ឯកឧត្តម កែវ រតនៈ នាំយកអំណោយមនុស្សធម៌របស់កាកបាទក្រហមកម្ពុជាមកចែកជូនកម្មករកម្មការិនីរោងចក្រចំនួន៧៨៣នាក់នៅស្រុកក្រគរ


ខេត្តពោធិ៍សាត់៖ ល្ងាចថ្ងៃទី២៣ខែតុលាឆ្នាំ២០២១ ឯកឧត្តម កែវ រតនៈ រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី អគ្គនាយកអគ្គីសនីកម្ពុជា ប្រធានកិត្តិយសសាខាកាកបាទក្រហមកម្ពុជាខេត្តពោធិ៍សាត់ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកក្រគរនិងស្រុកកណ្ដៀង រួមជាមួយឯកឧត្តម ជាវ តាយ អភិបាលនៃគណៈអភិបាលខេត្តនិងជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តពោធិ៍សាត់ បាននាំយកអំណោយមនុស្សធម៌របស់កាកបាទក្រហមកម្ពុជា មកចែកជូនកម្មករកម្មការិនីរោងចក្រចំនួន៧៨៣នាក់នៅស្រុកក្រគរ ក្នុងបរិបទដែលជំងឺកូវីដ១៩កំពុងរីករាលដាលសព្វថ្ងៃនេះ។ ពិធីនេះបានប្រារព្ធធ្វើនៅក្នុងបរិវេណសាលាបឋមសិក្សាពុទ្រាម ស្ថិតក្នុងឃុំអូរសណ្ដាន់ ស្រុកក្រគរ ខេត្តពោធិ៍សាត់ ដោយមានការអញ្ជើញចូលរួមពីលោក លោកស្រី ជាអភិបាលរងខេត្ត មេបញ្ជាការកងកម្លាំងប្រដាប់អាវុធ ប្រធានអនុប្រធានមន្ទីរ និងសមាជិកសមាជិកាសាខាកាកបាទក្រហមមួយចំនួនទៀត។


​បន្ទាប់ពីមតិស្វាគមន៍របស់លោក លីវ សេងហ៊ីម អភិបាលនៃគណៈអភិបាលស្រុក និងជាប្រធានអនុគណៈកម្មការកាកបាទក្រហមកម្ពុជាស្រុកក្រគររួចមក ឯកឧត្តម ជាវ តាយ បានបញ្ជាក់បន្ថែមថា កម្មករកម្មការិនីដែលកំពុងបំរើការងារនៅក្នុងរោងចក្រ សហគ្រាស ក្នុងស្រុកក្រគរនេះមានចំនួន ៥០៣៩ នាក់ ក្នុងនោះរោងចក្រកាត់ដេរតៃអ៊ីហ្ស៊ីចំនួន ៤៨៩២ នាក់ និងរោងចក្រផលិតគ្រឿងអគ្គីសនីចំនួន ១៤៧ នាក់។ ឯកឧត្តមអភិបាលខេត្តបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុនរ៉ានីហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដែលសម្ដេចបានគិតគូរនិងផ្ដល់ភាពកក់ក្ដៅដល់ប្រជាពលរដ្ឋខ្វះខាត និងជនរងគ្រោះគ្រប់ប្រភេទ ដោយឈរលើគោលការណ៍ទាំង០៧ប្រការរបស់កាកបាទក្រហមកម្ពុជា។ ជាក់ស្ដែងថ្ងៃនេះបានផ្ដល់ជាស្បៀងអាហារមកចែកជូនកម្មករកម្មការិនីយើងនៅក្នុងស្រុកក្រគរ ក្នុងកាលៈទេសៈដែលជំងឺកូវីដ១៩កំពុងឆ្លងរាលដាលសព្វថ្ងៃនេះ។ អំណោយមនុស្សធម៌នេះតិចតួចក៍ពិតមែន តែកាកបាទក្រហមកម្ពុជាដែលមានសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុនរ៉ានីហ៊ុនសែន ជាប្រធាន តែងតែយកចិត្តទុកដាក់ចំពោះកម្មករកម្មការិនីនិងប្រជាពលរដ្ឋយើងជាទូទៅ ក្នុងការជួយសម្រាលការលំបាកបានមួយកម្រិតក្នុងពេលជួបការខ្វះខាត។


ឯកឧត្តម កែវ រតនះ បាននាំមកនូវការផ្ដាំផ្ញើរសួរសុខទុក្ខ ដោយក្ដីនឹករលឹកពីសំណាក់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានីហ៊ុន សែន ដែលសម្ដេចទាំងទ្វេបានយកចិត្តទុកដាក់ ខ្វល់ខ្វាយ អំពីសុខទុក្ខនិងជីវភាពរស់នៅរបស់កម្មករកម្មការិនី ក៍បងប្អូនប្រជាពលរដ្ឋយើងគ្រប់ពេលវេលា។ សម្ដេចតេជោបានបន្ថែមប្រាក់ឈ្នួលអប្បបរមាដល់កម្មករនិយោជិកជារៀងរាល់ឆ្នាំ ហើយឆ្នាំ២០២២ខាងមុខនេះ នឹងបន្ថែម០២ដុល្លាទៀត សរុប១៩៤ដុល្លាសហរដ្ឋអាមេរិកក្នុងមួយខែ។ នេះជាការគិតគូរខ្ពស់របស់ប្រមុខរាជរដ្ឋាភិបាល ក្នុងការកាត់បន្ថយភាពក្រីក្ររបស់ប្រជាពលរដ្ឋជាមូលដ្ឋាន។ ឯកឧត្តម កែវ រតនះ មានប្រសាសន៍ថា ដោយសារគោលនយោបាយដ៍ត្រឹមត្រូវរបស់សម្ដេច តេជោ ហ៊ុន សែន ប្រទេសកម្ពុជាយើងបានដើរតួនាទីលេខ១ស្មើនឹងប្រទេសសាំងហ្គាពួរដែរ ក្នុងការចាក់វ៉ាក់សាំងស៊ឹងតែ១០០% ដូច្នេះហើយទើបយើងអាចដំណើរការបើករោងចក្រឡើងវិញនេះ និងឈានទៅបើកសាលារៀនបន្តទៀត។ ឯកឧត្តមសូមឲ្យកម្មករកម្មការិនីខិតខំធ្វើការ ដើម្បីទទួលបានប្រាក់ចំណូលបន្ថែម។ ជាមួយគ្នានេះត្រូវគោរពវិន័យ គោរពច្បាប់ការងារ ចេះស្រលាញ់រាប់អានគ្នា និងមានសេចក្ដីថ្លៃថ្នូរ ក្រោមដំបូលតែមួយនៃសុខសន្តិភាពដែលមានសម្ដេចតេជោ ហ៊ុន សែន ជាប្រមុខ។


អំណោយមនុស្សធម៌របស់កាកបាទក្រហមកម្ពុជា បានចែកជូនដល់កម្មករកម្មការិនីចំនួន៧៨៣នាក់ ដោយក្នុងម្នាក់ៗទទួលបាន៖ អង្ករ២៥គក្រ មី០១កេស ត្រីខ១០កំប៉ុង សាប៊ូក្រអូប ថ្នាំពេទ្យ និងម៉ាស០១ប្រអប់ ៕