
ស្ពានឆ្លងកាត់ទន្លនៃគម្រោងក្រវាត់ក្រុងខ្សែទី៣ ជំនួយហិរញ្ញប្បទានសម្បទានពីចិន សាងសង់ជិត១០០%
ស្ពានឆ្លងកាត់ទន្លេបាសាក់ស្ថិតក្នុងគម្រោងសាងសង់ផ្លូវក្រវាត់ក្រុងខ្សែទី៣ សម្រេចការសាងសង់បាន៩៧,២៥%ហើយ គិតរហូតមកទល់ពេលនេះ ក្នុងនោះ ស្ពានឆ្លងកាត់ទន្លេបាសាក់ខាងកើតប្រវែង៦៣០ ម៉ែត្រ សម្រេចបាន៩៥,១០% គ្រោងនឹងបញ្ចប់ នៅខែតុលា ឆ្នាំ២០២១ និងស្ពានឆ្លងកាត់ទន្លេបាសាក់ខាងលិចប្រវែង៣៦៦ម៉ែត្រ សម្រេចបាន៩៩,៤០% គ្រោងបញ្ចប់នៅខែកញ្ញា ឆ្នាំ២០២១។
ផ្លូវក្រវាត់ក្រុងខ្សែទី៣នេះតភ្ជាប់ទៅនឹងផ្លូវទំនប់កប់ស្រូវ ផ្លូវជាតិលេខ៥ និងភ្ជាប់ទៅនឹងស្ពានឈ្នះឈ្នះ និងមហាវិថីឈ្នះឈ្នះ និងផ្លូវជាតិលេខ ៦ ដែលនឹងប្រែក្លាយទៅជាផ្លូវក្រវាត់ក្រុងដ៏ធំ និងទំនើបមួយបម្រើ ឱ្យជាផ្លូវដឹកជញ្ជូន តភ្ជាប់ពីផ្លូវជាតិលេខ៦ ផ្លូវជាតិលេខ៥ ផ្លូវជាតិលេខ៤ ផ្លូវជាតិលេខ៣ ផ្លូវជាតិលេខ២ និងផ្លូវជាតិលេខ២១ ឆ្លងកាត់ទន្លេបាសាក់ (ស្ពានទន្លេបាសាក់ខាងកើត និងខាងលិចកំពុងសាងសង់) ព្រមទាំងកោះអន្លង់ចិន និងតភ្ជាប់ទៅនឹងផ្លូវជាតិលេខ១ ពិសេស តភ្ជាប់ទៅចំណតកំពង់ផែស្វ័យតភ្នំពេញ នៅស្រុកកៀនស្វាយ ក៏ដូចជាការបំពេញឱ្យការតភ្ជាប់ផ្លូវ អាស៊ានហាយវ៉េយ (AH1និងAH11) និងផ្លូវរបៀងសំខាន់ៗ (របៀងកណ្តាល និង របៀងសេដ្ឋកិច្ចភាគខាងត្បូង) របស់មហាអនុតំបន់មេគង្គ។
គម្រោងសាងសង់ផ្លូវនេះគ្រោងចំណាយថវិកាសរុបប្រមាណ ២៦៧,៦៧ លានដុល្លារអាមេរិក ក្រោមហិរញ្ញប្បទានសម្បទានពីរដ្ឋាភិបាលនៃសាធារណរដ្ឋប្រជាមានិតចិន និងថវិកាបដិភាគរបស់រាជរដ្ឋាភិបាលកម្ពុជា អនុវត្តការសាងសង់ដោយក្រុមហ៊ុនសំណង់ Shanghai Construction Group Co., Ltd និងតម្លៃត្រួតពិនិត្យគម្រោង ៥,៣៨ លានដុល្លារអាមេរិក ដោយក្រុមហ៊ុនGuangzhou Wanan Construction Supervision Co., Ltd និងចំណាយរយៈពេលសាងសង់ ចំនួន៤២ខែ ចាប់ពីខែធ្នូ ឆ្នាំ២០១៨ និងបញ្ចប់នៅខែធ្នូ ឆ្នាំ២០២១គួរកត់សម្គាល់ថា ផ្លូវក្រវាត់ក្រុងខ្សែទី៣នេះមានអត្ថប្រយោជន៍ ជួយដល់ការចូលរួមចំណែកកាត់បន្ថយ ការកកស្ទះ និងគ្រោះថ្នាក់ចរាចរណ៍ ដែលធ្លាប់មានកន្លងមក និងជួយសម្រួលដល់ការធ្វើដំណើររបស់ប្រជាពលរដ្ឋក្នុងរាជធានីបន្ថែមទៀត ខណៈពេល ដែលរាជធានីភ្នំពេញ កំពុងត្រូវបានពង្រីកកាន់តែធំទៅៗ ស្របតាមកំណើនប្រជាជន និងការអភិវឌ្ឍ ដែលធ្វើឱ្យចរាចរណ៍យានយន្តគ្រប់ប្រភេទនៅតាមដងផ្លូវជួបប្រទះនូវការកកស្ទះចរាចរណ៍ ជាញឹកញាប់៕
ប្រភពពីក្រសួងសាធារណការនិងដឹកជញ្ជូន



