ប្រវត្តិ និង អត្ថន័យនៃព្រះ​រាជពិធី​ច្រត់ព្រះ នង្គ័ល​

​ភ្នំពេញ​៖ពិធី​ច្រត់ព្រះនង្គ័ល ជា​ព្រះ​រាជពិធី​មួយ ក្នុងចំណោម ​ព្រះរាជ​ពិធី​ទ្វាទសមាស (​ព្រះរាជ​ពិធីបុណ្យ​ដែល​ធ្វើ​ក្នុង​មួយ ខែ​ម្តង តាម​រាជ​បវេណី ) ។ តាម​ធម្មតា ព្រះរាជ​ពិធី​នេះ ត្រូវបានធ្វើ​នៅ​ខែ​ពិសាខ (​ឧសភា​) ជា​ពេល​ដើមរដូវ​បង្កបង្កើន ផល​កសិកម្មហើយ​ជាទូទៅត្រូវបាន​ប្រារព្ធ​នៅលើ​ទីលានវាល ​ព្រះមេរុ ខាងជើង​ព្រះបរមរាជវាំង ឬ ព្រះ​ស្រែ​ណាមួយ ។
​ ​
​ព្រះ​រាជពិធី​ច្រត់ព្រះនង្គ័ល ច្រើនតែ​ធ្វើ​នៅ​ថ្ងៃ ១​រោច ២​រោច និង ៣ រោច ខែ ពិសាខ ដោយ​ចាត់​ឱ្យមាន​ព្រាហ្មណ៍ ៥ នាក់ ធ្វើ ហោមពិធី​បូជា​ទេវតា ៥ កន្លែង នៅ​ទី​ព្រះ​ស្រែ ។ ពេលខ្លះ​ព្រះរាជា យាង​ច្រត់ព្រះនង្គ័ល ដោយផ្ទាល់ ប៉ុន្តែ​ពេលខ្លះ​តំណាង​ព្រះរាជា ជា​អ្នក​ច្រត់ ព្រះ​នង្គ័ល ។ ថ្ងៃ ៤ រោច ខែ ពិសាខ គេ​ចាប់ផ្តើម​ហែម​ន្ត្រី អ្នក​ច្រត់ព្រះនង្គ័ល​តំណាង​ព្រះរាជា ហៅថា ស្តេច មាឃ និង ភរិយា ព្រះ​មេ​ហួរ តំណាង​ព្រះ​អគ្គមហេសី​ចេញពី​ព្រះបរមរាជវាំង ទៅកាន់​ទី​ព្រះ​ស្រែ ដោយនៅ​ទីនោះ មាន គោ ៣ នឹម ទឹម​រួចជាស្រេច​សម្រាប់​ច្រត់ព្រះនង្គ័ល ។ អ្នកចូលរួម​ទាំងប្រុស​ទាំងស្រី​ស្លៀកពាក់​តាម​លក្ខណៈ​ប្រពៃណី​ខ្មែរ​យ៉ាង​ល្អ​ឆើតឆាយ ។​

គោ នឹម ទី ១ ដែល​ទឹម​សម្រាប់ ច្រត់ព្រះនង្គ័ល នោះ គេ​ហៅថា “ ព្រះ​គោ ” ឬ “ គោ​ឧសភរាជ ” ( គោ​ឈ្មោល​របស់​ព្រះរាជា ) ។ តាម​រាជ​បវេណី “ ព្រះ​គោ ” ឬ “ គោ​ឧសភរាជ ” នេះ មានកំណត់​លក្ខណៈ ច្បាស់លាស់ គឺ​សម្បុរ​ខ្មៅ ស្នែង​រាង​ចំពាស់ ឈ្នក់ ឬ ប្រក់​នាគ គឺ​រាង​ខុប​ទៅមុខ​បន្ដិច ហើយ​វាត់​ចុង​ទៅលើ​បន្ដិច ។

