
ផ្លូវដែកទិសពាយព្យប្រវែង១៦៦kmពោធិសាត់-ភ្នំពេញត្រូវបានដាក់អោយដំណើរការឡើងវិញក្រោយពីអាក់ខានដំណើរ ការជាង៤៥ឆ្នាំ
កំពង់ឆ្នាំងៈ នៅថ្ងៃទី៤ ខែកក្កដា ឆ្នាំ២០១៨ នេះ នៅស្ថានីយ៍រមាស ស្រុកទឹកផុស ខេត្តកំពង់ឆ្នាំងប្រារព្ធពិធីបើកឱ្យដំណើរការផ្លូវដែកទិសពាយ័ព្យ ភ្នំពេញ-ពោធិ៍សាត់ជាបណ្ដោះអាសន្ន ក្រោមអធិបតីភាព ឯកឧត្តមទេសរដ្ឋមន្រ្តី ស៊ុន ចាន់ថុល រដ្ឋមន្រ្តីក្រសួងសាធារណៈការនិងដឹកជញ្ជូននិងមានការចូលរួមពីថ្នាក់ដឹកនាំ មន្ត្រីរាជការនៃក្រសួង សាធារណការ និងដឹកជញ្ជូនឯកឧត្តមឈួរ ច័ន្ទឌឿន អភិបាលខេត្តកំពង់ឆ្នាំង មន្ត្រីរាជការជុំវិញខេត្ត និងអ្នកចូលរួមសរុបចំនួន៤០០នាក់។
ក្នុងឱកាសនោះ ឯកឧត្តមទេសរដ្ឋមន្រ្តី ស៊ុន ចាន់ថុលរដ្ឋមន្រ្តីក្រសួងសាធារណៈការនិងដឹកជញ្ជូនបានថ្លែងថាៈ ក្រោមនយោបាយឈ្នះ ឈ្នះ និងការដឹកនាំប្រកបដោយគតិបណ្ឌិត របស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែនរដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានធ្វើអោយប្រទេសជាតិមានសន្តិភាពពេញលេញបានផ្តល់ឱកាសអោយយើងអភិវឌ្ឍន៍មានការរីកចំរើនលើគ្រប់វិស័យជា ពិសេសស្របតាមយុទ្ធសាស្រ្តទាំង៤គឺទឹក ផ្លូវ ភ្លើងនិងធនធានមនុស្ស។
ឯកឧត្តមទេសរដ្ឋមន្រ្តីបានមានប្រសាសន៍បន្តទៀតថាៈផ្លូវ ដែកពោធិ៍សាត់-ភ្នំពេញមាន ប្រវែង ១៦៦គ.ម ឆ្លងកាត់ខេត្តពោធិ៍សាត់-កំពង់ឆ្នាំង-កំពង់ស្ពឺ-កណ្តាល និងរាជធានីភ្នំពេញ ចំណាយ ២៣.៤ លានដុល្លារ ថវិកាជាតិ។
កំណាត់ផ្លូវដែកពីពោធិ៍សាត់-ភ្នំពេញនេះមានស្ថានីយចំនួន ២០ រួមមានៈពោធិ៍សាត់ ទទឹងថ្ងៃ កំរ៉ែង បំណក់ ក្តុល ក្រាំងស្គារ រមាស បារាំង ក្រាំងល្វា មានក ត្បែងខ្ពស់ ដំណាក់ស្មាច់ ត្រាចទង បាត់ដឹង ទួលលៀប ត្រពាំត្នោត សំរោង ផ្លូវបំបែក ពោធិ៍ចិនតុង ភ្នំពេញ។ កំណាត់ផ្លូវដែកពោធិ៍ សាត់-ភ្នំពេញ គឺធ្វើឡើងដើម្បីតភ្ជាប់ទាំងស្រុងផ្លូវដែកភាគខាងជើង ភ្នំពេញ-ប៉ោយប៉ែត ដែលមានប្រវែង ៣៨៦គ.ម។ ផ្លូវដែកនេះបានចាប់ផ្ដើមការសាងដំបូងក្នុងឆ្នាំ១៩២៩ ហើយ ត្រូវបានបំផ្លាញដោយសង្គ្រាម។
