ឯកឧត្តមបណ្ឌិតសភាចារ្យ អ៊ុក រ៉ាប៊ុន អញ្ជើញពិនិត្យ​ស្ថាន​ភាព​ទឹក​ និង​ការ​ងារ​បង្ករ​បង្កើន​ផល​ស្រូវ​ប្រាំង​​ នៅ​ឃុំ​គោ​ក​បន្ទាយ​ ស្រុក​រលាប្អៀរ​


កំពង់ឆ្នាំង ÷ នៅរសៀលថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២៥ ឯកឧត្តមបណ្ឌិតសភាចារ្យ អ៊ុក រ៉ាប៊ុន ប្រធានក្រុមប្រឹក្សាស្តារអភិវឌ្ឍន៍វិស័យកសិកម្ម និងជនបទ ប្រធានគណៈកម្មាធិការជាតិជំរុញចលនាភូមិមួយផលិតផលមួយ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកំពង់ឆ្នាំង រួមដំណើរដោយលោកជំទាវ កែ ច័ន្ទមុនី តំណាងរាស្ត្រមណ្ឌលខេត្តកំពង់ឆ្នាំង និងក្រុមការងាររាជរដ្ឋាភិបាល មន្ទីរជំនាញ និងអាជ្ញាធរ បានអញ្ជើញចុះជួបសំណេះសំណាលសួរសុខទុក្ខបងប្អូនប្រជពលរដ្ឋ ព្រមទាំងពិនិត្យមើលស្ថានភាពទឹក និងការបង្កបង្កើនផលស្រូវប្រាំង ក្នុងឃុំគោកបន្ទាយ ស្រុករលាប្អៀរ។


នៅក្នុងឳកាសនោះ ឯកឧត្តម បណ្ឌិតសភាចារ្យ បានណែនាំឲ្យមន្ត្រីជំនាញ និងអាជ្ញាធរមូលដ្ឋាន បន្តយកចិត្តទុកដាក់ តាមដានពីស្ថាន​ភាព​ទឹក និងត្រៀមអន្តរាគមន៍ ជួយសង្គ្រោះស្រូវប្រជាកសិករ ឲ្យបានទាន់ពេលវេលា ។


លោក ងិន ហ៊ុន ប្រធានមន្ទីរកសិកម្ម រុក្ខាប្រម៉ាញ់ និងនេសាទខេត្តកំពង់ឆ្នាំង បានឲ្យដឹងថា ឆ្នាំនេះប្រជាកសិករ នៅទូទាំងខេត្តសម្រេច​ធ្វើការដាំដុះស្រូវប្រាំង បានលើផ្ទៃដី ចំនួន ៥៩ ៨១០ ហិកតា គិតត្រឹមថ្ងៃទី១៨ ខែកុម្ភៈនេះ ប្រជាកសិករសម្តេចប្រមូលផលបានលើផ្ទៃដីចំនួន​ ៧ ១២៦ហិកតាហើយ ដោយទទួលបានទិន្នផលជាមធ្យម ៤ ៦៨៦ គីឡូក្រាម ក្នុង១ហិកតា ៕