​គោ​នឹម​ទី ២ ដែល​ប្រើ​សម្រាប់​ហែ​មុខ​ហែ​ក្រោយ​នោះ ដូចជា​មិនទាន់​ឃើញថា​មានកំណត់ លក្ខណៈ​នៅឡើយ ។ ទោះយ៉ាងណា តាម​ដែល​ធ្លាប់ប្រើ​មកហើយ​ឃើញ​ច្រើនតែ​សម្បុរ ក្រហម ។ ឯ​ព្រះ​នង្គ័ល​ទាំង ៣ នោះ គេ​លាបថ្នាំ​ពណ៌​ខ្មៅ កាត់​ខ្សែ​ក្រហម​ដោយ​អន្លើៗ ឯ​ចន្ទោល​ព្រះ​នង្គ័ល​សម្រាប់​អ្នក តំណាង​ព្រះរាជា​នោះ មាន​លក្ខណៈពិសេស​ជាងគេ គឺ​ធ្វើជា​រូប​នាគ លាបថ្នាំ​ពណ៌​មាស នៅត្រង់ ក នាគ និង មាន​ភូ (​សរសៃ​រំយោល​) ធ្វើ​ពី​រោមសត្វ ។​

​គោលបំណង​សំខាន់បំផុត នៃ ព្រះ​រាជពិធី​ច្រត់ព្រះនង្គ័ល គឺធ្វើឡើង​ដើម្បី​ជាការ​ព្យាករណ៍ ឬទស្សន៍ទាយ អំពី​ផលដំណាំ ​កសិកម្ម និង ហេតុភេទ​ដែល​អាច​នឹង​កើតមានឡើង​នៅក្នុង រយៈពេល ពេញ​មួយឆ្នាំ តាមរយៈ​ទង្វើ​របស់​គោ នៅក្នុង​ព្រះរាជ​ពិធី​នោះ ។ ព្រះរាជា ឬ ស្តេច​មាឃ ដែលជា​តំណាង​ឲ្យ​ព្រះមហាក្សត្រ ជា​អ្នក​ភ្ជួរ​ព្រះមេរុ រីឯ​មហាក្សត្រិយានី ឬ ដែល​តំណាង​ដោយ​ព្រះ​មេ​ហួរ​ជា​អ្នក​ព្រួស​គ្រាប់ពូជ​ពីក្រោយ​។ វាល​ព្រះមេរុ​ត្រូវបាន​ភ្ជួរ ចំនួន​បី​ជុំ​នៅក្នុង​ពិធី​នោះ​។

​នៅក្នុង​ព្រះរាជ​ពិធី​នេះ បន្ទាប់ពី​បាន​ភ្ជួរ​ដូច​បាន​រៀបរាប់​ខាង លើ​មក គឺជា​ពិធី​ផ្សង​គោ​ឧសភរាជ ។ ពិធី​ផ្សង​គោ​ឧសភ​រាជ្យ នេះ ព្រាហ្មណ៍​ដែលជា​ព្រះរាជ​គ្រូ សូត្រ​ពាក្យ​អធិដ្ឋាន​ផ្សង​គោ ដែល​ទឹម​ច្រត់ព្រះនង្គ័ល​នោះ ឱ្យ​បរិភោគ​អាហារ ៧យ៉ាង ខាងលើនេះ ។ កាល​ព្រះ​គោ បរិភោគ​អ្វីមួយ ព្រាហ្មណ៍ ក៏​ព្យាករណ៍​នូវ​ព្រឹត្តិការណ៍ ឬ​ទស្សន៍ទាយ​តាម​ប្រផ្នូល​នោះ សម្រាប់​រយៈពេល​ពេញ​មួយឆ្នាំ​នេះ ដូចជា ជំងឺ​រាតត្បាត ទឹកជំនន់ ទិន្នផល​ល្អ និង មាន​ភ្លៀង​ធ្លាក់​ច្រើន ឬ តិច ជាដើម​។​

​សូមបញ្ជាក់​ឡើងវិញ​ថា នៅក្នុង​បរិវេណ​ទីលាន​ព្រះ​ស្រែ ឬ វាល​ព្រះមេរុ នោះ មាន​សង់​ព្រះ​ពន្លា គឺ រោង ដ៏​ស្រស់ស្អាត ហើយ​នៅមុខ​ព្រះ​ពន្លា​នោះ មាន តុ ចំនួន ៧ ហើយ​នៅលើ តុ នីមួយៗ មាន​តម្កល់​ទៅដោយ​របស់​មួយ​មុខ​គឺ គឺ​គ្រាប់ស្រូវ ១ តុ គ្រាប់សណ្ដែក ១ តុ គ្រាប់ពោត ១ តុ គ្រាប់ ល្ង ១ តុ ស្មៅ​ស្រស់ ១ តុ​ទឹក ១ តុ និង ស្រា ១ តុ ។​

