
ពិធីប្រកាសបញ្ចូលសមាជិកគណបក្សប្រជាជនកម្ពុជា និងប្រកាសទទួលស្គាល់សកម្មជនយុវជនគណបក្សខេត្តកំពង់ឆ្នាំង
កំពង់ឆ្នាំង: នៅព្រឹកថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២២នេះ នៅទីស្នាក់ការគណបក្សប្រជាជនខេត្តកំពង់ឆ្នាំង រៀបចំពិធីប្រកាសបញ្ចូលសមាជិកគណបក្សប្រជាជនកម្ពុជាចំនួន ១០០នាក់ ដែលជាសិស្សានុសិស្សនៃវិទ្យាល័យព្រះបាទសុរាម្រឹត ក្រុងកំពង់ឆ្នាំង និងប្រកាសទទួលស្គាល់សកម្មជនយុវជនគណបក្សខេត្តចំនួន ៦៩នាក់។
ពិធីខាងលេីនេះ ប្រព្រឹត្តិទៅក្រោមវត្តមានដ៍ខ្ពង់ខ្ពស់ ឯកឧត្តម ស៊ុន សុវណ្ណារិទ្ធ ប្រធានគណបក្សប្រជាជនកម្ពុជាខេត្តកំពង់ឆ្នាំងលោកជំទាវ កែ ច័ន្ទមុនី អ្នកតំណាងរាស្ត្រមណ្ឌលកំពង់ឆ្នាំង លោកជំទាវ ដោក សុទ្ធា ឯកឧត្តម សោម សុផាត ឯកឧត្ដម ម៉ែន ធឿន អនុប្រធានគណបក្សខេត្ត ឯកឧត្ដម លោកជំទាវ សមាជិកគណៈអចិន្ត្រៃយ៍គណបក្សខេត្ត អនុប្រធានក្រុមការងារយុវជនគណបក្សខេត្ត និងសមាជិក សមាជិកាជាច្រើនរូប។
ក្នុងឱកាសនេះ ឯកឧត្តម ស៊ុន សុវណ្ណារិទ្ធ មានប្រសាសន៍ថា សន្តិភាព ស្ថេរភាពនិងការអភិវឌ្ឍ មិនមែនកើតឡើងដោយចៃដន្យទេ គឺកើតចេញពីការបូជា លះបង់របស់យុវជនយើងជំនាន់មុន និងការខិតខំប្រឹងប្រែងពុះពារគ្រប់ឧបសគ្គ ប្រកបដោយផែនការច្បាស់លាស់ និងទស្សនៈវិស័យវែងឆ្ងាយរបស់ថ្នាក់ដឹកនាំគណបក្សប្រជាជនកម្ពុជា ដែលមានសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជាប្រធាន។
ឯកឧត្តមបន្តថា ពាក្យថាសន្តិភាពគឺសាមញ្ញទេ ប៉ុន្តែវាមានអត្ថន័យស៊ីជម្រៅណាស់ ហើយទម្រាំទទួលបានសន្តិភាពនេះគឺមានការលំបាកខ្លាំងណាស់។ សន្តិភាព គឺជាមូលដ្ឋានគ្រឹះនៃការអភិវឌ្ឍ ស្ថិតលើទំនុកចិត្តខ្ពស់ និងពេលវេលាសមរម្យដើម្បីជម្រុញឱ្យមានការអភិវឌ្ឍគ្រប់វិស័យ។ ហើយវាបានបង្កើតឱកាសសម្រាប់កម្ពុជាក្នុងការអភិវឌ្ឍសេដ្ឋកិច្ចជាតិ បង្កើតការងារ បង្កើនប្រាក់ចំណូល ជូនប្រជាជនកម្ពុជា ជាពិសេសយុវជន និងពង្រឹងសេដ្ឋកិច្ចក្រុមគ្រួសារកាន់តែរីកចំរើន និងបានបង្កើតឱកាសសម្រាប់រាជរដ្ឋាភិបាល ដើម្បីធ្វើសមាហរណកម្មចូលក្នុងសហគមន៍អន្តរជាតិ និងទទួលបានការគាំទ្រ កោតសរសើរ និងវាយតម្លៃខ្ពស់ពីសំណាក់បណ្ដាប្រទេសជាច្រើនជុំវិញពិភពលោក។
ឯកឧត្ដម បានលេីកឡេីងបន្តថា ក្នុងនាមជាយុវជនរបស់គណបក្ស យើងត្រូវចូលរួមការពារ ថែរក្សានូវសមិទ្ធិផលនានារបស់គណបក្ស ហើយដើម្បីថែរក្សាសមិទ្ធផលទាំងនេះ យុវជនត្រូវមានទំនុកចិត្ដខ្ពស់ ចូលរួមសហការជាមួយក្រុមការងារគណបក្សគ្រប់លំដាប់ថ្នាក់ឱ្យការងាររបស់បក្សទទួលបាននូវប្រសិទ្ធភាពខ្ពស់ និងគាំទ្រលើការដឹកនាំរបស់គណបក្ស តាមរយៈការបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជានៅក្នុងការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ដអាណត្ដិទី៧ នៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ ខាងមុខនេះ។
ឯកឧត្តម បានលើកទឹកចិត្តដល់យុវជនបក្សត្រូវមានមោទនភាពចំពោះខ្លួនឯង ចំពោះគណបក្ស ការធ្វើការជូនបក្សមិនខុសពីធ្វើការជូនខ្លួនឯងនោះទេ ព្រោះយើងបានចូលរួមនាំមកនូវការអភិវឌ្ឍ និងការពារសន្តិភាពទូទាំងប្រទេស ហើយគោលនយោបាយរបស់បក្សក្លាយជាគោលនយោបាយរបស់រាជរដ្ឋាភិបាល ដែលបាននាំមកនូវសន្តិភាព និងការអភិវឌ្ឍដែលយើងទាំងអស់គ្នាបានឃើញនៅពេលនេះ និងបន្តអភិវឌ្ឍន៍បន្ថែមទៀតនៅពេលអនាគត។