ឯកឧត្ដមទេសរដ្ឋមន្ត្រីបានគូសបញ្ជាក់ថា ផ្លូវដែកភាគខាងជើងនេះ គឺជាផ្លូវសេដ្ឋកិច្ចមួយដ៏មានសក្ដានុពលក្នុងការដឹកជញ្ជូនផលិតផលនានារបស់បងប្អូនទៅកាន់ទីផ្សារក្នុងតំបន់ និងពិសេសលើសពីនេះទៅទៀត គឺការធ្វើពាណិជ្ជកម្មជាមួយប្រទេសថៃ ដែលបងប្អូនប្រជាពលរដ្ឋអាចដឹកទំនិញពីកម្ពុជាទៅថៃ និងដឹកទំនិញពីប្រទេសថៃមកកម្ពុជាវិញ ប្រកបដោយភាពងាយស្រួល សុវត្ថិភាពខ្ពស់ និងចំណាយតិច ព្រោះថាផ្លូវដែកនេះនឹងត្រូវតភ្ជាប់ជាមួយផ្លូវដែកនៃព្រះរាជាណាចក្រថៃ នាពេលខាងមុខដ៏ខ្លីនេះ។មួយផ្នែក ទៀត ផ្លូវនេះបានចូលរួមចុះណែកយ៉ាងសំខាន់ក្នុងការកាត់ បន្ថយការកកស្ទះចរាចរណ៍ គ្រោះថា្នក់ចរាចរណ៍ និងផ្ដល់ការប្រកួតប្រជែងក្នុងវិស័យដឹកជញ្ជូន។
ឯកឧត្ដមទេសរដ្ឋមន្ត្រីបានបន្ថែមថា រាជរដ្ឋាភិបាលដែលដឹកនាំដោយគណបក្សប្រជាជនកម្ពុជា នឹងមានគម្រោងជាច្រើនទៀតក្នុងការធ្វើទំនើបកម្មលើផ្លូវដែកនេះ ដូចជាៈ ការសាងសង់និងជួសជុលស្ថានីយ៍រថភ្លើងព្រមទាំងបំពាក់ស្លាកសញ្ញាសុវត្ថិភាពផ្លូវដែកពីភ្នំពេញ-ប៉ោយប៉ែត ការសាង សង់ទីលានកុងតែន័រផ្លូវដែកនៅស្ទឹងបត់ ការសិក្សាដើម្បីរៀបចំឲ្យមានរថភ្លើងលើអាកាសដំណើរការដោយស្វ័យប្រវត្តិនៅក្នុងក្រុងភ្នំពេញ ការតភ្ជាប់ផ្លូវដែកពីភ្នំពេញទៅកំពង់ផែស្វយ័តភ្នំពេញថ្មី ការតភ្ជាប់ផ្លូវដែកទៅតំបន់សេដ្ឋកិច្ចពិសេសដូចជាពីស្ថានីយ៍ទូកមាសទៅរោងចក្រស៊ីម៉ង់ត៍ចក្រីទីង ពីស្ថានីយ៍វាលរេញទៅកំពង់ផែកែវផុស ការជំរុញឱ្យមានការវិនិយោគផ្លូវដែកភាគខាងជើងភ្នំពេញ- ស្នូល- ស្ទឹងត្រែង ប្រវែង២៤៨គ.ម ការជំរុញឱ្យមានការវិនិយោគផ្លូវដែកពីភ្នំពេញ-សៀមរាប សិរីសោភ័ណ និងការជំរុញឱ្យមានការវិនិយោគផ្លូវដែក តភ្ជាប់ទៅប្រទេសវៀតណាម។