​បូរាណ​វិទូ បាន​អះអាងថា ព្រះ​រាជពិធី​ច្រត់ព្រះនង្គ័ល​នេះ ត្រូវបាន​ព្រះរាជា​ខ្មែរប្រារព្ធ ជា​បវេណី យ៉ាងហោចណាស់ ក៏​តាំង ពី​សម័យ ចេនឡា (​សតវត្ស​ទី​៦ ដល់​ដើម​សតវត្ស​ទី ៩ ) ដែរ ដោយ​ពួកគេ​បាន​រកឃើញ​រូបចម្លាក់​ជាច្រើន​បញ្ជាក់​ពី​វត្តមាន នៃ​ព្រះ​រាជពិធី​ច្រត់ ព្រះ​នង្គ័ល​នេះ ។​

​ចំពោះ​ស្នាដៃ​អក្សរសិល្ប៍​វិញ គឺ​គេ​អាច​ឃើញ​មាន​វត្តមាន​ព្រះរាជ​ពិធី​ច្រត់ព្រះនង្គ័ល​នេះ នៅក្នុង​រឿង រាមាយណៈ របស់ ឥណ្ឌា និង រឿង រាមកេរ្តិ៍ របស់​ខ្មែរ ។ នៅក្នុង​រឿង រាមកេរ្តិ៍ របស់​ខ្មែរ មាន​តំណាល​ថា ព្រះ​នាង សីតា បានចាប់កំណើត​ក្នុងពេលដែល​ព្រះបាទ​ជនក កំពុង​ធ្វើ​ពិធី​ច្រត់ព្រះនង្គ័ល​ហើយក៏​លេចចេញ​ព្រះ​នាង​ពី​ដី​អាចម៍​ដំណះ​ដែល​ព្រះអង្គ​កំពុង ភ្ជួរ​ក្នុង​ព្រះរាជ​ពិធី​នោះ​។ នៅក្នុង​ពុទ្ធប្បវត្តិ ក៏មាន​ឃើញ​រឿងនេះ​ដែរ គឺ​នៅពេលដែល​ព្រះបាទ សិ​ទ្ធោ​ទ​ន (​បិតា​របស់​ព្រះពុទ្ធ​) កំពុង​យាង​ច្រត់ព្រះនង្គ័ល នោះ ព្រះរាជ​កុមារ សិទ្ធត្ថ បាន​ក្រោក​អង្គុយ​ធ្វើ​សមាធិ​ក​ក្រោម​ដើមឈើ​បានសម្រេច​ធម៌​ដ៏​សំខាន់​មួយ ។​

​តាម​រូបភាព ការ​ប្រារព្ធ​ពិធី​ច្រត់ព្រះនង្គ័ល នេះ​គ្រាន់តែ​ជា​និមិត្តរូប​ប៉ុណ្ណោះ ហើយក៏​គ្មាន​ទទួល បាន​ភោគផល​អ្វី​ពិតប្រាកដ​ដែរ ដ្បិត​ការ​ភ្ជួរ និង សាប​ព្រួស ក្នុង​ព្រះ​រាជពិធី​នេះ គ្រាន់តែ ជា​តំណាង ពោលគឺ​ពុំមែន​ជាការ​ប​ង្កើ​បង្កើន​ផល​ពិតប្រាកដ​ឡើយ ។ ប៉ុន្តែ​ពិធី​នេះ​បង្កប់ ទៅដោយ​អត្ថន័យ​ដ៏​សំខាន់​គឺ​បញ្ជាក់ថា ព្រះរាជា ( ឬ ប្រមុខ និង ថ្នាក់ដឹកនាំ​ប្រទេស ) យក​ព្រះទ័យ ឬ យកចិត្តទុកដាក់​លើ​វិស័យ​កសិកម្ម ឬ ការ​បង្កបង្កើនផល ដ្បិត​កម្ពុជា ជា​ប្រទេស​ដែល​ពឹង​លើ​វិស័យ​កសិកម្ម​ជាសំខាន់ ។​

​តាមរយៈ​ព្រះរាជ​ពិធី​ច្រត់ព្រះនង្គ័ល​នេះ គឺជា​ការ​ក្រើនរំលឹក​ដល់​ប្រជានុរាស្ត្រ និង អ្នកពាក់ព័ន្ធ​ទាំងអស់​ថា “ រដូវ​បង្ក បង្កើនផល​បាន​ចូលមក​ដល់​ហើយ គប្បី​ប្រុងប្រៀប​រៀប ចំ​កាយ​ចិត្ត និង ឧបករណ៍​សម្រាប់​ប្រឡូក​ក្នុង​ការដាំដុះ​”៕