
ហេតុអ្វី..ការដឹកជញ្ជូន បទល្មើសព្រៃ ឈើឆ្លងកាត់សង្កាត់រដ្ឋបាលក្តុលសែនជ័យ បានយ៉ាងរលូនគ្មានការទប់ស្កាត់និងបង្ក្រាប?
កំពង់ឆ្នាំង៖ សេចក្តីរាយការណ៍បានឲ្យ ដឹងថាឈើអាររួច ឬ ឈើឆ្អិន អុសស្ទែរ និងឈើបង្គោលរបង ឈ្មួញបានដឹកចេញ ពីខេត្តពោធិសាត់ ឆ្លងកាត់ដែនសមត្ថកិច្ចសង្កាត់រដ្ឋបាលព្រៃ ឈើក្តុលសែនជ័យ នៃទឹកដីស្រុកទឹកផុស មានការកើនឡើងយ៉ាងសន្ធឹកសន្ធាប់ទាំង យប់ទាំងថ្ងៃ ដោយពុំមានការបង្ក្រាប ឬទប់ស្កាត់ពីសំណាក់សមត្ថកិច្ចជំនាញរដ្ឋបាលព្រៃឈើដែលឈរជើងនៅទីនោះ ដែលមានលោកស្រី សៅ ណារិន ជានាយសង្កាត់ ឲ្យមានប្រសិទ្ធិភាពឡើយ។
ជាក់ស្ដែង នៅវេលាម៉ោង១២និង៤៨ នាទី ថ្ងៃត្រង់ ថ្ងៃទី៣០ខែមេសា ឆ្នាំ ២០២០នេះ ក្រុមអ្នកសារព័ត៌មានយើងបាន ប្រទះឃើញរថយន្តខ្នាតធំប្រភេទភ្លៅ៤ និងប្រភេទផ្លូវ៥ ដឹកអុសឆ្លងកាត់ មុខសង្កាត់រដ្ឋបាលព្រៃឈើក្តុលសែនជ័យយ៉ាងរលូន និងមានគោយន្តដឹកអុស បង្គោលរបង និង ឈើអារឬឈើឆ្អិនឆ្លងកាត់ជាហូរហែរពីព្រឹកដល់យប់ ខណៈគេសង្កេត ឃើញសមត្ថិច្ចជំនាញសង្កាត់រដ្ឋបាលព្រៃឈើក្តុលសែនជ័យដេកយោល អង្រឹងធ្វើព្រងើយ។
យោងតាមប្រភពពីប្រជាពលរដ្ឋដែលធ្វើដំណើរឆ្លងកាត់រៀងរាល់ថ្ងៃ ក៍ដូចជាប្រជាពលរដ្ឋដែលរស់នៅក្បែរសង្កាត់រដ្ឋបាលព្រៃឈើក្តុលសែនជ័យ បានឲ្យ ដឹងថា បាននៅតាមដងផ្លូវដែលមានការដឹកជញ្ជូនឈើជាហូរហែរតែមិនឃើញមានការទប់ស្កាត់ឬបង្ក្រាបពីសំណាក់សង្កាត់រដ្ឋបាលព្រៃឈើក្តុលសែនជ័យឡើយ ដោយគេសង្កេតឃើញ ម្ចាស់គោយន្ត ឬម្ចាស់រថយន្តឈប់រត់ចូលទៅក្នុង រួចរត់ចេញមកវិញឡើងគោយន្តឬរថយន្តដឹកឈើ ដឹកអុសបន្តដំណើរចេញទៅយ៉ាងរលូន ។ ប្រភពបានលើក ឡើងទៀតថាការរត់ចូលរួចរត់ចេញមក វិញនោះគឺដើម្បីបង់លុយឲ្យសមត្ថកិច្ចសង្កាត់រដ្ឋបាលព្រៃឈើក្តុលសែនជ័យ ទើបអាចបន្តដំណើរឆ្លងកាត់ទៅមុខទៀតបានយ៉ាងរលូនបែបនេះ។
ដោយឡែកប្រភពមួយផ្សេងទៀតពីអ្នករកស៊ីដឹកជញ្ជូនឈើ ដឹកអុសតាមរថយន្ត និងគោយន្តបានឲ្យដឹងថាពួកគាត់អាច ដឹកជញ្ជូនឈើឆ្លងកាត់សង្កាត់រដ្ឋបាលព្រៃឈើក្តុលសែន ជ័យនេះបានដោយសារពួកគាត់បានទំនាក់ទំនង និងបង់ថ្លៃបាយថ្លៃទឹកជូនសមត្ថកិច្ចនៅទីនោះរួចហើយទើបអាចឆ្លងកាត់បែបនេះបាន ។
ករណីខាងលើនេះអង្គភាពគេហទំព័រ រស្មីនគររាជ មិនទាន់អាចសុំការបកស្រាយ ណាមួយពីលោកស្រី សៅ ណារិននាយសង្កាត់រដ្ឋបាលព្រៃឈើក្តុលសែនជ័យ នៅឡើយទេ ដោយគ្មានលេខទូរស័ព្ទទំនាក់ទំនង ។
ទោះយ៉ាងណាក្តីព័ត៌មានខាងលើនេះជាសារមួយ និងជាសំណូមពរ ជូនលោក នាយខ័ណ្ឌរដ្ឋបាលព្រៃឈើកំពង់ឆ្នាំងចាត់វិធានការទប់ស្កាត់ និងបង្ក្រាបឲ្យ មានប្រសិទ្ធិភាព ៕





