្យ​ផុតពី​ការ​ប្រមាញ់របស់ជនខិលខូច

ស្ទឹងត្រែង៖ហ្វូង​សត្វ​ទន្សោងចំនួន ១៦ក្បាល ត្រូវបានអាជ្ញាធរខេត្តស្ទឹងត្រែង បានបើកប្រតិបត្តិការ រយៈពេល៣ថ្ងៃដើម្បីកៀង​ចាប់​ខណៈបានបាន បម្លាស់ទីពីដែនជម្រកសត្វសៀមប៉ាង មកដល់​ចំណុច​ដែល​មាន​ការគំរាមកំហែងពីការបរបាញ់របស់ពួកជនខិលខូច បានដោយ​ជោគ​ជ័យ។

លោក សរ សុពុត្រា អភិបាលខេត្តស្ទឹងត្រែង បានបញ្ជាក់នៅលើទំព័រ​ហ្វេសប៊ុកនៅ​ថ្ងៃទី១៦ ខែឧស​ភា ​នេះ​ថា៖ «ជាលទ្ធផលនៃកិច្ចប្រតិបត្តិការរយៈពេល ៣ថ្ងៃ (១៣-១៥ ឧសភា ២០២៥) ក្រុមការងារ​គៀង​ចាប់បានសត្វទន្សោងចំនួន ១៦ក្បាល ក្នុងនោះញីចំនួន១១ក្បាល។»។

ហ្វូងសត្វទន្សោងទាំង១៦ក្បាល ត្រូវបានយកទៅរក្សាទុក និងអភិរក្សនៅកន្លែង​ដែលមាន​សុវត្ថិភាព​ហើយ។

លោកអភិបាលខេត្តស្ទឹងត្រែង បានកោតសរសើរ​ចំពោះ​​កម្លាំងចម្រុះ រួមមានកម្លាំងជំនាញនៃមន្ទីរកសិកម្ម​, មន្ទីរបរិស្ថាន​, កងរាជអាវុធហត្ថ​, គណៈ​បញ្ជាការឯកភាពរដ្ឋបាលស្រុកបូរីអូរស្វាយសែន ជ័យ និងស្រុកសៀមប៉ាង និង​​មាន​កិច្ចសហការគាំទ្រ ពីអង្គការអភិរក្សសៀមប៉ាង និងក្រុមហ៊ុនរ៉ាយហ្សីងហ្វូនិក ចំពោះ​ប្រតិ​បត្តិការ​ ដ៏នឿយហត់ និងមានតម្លៃនេះ។

សត្វទន្សោង ត្រូវបានអង្គការសហភាពអន្តរជាតិ ដើម្បីការអភិរក្សធម្មជាតិ (IUCN) ប្តូរចំណាត់ថ្នាក់ពី «ប្រភេទជិតផុតពូជ» ទៅជា «ប្រភេទជិតផុតពូជបំផុត» ក្នុងបញ្ជីក្រហមរបស់ខ្លួន កាលពីថ្ងៃទី ៧ ខែធ្នូ ឆ្នាំ២០២៤កន្លងទៅ។ ការប្រែប្រួលចំណាត់ថ្នាក់នេះ គឺជាសញ្ញាបង្ហាញថា សត្វប្រភេទនេះកំពុងរងការគំរាមកំហែងកាន់តែធ្ងន់ធ្ងរ និងងាយឈានដល់កផុតពូជ។ កត្តាគំរាមកំហែងរបស់សត្វទន្សោង មានដូចជា ការបរបាញ់ បាត់បង់ទីជម្រក និងការរេចរឹលព្រៃឈើជាដើម។

ទន្សោង ត្រូវបានគេស្គាល់ថាជាសត្វមានមាឌធំ និងមានសារៈសំខាន់សម្រាប់វប្បធម៌។ សត្វប្រភេទនេះ បានដើរតួនាទីយ៉ាងសំខាន់ក្នុងប្រព័ន្ធអេកូឡូស៊ីធម្ម ជាតិ និងជាប្រភេទសត្វនិមិត្តរូបក្នុងតំបន់ផងដែរ។ ទន្សោងឈ្មោលអាចមានទម្ងន់ទៅដល់ ៨០០ គីឡូ ក្រាម និងមានកម្ពស់រហូតដល់ប្រហែល១,៧ម៉ែត្រ។

តាមអង្គការជីវិតធម្មជាតិនៅកម្ពុជា មានទន្សោង ច្រើនជាងគេលើពិភពលោកដោយគេប៉ាន់ប្រមាណ ថាមានចំនួនជាង១០០០ក្បាលតែប៉ុណ្ណោះ៕