ព្រះមហាក្សត្រនៃកម្ពុជាប្រោសព្រះរាជទានគោរមងារ ជូន ឯកឧត្តម កិត្តិបរិរក្សបណ្ឌិត ហោ ណាំហុង ជា «សម្តេច ឥស្សរវិទេសបញ្ញា»

ភ្នំពេញ៖ ព្រះករុណា សម្តេច ព្រះបាទ សម្តេច ព្រះនរោត្តម សីហមុនី ព្រះមហាក្សត្រនៃកម្ពុជា នៅថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២៥នេះ បានចេញព្រះរាជក្រឹត្យ ប្រោសព្រះរាជទានគោរមងារ ជូន ឯកឧត្តមកិត្តិបរិរក្សបណ្ឌិត ហោ ណាំហុង ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ ជា «សម្តេច ឥស្សរវិទេសបញ្ញា»។

សូមរម្លឹកថា សម្តេច ឥស្សរវិទេសបញ្ញា ហោ ណាំហុង ជាឥស្សរជនជាន់ខ្ពស់របស់ប្រទេសកម្ពុជា ធ្លាប់កាន់តំណែងជាឧបនាយករដ្ឋមន្រ្តី និងជារដ្ឋមន្រ្តីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ជាច្រើនឆ្នាំ ពេលដែលសម្តេចតេជោ ហ៊ុន សែន នៅជានាយករដ្ឋមន្រ្តី មុនសម្តេចទទួលបានការតែងតាំងជាឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រនាពេលបច្ចុប្បន្ន៕