
ឯកឧត្តម ជា សុមេធី អញ្ជើញជាអធិបតីក្នុងពិធីប្រកាសសមាសភាពសាខាមូលនិធិជាតិជំនួយសង្គម និងសំណេះសំណាលជាមួយមន្ត្រីរាជការនៃមន្ទីរ ស.អ.យ មន្ត្រីសាខាមូលនិធិជាតិជំនួយសង្គម និងសាខាមូលនិធិជនពិការខេត្តកំពង់ឆ្នាំង
កំពង់ឆ្នាំង ÷ នៅព្រឹកថ្ងៃទី១៤ ខែមករា ឆ្នាំ២០២៥ នេះ ឯកឧត្តម ជា សុមេធី រដ្ឋមន្ត្រីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងពិធីប្រកាសសមាសភាពសាខាមូលនិធិជាតិជំនួយសង្គមខេត្តកំពង់ឆ្នាំង និងសំណេះ សំណាលជាមួយមន្ត្រីរាជការនៃមន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា មន្ត្រីសាខាមូលនិធិជាតិជំនួយសង្គម និងសាខាមូលនិធិជនពិការខេត្តកំពង់ឆ្នាំង ។
ពិធីខាងលើនេះ មានការអញ្ជើញចូលរួមពីសំណាក់ ឯកឧត្តម សុីវ រុន ប្រធានក្រុមប្រឹក្សាខេត្ត ឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ អភិបាលខេត្ត និងឯកឧត្តម លោកជំទាវ រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ និងប្រតិភូ អមដំណើរ ថ្នាក់ដឹកនាំមន្ទីរជុំវិញខេត្ត អភិបាលក្រុង ស្រុក រួមនិងថ្នាក់ដឹកនាំមន្រ្តីរាជការមន្ទីរសង្គមកិច្ចអតីតយុទ្ធជន និងយុវនិតិសម្បទាខេត្តផងដែរ ។
យោងតាមប្រកាសរបស់ក្រសួងសង្គមកិច្ចអតីតយុទ្ធជន និងយុវនីតិសម្បទាត្រូវបានប្រកាសប្រគល់ ភារកិច្ចជូនលោក ទិព្វ សាវ៉ាន ជាប្រធានសាខាមូល និធិជាតិជំនួយសង្គមខេត្តកំពង់ឆ្នាំង និង អនុប្រធានសាខា ១រូប និងសមាជិកមួយចំនួនផងដែរ ។
លោក ឈាង ចន្ធី ប្រធានមន្ទីរសង្គមកិច្ចអតីតយុទ្ធជន និងយុវនីតិសម្បទា ខេត្តកំពង់ឆ្នាំងបានបញ្ជាក់ឱ្យដឹងថា ចាប់ពី ថ្ងៃទី០១ ខែមេសា ឆ្នាំ ២០២៤ ដល់ថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២៤ បានអនុវត្តកម្មវិធីជាតិជំនួយសង្គមក្នុងកញ្ចប់ គ្រួសារ សរុបទាំងគ្រួសារមានបណ្ណក្រីក្រកម្រិត១ និងកម្រិត២ មានចំនួន ១៧,៣២២គ្រួសារ ក្នុងនោះ៖ ស្ត្រីមានផ្ទៃពោះ និង កុមារអាយុក្រោម ០២ឆ្នាំ សរុបចំនួន ៦១១នាក់ មនុស្សវ័យចាស់ចំនួន ៩,៦៩៩នាក់ ជនមានពិការភាពចំនួន ៤៨២នាក់ អ្នករស់នៅជាមួយជម្ងឺHIVចំនួន ១៦០នាក់ ។
មានប្រសាសនៅក្នុងឱកាសនោះ ឯកឯកឧត្តម ជា សុមេធី រដ្ឋមន្ត្រីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទាបានវាយតម្លៃខ្ពស់ចំពោះថ្នាក់ដឹកនាំមន្រ្តីរាជការគ្រប់លំដាប់ថ្នាក់ នៃមន្ទីរសង្គមកិច្ចអតីតយុទ្ធជននិងយុវនីតិសម្បទាខេត្តកំពង់ឆ្នាំងដែលនាពេលកន្លងមកនេះ បានខិតខំបំពេញការងារ ប្រកបដោយផ្លែផ្កាគួរជាទីមោទនៈ ជាមួយសាខាមូលនិធិជាតិជំនួយសង្គម និងសាខាមូលនិធីជនពិការ ខេត្ត ក៏ដូចជាមន្ត្រីរាជការ បានយកចិត្តទុកដាក់បំពេញតួនាទីភារកិច្ច សហការគ្នាបានល្អជាមួយរដ្ឋបាលខេត្ត ក្រុង ស្រុក ឃុំ សង្កាត់ ក្នុងការផ្តល់សេវាសង្គមកិច្ចនានាបានល្អប្រសើរជូនប្រជាពលរដ្ឋ ពិសេសការអនុវត្តកម្មវិធីជាតិជំនួយសង្គមក្នុងកញ្ចប់គ្រួសារ ដែលត្រូវបានដាក់ឱ្យអនុវត្តចាប់ពីខែមេសាឆ្នាំ២០២៤កន្លងទៅនេះ។ដើម្បីដឹកនាំការងារបន្តបំពេញតួនាទីជាសេនាធិការឱ្យក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា និងមូលនិធិជាតិជំនួយសង្គមក្នុងការផ្តល់ សេវាជូនប្រជាពលរដ្ឋនៅក្នុងខេត្តរបស់ខ្លួន។
ឯកឧត្តមរដ្ឋមន្ត្រី ជា សុមេធី បានគូសបញ្ជាក់ទៀត ថា ការប្រកាសនូវប្រធានអនុប្រធាន និងសមសភាព សាខាមូលនិធិជាតិជំនួយសង្គមនាពេលនេះគឺជាការ ទទួលខុសត្រូវនូវកិច្ចការងារថ្មីៗសំខាន់ៗដែលក្រសួងបាន និងកំពុងពុះពារសម្រេចឱ្យបានស្របតាមតួនាទីភារកិច្ចរបស់ក្រសួង កម្មវិធីនយោបាយ និងយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលកម្ពុជា ក្រោមការចង្អុលណែនាំរបស់សម្តេចមហាបវរ ធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា។
ឯកឧត្តមបានផ្តាំផ្ញើដល់ថ្នាក់ដឹកនាំនិងសមាជិកថ្មីសាខាមូលនិធិជាតិជំនួយសង្គមនេះត្រូវបន្តយកចិត្តទុកដាក់ និងសហការ សាមគ្គីគ្នាបំពេញកិច្ចការងារ ឱ្យកាន់តែមានប្រសិទ្ធិភាព ខ្ពស់ក្នុងការបម្រើនូវសេវាសង្គមកិច្ចនេះកាន់តែមានភាពប្រសើរឡើង ។



