លោក សាន់ យូ៖ ការបិទផ្សាយរយ:ពេល១៥ថ្ងៃជាឧិកាសល្អសម្រាប់ម្ចាស់ក្បាលដីពិនិត្យផ្ទៀងផ្ទាត់



កំពង់ឆ្នាំង ÷ លោក សាន់ យូ អភិបាលរងខេត្តកំពង់ឆ្នាំង ថ្លែងថាការបិទផ្សាយជាសាធារណ:នូវឯកសារនៃការវិនិច្ឆ័យដីធ្លី មានលក្ខណ:ជាប្រព័ន្ធ រយះពេល ១៥ថ្ងៃ ជាឱកាសសំខាន់ណាស់របស់ប្រជាពលរដ្ធជាម្ចាស់ក្បាលដីដើម្បីផ្ទៀងផ្ទាត់រកភាពត្រឹមត្រូវ ។ ការថ្លែងរបស់លោកអភិបាលរងខេត្តបែបនេះនៅក្នុងកម្មវិធីបិទផ្សាយជាសាធារណៈ នូវឯកសារនៃការវិនិច្ឆ័យមានលក្ខណៈជាប្រព័ន្ធសម្រាប់ភូមិកង្កែប ឃុំច្រណូក ស្រុកកំពង់លែង ខេត្តកំពង់ឆ្នាំង នាព្រឹកថ្ងៃទី០៤ ខែ កុម្ភ: ឆ្នាំ២០២៥ នៅបរិវេណវត្តគីរីសត្ថារាម ហៅវត្តថ្មកង្កែប ។ ដោយមានការចូលរួមពីលោក ឈុន សុខកុម្ភ: អនុប្រធានមន្ទីររៀបចំដែនដីនគររូបនីយកម្មសំណង់និងសូរិយោដីខេត្ត រួមនិងមន្ទីរស្ថាប័នពាក់ព័ន្ធ អាជ្ញាធរមូលដ្ធានផងដែរ ។


លោក សាន់ យូ មានប្រសាសន៍បន្តថា រាជរដ្ឋា ភិបាល នីតិកាលទី៧ នៃរដ្ឋសភា ក្រោមការដឹកនាំរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានដាក់ចេញនូវយុទ្ធសាស្ត្របញ្ជកោណ-ដំណាក់កាលទី១ ដើម្បី កំណើនការងារ សមធម៌ ប្រសិទ្ធភាព និងចីរភាព ដោយបន្តផ្តោតជាសំខាន់លើ “ប្រសិទ្ធភាពសមិទ្ធកម្ម” និងតែងតេគិតគូ គាំទ្រទាំងផ្នែកបច្ចេកទេស និងផ្នែកច្បាប់ក្នុងដំណើរការចុះបញ្ជីដីធ្លីលក្ខណប្រព័ន្ធជូនប្រជាពលរដ្ឋ គ្រប់ភូមិសាស្ត្រខេត្តទូទាំងប្រទេសឱ្យមានភាពកាន់តែល្អប្រសើរឡើងបន្ថែមទៀត សម្រាប់ការផ្តល់បណ្ណកម្មសិទ្ធិជូនដល់បងប្អូនប្រជាពលរដ្ឋជាម្ចាស់ដី និងអ្នកកាន់កាប់ដីទាំងឡាយ ដែលបានបំពេញគ្រប់លក្ខខណ្ឌ និង បទដ្ឋានបច្ចេកទេសស្របតាមច្បាប់ និងបទដ្ឋានគតិយុត្តជាធរមាន ។


លោកបន្តទៀតថានៅក្នុងការបិទផ្សាយរយះពេល ១៥នេះគឺជាពេលវេលាដែលបងប្អូនពិនិត្យផ្ទៀងផ្ទាត់នូវរូបរាង ទំហំដី អក្ខរាវិរុទ្ធ អោយបានត្រឹមត្រូវ អាចប្តឹងជំទាស់តវ៉ានិងកែតម្រូវឡើងវិញ ។


ក្នុងឱកាសនោះលោក សាន់ យូ ក៍បានអំពាវនាវដល់អាជ្ញាធរភូមិ ឃុំ ជួយផ្សព្វផ្សាយបន្តដល់បងប្អូនប្រជាពលរដ្ធជាម្ចាស់ក្បាលដីមកចូលរួមអោយបានគ្រប់គ្នា ។


តាមរបាយការណ៍របស់លោក ឈុន សុខកុម្ភ: អនុប្រធានមន្ទីររៀបចំដែនដីនគររូបនីយកម្មសំណង់ និងសូរិយោដីខេត្តបានបញ្ជាក់ថា ឃុំច្រណូកមាន០៤ ភូមិ ហើយភូមិកង្កែបគឺជាភូមិទី១ដែលក្រុមការងារចុះវាស់វែងពីមួយដំណាក់ទៅមួយដំណាក់កាលរហូតឈានដល់ការបិទផ្សាយនាពេលនេះ ដោយ២-ការប្រមូលទិន្នន័យសរុបចំនួន ២៥៨៦ ក្បាលដី ក្នុងនោះមាន ដឹកសិកម្ម ដីលំនៅឋាន ដីសាលាឆទានដីសាលារៀន ដីស្រះ ដីរួមភូមិ និងដីទួលអ្នកតា ។