អ្នកជំនាញសេដ្ឋកិច្ច ថាការហើមនៃប្រាក់រៀលខ្មែរ មិនមែនជាវិច្ឆេទកម្មសេដ្ឋកិច្ចនោះទេ

ភ្នំពេញ ៖ អ្នកវិភាគសេដ្ឋកិច្ច លោកបណ្ឌិត ចន្ទ សុផល បាន ឱ្យដឹងនៅថ្ងៃទី១៤ ខែកញ្ញានេះ ថា ការធ្លាក់ចុះនៃប្រាក់រៀលខ្មែរ គឺដោយសារអំឡុងពេលនេះជារដូវវស្សា ដូច្នេះ សកម្ម ភាព សេដ្ឋកិច្ចកសិកម្មរបស់ប្រជាកសិករនៅតាមទីជនបទមានចំនួនតិច ដែលធ្វើឱ្យតម្រូវការប្រាក់ រៀលមិនសូវមានតម្រូវការ។

លោកបន្ថែមថា ការហើមនៃប្រាក់រៀលខ្មែរ ខណៈដែលអត្រាប្តូរប្រាក់រៀលខ្មែរធៀប នឹងប្រាក់ដុល្លារអាម៉េរិកមានតម្លៃ ពី ៤ពាន់រៀល រហូតដល់ ៤១០០រៀល គិតត្រឹមថ្ងៃទី១៤ នេះ គឺមិនមានផលប៉ះពាល់ ដល់តម្លៃទំនិញនៅលើទីផ្សារនោះទេ។

លោកបញ្ជាក់ថា ការប្រែប្រួលអត្រាប្តូរប្រាក់នៅក្នុងដំណាក់ការនេះ ស្ថិតក្នុងដំណាក់ កាលនេះធនាគារជាតិ មិនទាន់ចាត់វិធានការណ៍ឆ្លើយតបនោះទេ ប៉ុន្តែបើឈានដល់ ៤២០០រៀល ទើបធនាគារជាតិនឹងបញ្ចេញប្រាក់ដុល្លារ ប្រមូលទិញប្រាក់រៀល ដើម្បីទប់ស្កាត់ ការហើមប្រាក់រៀលនៅលើទីផ្សារ។

ដើម្បីចូលរួមលើកកម្ពស់ប្រាក់រៀល កន្លងមកធនាគារជាតិ នៃកម្ពុជាបានជំរុញឱ្យមាន ការប្រើប្រាស់ប្រាក់រៀលឱ្យបានច្រើនតាមរយៈការ ការប្រមូលពន្ធជាប្រាក់រៀលការអនុញ្ញាត ឱ្យស្ថាប័នមីក្រូហិរញ្ញវត្ថុ និងធនាគារមួយចំនួនអាចដកជាប្រាក់រៀលនៅតាមម៉ាស៊ីន អេ.ធី.អឹម (ATM) ជាដើម។

គួរបញ្ជាក់ថា បើតាមការប៉ាន់ស្មានដោយមូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) ប្រចាំកម្ពុជា បានបង្ហាញថា ការប្រើប្រាស់លុយរៀលនៅកម្ពុជានាពេលបច្ចុប្បន្នបានកើនឡើង ក្នុងអត្រា រង្វង់២០ភាគរយ បើធៀបនឹងបរិមាណលុយបរទេសសរុបដែលចរាចរនៅក្នុងសេដ្ឋកិច្ច កម្ពុជា៕